ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានស្នើតំណាងធនាគារចិន ប្រចាំនៅកម្ពុជាគាំទ្រការប្រើប្រាស់ និងទូទាត់រូបិយប័ណ្ណខ្មែរ (ប្រាក់រៀល) តាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-Payment) ជាពិសេស QR Code ដែលជាមធ្យោបាយទូទាត់សាច់ប្រាក់ដ៏ពេញនិយមនៅក្នុងប្រទេសចិន ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគនៃប្រទេសទាំងពីរ។

-->
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូធនាគារចិន រវាង លោក WANG Bing នាយកប្រតិបត្តិរងនៃធានាគារចិន ប្រចាំទីក្រុងហុងកុង នៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៩ នេះ បានមានប្រសាសន៍ជំរុញតំណាងធនាគារចិន ទទួលយកការទូទាត់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ សម្រាប់សកម្មភាពធុរកិច្ច និងវិនិយោគទ្វេភាគី ជាពិសេសការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅថា E-Commerce ដោយប្រើប្រាស់បច្ចេកវិទ្យា E-Payment និង QR Code ដូចគ្នាជាមួយកម្មវិធីទូរស័ព្ទដៃ WeChat ឬ Alipay ជាដើម។
លោករដ្ឋមន្ត្រីប៉ាន សូរស័ក្តិ បានសំណូមពរ លោក WANG Bing នាយកប្រតិបត្តិរងនៃធានាគារចិន ប្រចាំទីក្រុងហុងកុង ពិនិត្យលទ្ធភាពចូលរួមវិនិយោគសាងសង់ឡសម្ងួត (សៃឡូ) នៅតាមបណ្តាខេត្តសំខាន់ៗ ក្នុងប្រទេសកម្ពុជា ដើម្បីរក្សា ទុកកសិផលក្នុងរយៈពេលយូរ និងផ្ដល់ឥណទានដល់ប្រជាកសិករ ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីពង្រឹងការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផល ដែលមានសក្តានុពលនានា សំដៅបង្កើតតម្លៃបន្ថែម និងធ្វើពិពិធកម្មការនាំចេញ។
លោក WANG Bing បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីកម្ពុជា ដែលបានគាំទ្រប្រតិបត្តិការរបស់ធនាគារចិន នៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជាការប្រើប្រាស់ប្រាក់យ័ន តាមរយៈប្រព័ន្ធធនាគារ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងការបង្កើតការិយាល័យចិនមួយ (Chinese Desk) នៅក្រសួងពាណិជ្ជកម្ម ដើម្បីសម្រួលដល់ធុរជនចិន ក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្ម។ល។
លោកក៏បានណែនាំអំពីសមាសភាពថ្នាក់ដឹកនាំថ្មីរបស់ធនាគារចិន និងបានជម្រាបជូនលោករដ្ឋមន្ត្រី អំពីការរៀបចំយុទ្ធសាស្ត្រមួយចំនួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីប្រទេសចិន មកកាន់ប្រទេសកម្ពុជា ស្របតាមគំនិតផ្តួចផ្តើម «ផ្លូវ និងខ្សែក្រវាត់» របស់លោក ស៊ី ជិនពីងប្រធានាធិបតីចិន៕