ដោយ រ៉ាណេត
កំពត៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា នៅពេលខាងមុខដ៏ខ្លីនេះ ខេត្តកំពតនឹងកាន់តែមានការរីកចម្រើន និងអភិវឌ្ឍកាន់តែខ្លាំង ខណៈដែលពេលបច្ចុប្បន្ននេះ គម្រោងជាច្រើនបាននិងកំពុងអនុវត្តយ៉ាងសកម្ម ជាពិសេសពិសេសកំពង់ផែទឹកជ្រៅ ដែលនឹងជួយជំរុញដល់វិស័យសេដ្ឋយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនផលិតផលរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត។
មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន កាលពីព្រឹកថ្ងៃទី២ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថាកំពត ជាខេត្តមួយដែលមានការអភិវឌ្ឍន៍ក្រោយគេ ប៉ុន្តែនឹងមានភាពរីកចម្រើនខ្លាំងនៅពេលដ៏ខ្លីខាងមុខនេះ។
-->
សម្តេចបន្តថា “ក្រៅពីមានការអភិវឌ្ឍន៍ទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវផ្នល់សំខាន់ៗរបស់ខេត្ត ការបង្កើនសោភ័ណភាព ជាពិសេសមានកំពង់ផែទឹកជ្រៅ ដែលកំពុងដំណើរការសាងសង់នោះ នៅមានបណ្តាក្រុមហ៊ុនជាតិ អន្តរជាតិមួយចំនួនទៀតចូលមកវិនិយោគនៅក្នុងខេត្តមួយនេះ”។
ចំពោះគម្រោងនៃការវិនិយោគនានា របស់ក្រុមហ៊ុនជាច្រើននៅក្នុងខេត្តមួយនេះបច្ចុប្បន្នត្រូវបានមន្ត្រីជាន់ខ្ពស់ ប្រចាំខេត្តបង្ហើបប្រាប់ឱ្យដឹងថា មានក្រុមហ៊ុនជាច្រើន ដែលកំពុងតែព្យាយាម និងសិក្សាលម្អិតពីស្ថានភាពជាក់ស្ដែង នៅក្នុងខេត្តមួយនេះ ជាក់ស្ដែងដូចជា គម្រោងសាងសង់អាគារភ្លោះកម្ពស់៤៥ជាន់ របស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង ជាដើម។
អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ជាវ តាយ ធ្លាប់បានមានប្រសាសន៍ឱ្យដឹងតាមរយៈទូរស័ព្ទកាលពីពេលកន្លងទៅនេះថា បច្ចុប្បន្ននេះមានក្រុមហ៊ុន ចិន កូរ៉េ តៃវ៉ាន់ ជប៉ុន និង ក្រុមហ៊ុនបរទេសជាច្រើនទៀត បានចូលមកស្វែងរកឳកាសវិនិយោគនៅក្នុងខេត្តកំពត ប៉ុន្តែគម្រោងណាមួយជាក់លាក់មិនទាន់ បានចាប់ផ្តើមនៅឡើយទេ។ លោកបន្តថា ពួកគេកំពុងសិក្សា និងស្វែងយល់ពីសក្តានុពលរបស់ខេត្ត ដែលកំពុងមានសក្តានុពលជាច្រើន ដែលបាននិងកំពុងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិ។
លោកបន្តថា “ខ្ញុំគិតថានៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២០ខាងមុខ វិស័យសំណង់ និងអចលនទ្រព្យ នឹងរីកចម្រើនខ្លាំងនៅក្នុងខេត្តនេះ ដោយសារខេត្តកំពតមានសក្តានុពលជាច្រើន” ។លោកបន្តថា “ខេត្តកំពត មានសក្តានុពលជាច្រើន ដោយមានកំពង់ផែទឹកជ្រៅ មានតំបន់សេដ្ឋកិច្ចពិសេស ធនធានធម្មជាតិ និងរមណីយដ្ឋានធម្មជាតិជាច្រើនសម្រាប់បម្រើវិស័យទេសចរណ៍”។
ការពង្រីកផ្លូវជាតិលេខ៣ ដែលមានសួនច្បារកណ្តាល និងអាចឱ្យរថយន្តបើកបរបានពីរគន្លងទៅ ពីរគន្លងមកបាននិងកំពុងជំរុញ និងពង្រីកសក្តានុពលវិនិយោគនៅក្នុង ខេត្តជាប់មាត់សមុទ្រនេះផងដែរ៕