ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់កំពុងជំរុញឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន Worldbridge Group និងក្រុមហ៊ុន Trip.com Group។
គោលដៅនៃការចុះអនុស្សរណៈនេះ ដើម្បីជំរុញការលក់កញ្ចប់ទស្សនកិច្ចគោលដៅទេសចរណ៍កម្ពុជា នៅក្នុងទីផ្សារចិន និងទីផ្សារអន្តរជាតិផ្សេងទៀត ខណៈភ្ញៀវទេសចរដែលធ្វើដំណើរជាមួយ Trip.com Group សុទ្ធតែភ្ញៀវដែលមានគុណភាព ស្នាក់នៅយូរៗ និងចំណាយច្រើន។
-->

ការណ៍នេះបញ្ជាក់ឱ្យដឹង ក្នុងជំនួបពិភាក្សារវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group និងសហការី នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះ អ្នកឧកញ៉ា សៀ ឫទ្ធី បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីភាពជាដៃគូជាមួយក្រុមហ៊ុន Trip.com Group ជាពិសេសអំពីគម្រោងស្នើសុំចុះអនុស្សរណៈ នៃការយោគយល់រវាងក្រសួងទេសចរណ៍ ក្រុមហ៊ុនWorldbridge Group និងTrip.com Group ដើម្បីជំរុញការលក់កញ្ចប់ទស្សនកិច្ច គោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

លោករដ្ឋមន្ត្រីបានបង្ហាញពីការគាំទ្រ យ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការ លើកស្ទួយវិស័យទេសចរណ៍កម្ពុជា ពីសំណាក់ក្រុមហ៊ុន Worldbridge Group ដែលជាក្រុមហ៊ុនដ៏ធំនៅកម្ពុជា និងក្រុមហ៊ុនTrip.com ដែលជាក្រុមហ៊ុនឈានមុនលើពិភពលោក។
លោកបន្តថា “ប្រសិនបើអនុស្សរណៈនៃការយោគយល់ ត្រូវបានសម្រេចបានមែន នោះកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍នឹងត្រូវពង្រីកឱ្យកាន់តែទូលំទូលាយ ហើយក៏នឹងបង្កើនការទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិ ដែលប្រកបដោយគុណភាពមកកាន់កម្ពុជាបន្ថែមទៀតដែរ”។

អ្នកឧកញ៉ា សៀ ឫទ្ធីបានឲ្យដឹងទៀតថា ភ្ញៀវទេសចរអន្តរជាតិដែលមកតាមរយៈ Trip.com Group សុទ្ធតែជាភ្ញៀវទេសចរដែលប្រកបដោយគុណភាព ដោយក្រុមហ៊ុនមានការរៀបចំឱ្យមានការទស្សនានិងស្នាក់នៅយូរៗ ចំណាយច្រើនៗ ពិសេសក្រៅពីភ្ញៀវទេសចរ ក៏អាចមានវិនិយោគិន ធុរជនផងដែរ។
អ្នកឧកញ៉ា សៀ ឫទ្ធី បន្តថា ប្រសិនបើកម្ពុជាចាប់ដៃគូជាមួយ Trip.com Group បានកាន់តែទូលាយ នោះនឹងកៀរគរផលចំណេញច្រើនដល់វិស័យទេសចរណ៍ វិស័យវិនិយោគ ក៏ដូចជាវិស័យសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ។
Trip.com គឺជាគេហទំព័រធ្វើដំណើរមួយ ឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ទស្សនកិច្ច និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយសម្រាប់ការធ្វើដំណើរជុំវិញពិភពលោក៕