ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍កំពុងរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចរបស់កម្ពុជា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យទេសចរណ៍របស់កម្ពុជាកំពុងស្ទុះងើបឡើងវិញនៅឆ្នាំ២០២៤នេះ ដោយក្នុងនោះ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិបានកើនឡើងជាលំដាប់ដល់កម្រិតមុនផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩។

ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសចំនួន៦លាននាក់ កើនឡើង២២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ផ្អែកលើនិន្នាការបច្ចុប្បន្ន កម្ពុជាត្រូវបានព្យាករណ៍ថា នឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ៦,៧លាននាក់គិតត្រឹមចុងឆ្នាំ២០២៤ លើសពីកម្រិតមុនផ្ទុះជំងឺកូវីដ-១៩ ដែលមានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៦,៦លាននាក់ក្នុងឆ្នាំ២០១៩។

នេះជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដែលខិតខំព្យាយាមស្តារវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតសកល។

តើកំណើនវិស័យទេសចរណ៍មានឥទ្ធិពលដូចម្តេចលើសេដ្ឋកិច្ចកម្ពុជា?

ការងើបឡើងវិញនៃវិស័យទេសចរណ៍បានជះឥទ្ធិពលយ៉ាងសំខាន់លើសេដ្ឋកិច្ចកម្ពុជា ដោយរួមចំណែកដល់ការបង្កើតការងារ ការហូរចូលនៃរូបិយបណ្ណបរទេស និងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។

យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ការចំណាយរបស់ភ្ញៀវទេសចរណ៍អន្តរជាតិនៅឆ្នាំ២០២៤នេះ ត្រូវបានគេរំពឹងថា នឹងសម្រេចបានទំហំទឹកប្រាក់លើសពី៥ពាន់លានដុល្លារអាមេរិក ដែលផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មជាច្រើន រួមទាំងបដិសណ្ឋារកិច្ច ការដឹកជញ្ជូន និងការលក់រាយ។

ឥទ្ធិពលជាវិជ្ជមាននៃកំណើនវិស័យទេសចរណ៍ ក៏សរបង្ហាញឱ្យឃើញផងដែរតាមរយៈការកើនឡើងនៃចំនួនសហគ្រាសធុនតូច និងមធ្យម ដែលបម្រើដល់អ្នកដំណើរ ចាប់ពីសណ្ឋាគារ និងភោជនីយដ្ឋាន រហូតដល់ប្រតិបត្តិករទេសចរណ៍ និងហាងសិប្បកម្ម។

ការណ៍នេះ​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​វិស័យ​ទេសចរណ៍​ក្នុងនាមជា​សសរស្តម្ភ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​ជា​កត្តា​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។

តើកម្ពុជាអាចជួបប្រទះបញ្ហាប្រឈម និងមានទស្សនវិស័យដូចម្តេចនាពេលអនាគត?

ស្របពេលដែលតួលេខភ្ញៀវទេសចរណ៍កំពុងកើនឡើង វិស័យទេសចរណ៍របស់កម្ពុជាប្រឈមមុខនឹងបញ្ហាមួយចំនួនដែលត្រូវតែដោះស្រាយ ដើម្បីរក្សាបានសន្ទុះនៃការងើបឡើងវិញ៖

ទី១: ចំនួនភ្ញៀវទេសចរណ៍ច្រើនហួសកម្រិត(Over-tourism)នៅក្នុងគោលដៅសំខាន់ៗ៖ ទីតាំងល្បីៗដូចជាប្រាសាទអង្គរវត្តអាចជួបប្រទះហានិភ័យបែបនេះ ដែលកម្ពុជាចាំបាច់ត្រូវមានវិធានការគ្រប់គ្រងចំនួនអ្នកចូលទស្សនា និងអភិរក្សបេតិកភណ្ឌវប្បធម៌។

និងទី២: ការប្រកួតប្រជែងនៅតំបន់អាស៊ាន៖ កម្ពុជាត្រូវតែបន្តធ្វើឱ្យប្រទេសរបស់ខ្លួនមានលក្ខណៈពិសេសខុសប្លែកពីបណ្តាប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម ដែលផ្តល់នូវភាពទាក់ទាញ និងបទពិសោធន៍ចម្រុះផងដែរ៕ប្រភព: Travel And Tour World៕

LEAVE A REPLY

Please enter your comment!
Please enter your name here