EU បោះទុន១០,៥ពាន់លានដុល្លារ ដើម្បីបាញ់បង្ហោះផ្កាយរណបប្រជែងនឹងផ្កាយរណប Starlink របស់លោកមហាសេដ្ឋី Elon Musk

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សហភាពអឺរ៉ុបបានដាក់ចេញកម្មវិធីអវកាសដ៏មានមហិច្ឆតាក្រោមទុនវិនិយោគចំនួន១០ពាន់លានអឺរ៉ូ (ប្រហែល១០,៥ពាន់លានដុល្លារ) ជាមួយគោលដៅបាញ់បង្ហោះផ្កាយរណបចំនួន២៩០គ្រាប់ ដើម្បីប្រជែងនឹងផ្កាយរណប Starlink របស់មហាសេដ្ឋីលោក Elon Musk។

ការបង្កើតកម្មវិធីនេះមានគោលបំណងធានាសន្តិសុខសម្រាប់រដ្ឋាភិបាលនៃបណ្តារដ្ឋជាសមាជិក EU និងកងទ័ព ស្របពេលមានការកើនឡើងនៃការព្រួយបារម្ភជាសកលលើបញ្ហាសន្តិសុខតាមអុីនធឺណេត។

ក្រុមមន្ត្រី EU បានអះអាងថា ប្រទេសអង់គ្លេសមិនបានធ្វើការស្នើសុំណាមួយដើម្បីចូលរួមជាផ្នែកមួយនៃគម្រោង “IRIS2” នោះទេ។

ការណ៍នេះនឹងពង្រីកគម្លាតផ្នែកសន្តិសុខបន្ថែមទៀតរវាង EU ជាមួយចក្រភពអង់គ្លេស បន្ទាប់ពីអង់គ្លេសបានដកខ្លួនចេញពីសមាជិកភាពរបស់ EU នៅចុងខែមករា ឆ្នាំ២០២០។

IRIS2 ជាគម្រោងដាក់ពង្រាយផ្កាយរណបរបស់សហភាពអឺរ៉ុបនៅឆ្នាំ២០២៧។គម្រោងនេះនឹងផ្តល់សេវាអុីនធឺណេតដល់ភ្នាក់ងាររដ្ឋាភិបាល ក៏ដូចជាសេវាកម្មពាណិជ្ជកម្មដល់អង្គភាពឯកជន ដើម្បីប្រជែងនឹងផ្កាយរណប Starlink របស់សហរដ្ឋអាមេរិក។

សហភាពអឺរ៉ុបបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “នេះជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកអធិបតេយ្យភាព និងការតភ្ជាប់ប្រកបដោយសុវត្ថិភាពរបស់ទ្វីបអឺរ៉ុប”។

ប្រទេសអង់គ្លេសធ្លាប់ជាផ្នែកមួយនៃកម្មវិធីអវកាសរបស់សហភាពអឺរ៉ុប។ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលអង់គ្លេសបានផ្តាច់ទំនាក់ទំនងជាមួយកម្មវិធីនេះ នៅពេលចរចាដកខ្លួនចេញពី EU។

ផ្ទុយទៅវិញ ប្រទេសអង់គ្លេសបានបាញ់បង្ហោះផ្កាយរណបយោធាផ្ទាល់ខ្លួនឈ្មោះ “Tyche” ក្នុងខែសីហា ឆ្នាំ២០២៤។

កាលពីខែវិច្ឆិកា រដ្ឋាភិបាលអង់គ្លេសបានអះអាងទៀតថា ផ្កាយរណបថ្មី “Juno” នឹងត្រូវបានបាញ់បង្ហោះនៅឆ្នាំ២០២៧ ដើម្បីចាប់យករូបភាពពេលថ្ងៃនៃផ្ទៃផែនដីដើម្បីពង្រឹងសមត្ថភាពស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍របស់អង់គ្លេស៕ប្រភព: The Guardian៕

LEAVE A REPLY

Please enter your comment!
Please enter your name here