IMFថាសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះនឹងសម្រេចបានកំនើនត្រឹម៦,៨ភាគរយ

0

ដោយនៅ វឌ្ឍនា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃមូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF)បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើនត្រឹម៦,៨ភាគរយ ជាការដើរថយក្រោយមួយខណៈឆ្នាំ២០១៨កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន៧,៥ភាគរយ។

លោក្នុងជំនួបជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយលោក Jarkko Turunenអនុប្រធានការិយាល័យនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក(APD)ដែលបានមកទស្សនកិច្ចកម្ពុជាចន្លោះចាប់ពីថ្ងៃទីទី២៧ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះបានបង្ហាញសុទិដ្ឋិនិយមលើការរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០១៩ និងក្នុងរយៈកាលមធ្យម ដោយប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៨សម្រេចបានក្នុងអត្រា ៧,៥% និងព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាមានអត្រា៦,៨% នៅឆ្នាំ២០១៩ និងក្នុងរង្វង់៧% នៅឆ្នាំ២០២០ និងក្នុងរយៈកាលមធ្យម (២០២១-២០១៤)។ 

មន្រ្តីជំនាញIMF បានបន្តឱ្យដឹងថា អតិផរណាត្រូវបានព្យាករថា នឹងបន្តមានកម្រិតទាបក្នុងរង្វង់៣% ទាំងក្នុងរយៈកាល ខ្លីនិងមធ្យម ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ។ ចំណែកឯទុនបម្រុងអន្តរជាតិ នឹងបន្តរក្សាបានកម្រិតប្រមាណ៥ខែនៃការនាំចេញទំនិញនិងសេវានៃឆ្នាំបន្ទាប់។ ទន្ទឹមនេះវិស័យធនាគារ នឹងបន្តរក្សាបានវឌ្ឍនភាពនិងស្ថិរភាព ជាមួយនឹងនិន្នាការកំណើនឥណទានថយចុះសន្សឹមៗ ក្នុងអត្រាសមស្របទៅនឹងការរីកចម្រើនសេដ្ឋកិច្ច។

ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ លោកស្រីនាវ ច័ន្ទថាណាទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានអះអាងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩នេះ នឹងសម្រេចបានកំនើន៧ភាគរយ ដោយសារការីកចម្រើនវិស័យទេសចរណ៍ កសិកម្ម វាយណភ័ណ្ឌ វិស័យសំណង់ និងអចលនទ្រព្យ និងវិស័យសេវាកម្ម ដែលកំពុងមានការរីកចម្រើននៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here