ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា លោកបានស្នើឲ្យផ្នែកឯកជន សិក្សាពីការសាងសង់ស្ពានតភ្ជាប់ពីក្រុងកោះនរា ទៅកាន់ទីក្រុងថ្មី នៅតំបន់អរិយក្សត្រ។
សម្តេចបានថ្លែងបែបនេះ ក្នុងពេលបាននិងកំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការបើកការដ្ឋានសាងសង់ទីក្រុង MEKONG QUAY ដែលស្ថិតនៅភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
សម្តេចបានបន្តថា “ការសាងសង់ស្ពាន ឬផ្លូវក្រោមទឹក នឹងជួយសម្រួលការធ្វើដំណើរកាន់តែងាយស្រូល ហើយបើមានផ្លូវក្រោមទឹកតភ្ជាប់តំបន់ទាំងពីរ នឹងកាន់តែប្រសើរ”។
ជាមួយគ្នានេះ សម្តេចបានស្នើឲ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍នៅតំបន់ភាគខាងកើតរាជធានីភ្នំពេញ ស្របពេលតំបន់នេះ នឹងមានការរីកចម្រើនលឿន និងជាទីក្រុងថ្មីមួយនាពេលអនាគត៕