ក្រុមអ្នកវិនិយោគចិនស្វែងរកឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោកជា វុទ្ឋី បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូវិនិយោគិនចិន តំណាងដោយលោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុងសិនយ៉ាង ខេត្តលាវនីង សាធារណរដ្ឋប្រជាមានិតចិន។

ក្រុមហ៊ុន ចុងខឺប៉ីហ្វាង ជាក្រុមហ៊ុនដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យកសិកម្មជាយូរឆ្នាំមកហើយ។

មានមតិក្នុងជំនួបខាងលើ លោកជា វុទ្ឋីបានសម្តែងនូវការស្វា​គមន៍ជូនចំពោះគណៈប្រតិភូ និងបានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេស កំណើនៃរំហូរវិនិយោគចិនមកកម្ពុជាក្នុងរយៈពេលប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ឆ្នាំ។

លោកបានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។

ជាការឆ្លើយតប លោកស្រី ចូវ ហួយថុង ប្រធានគណៈប្រតិភូបានឲ្យដឹងថា លោកស្រីបានធ្វើការសិក្សា ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមណ២ឆ្នាំមកហើយ។ នៅពេលនេះ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគ ក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។

លោកជា វុទ្ឋីបានបង្ហាញនូវការស្វាគមន៍ ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ហើយបានជម្រាបជូនថា វិស័យកសិកម្មជាវិស័យអាទិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ មួយវិញទៀត កម្ពុជាមានដំណាំយុទ្ធសាស្រ្តជាច្រើន ដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។

លោកអគ្គលេខាធិការ បានជំរុញលើកទឹកឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីច្បាមយកផលចំណេញឱ្យបានឆាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here