ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Vnexpress បានចុះផ្សាយថា ទីក្រុងបាងកក រាជធានីរបស់ប្រទេសថៃផ្តល់ជូននូវជម្រើសនៃការជួលទីតាំងស្នាក់នៅក្នុងតម្លៃសមរម្យជាងទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម ដែលខ្វះខាតជម្រើសស្រដៀងគ្នានេះ។
កាសែត Vnexpress បន្តថា ការជួលទីតាំងស្នាក់នៅចំកណ្តាលទីក្រុងបាងកកមានតម្លៃសមរម្យឆ្ងាយណាស់បើប្រៀបធៀបទៅនឹងការជួលទីតាំងស្នាក់នៅចំកណ្តាលទីក្រុងហូជីមិញ ជាពិសេសសង្កាត់ទី១ ឬសង្កាត់ទី៣នៃទីក្រុងហូជីមិញ។
តួយ៉ាង ការជួលបន្ទប់ស្នាក់នៅទំហំ២០ម៉ែត្រការ៉េនៅទីក្រុងបាងកក ដែលមានគ្រឿងបរិក្ខារជាមូលដ្ឋានដូចជាគ្រែ ទូខោអាវ តុ និងម៉ាស៊ីនត្រជាក់មានតម្លៃប្រហែល១៦០ដុល្លារអាមេរិកក្នុងមួយខែ។ លើសពីនេះ ការជួលអាផាតមុិនប្រណីតនៅរាជធានីមួយនេះមានតម្លៃចាប់ពី៥៥០ដុល្លារ ទៅ៨៣០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
-->

ផ្ទុយទៅវិញ ការស្វែងរកទីតាំងស្នាក់នៅនៅចំកណ្តាលទីក្រុងហូជីមិញ ជាបញ្ហាប្រឈម។ ភាពខុសគ្នាដាច់ស្រឡះនៃតម្លៃជាហេតុផលមួយ ដែលធ្វើឱ្យទីក្រុងបាងកក និងប្រទេសថៃទាំងមូលអាចទាក់ទាញភ្ញៀវទេសចរណ៍បរទេសចូលទៅទស្សនារាប់សិបលាននាក់ក្នុងមួយឆ្នាំៗ ព្រោះថា ភ្ញៀវទេសចរណ៍អាចស្វែងរកទីតាំងស្នាក់នៅក្នុងតម្លៃសមរម្យបានយ៉ាងងាយស្រួល។
មនុស្សមួយចំនួនអាចប្រកែកថា ការចំណាយទឹកប្រាក់ចំនួន១៦០ដុល្លារលើការជួលបន្ទប់ស្នាក់នៅទំហំ២០ម៉ែត្រការ៉េនៅទីក្រុងបាងកកជាតម្លៃខ្ពស់ពេកហើយ។ ប៉ុន្តែ ភ្ញៀវទេសចរណ៍ ឬប្រជាជនថៃ អាចជួលបន្ទប់រួមគ្នាជាមួយនរណាម្នាក់ផ្សេងទៀតដើម្បីកាត់បន្ថយការចំណាយបាន។

លើសពីនេះទៀត ប្រាក់ឈ្នួលនៅទីក្រុងបាងកកមានកម្រិតខ្ពស់ជាងនៅប្រទេសវៀតណាម។ តួយ៉ាង បុគ្គលិកហាងតែគុជ (Bubble tea)នៅទីក្រុងបាងកកអាចរកបានប្រាក់ចំណូលប្រហែល៥២០ដុល្លារក្នុងមួយខែ។
ផ្ទុយទៅវិញ វាស្ទើរតែមិនអាចទៅរួចទេក្នុងការស្វែងរកបន្ទប់ជួលទំហំ២៤ម៉ែត្រការ៉េនៅចំកណ្តាលទីក្រុងធំៗដូចជារដ្ឋធានីហាណូយ ឬទីក្រុងហូជីមិញ ដែលមានគ្រែ ពូក ទូខោអាវ ម៉ាស៊ីនត្រជាក់ និងគ្រឿងបរិក្ខារផ្សេងទៀតក្នុងតម្លៃត្រឹមតែ១៦០ដុល្លារក្នុងមួយខែ៕ប្រភព: Vnexpress៕
