ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាស្ថិតនៅភាគពាយ័ព្យនៃខេត្តសៀមរាបបានឈរនៅរៀងទី៣ ក្នុងចំណោមគោលដៅទេសចរណ៍ល្អបំផុតទាំង២២នៅតំបន់អាស៊ីសម្រាប់ទស្សនា។ នេះបើយោងតាមក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Lonely Planet។

ក្រុមហ៊ុនបានលើកឡើងថា ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទៅកាន់តំបន់អាស៊ី ក៏គួរតែអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាមោទនភាពជាតិរបស់កម្ពុជា។
-->
ប្រាសាទបុរាណដ៏ធំល្វឹងល្វើយនេះ ត្រូវបានសាងសង់ឡើងកាលពីជិត៩០០ឆ្នាំមុន ដោយលាតសន្ធឹងលើព្រៃត្រូពិច អមជាមួយនឹងចម្លាក់យ៉ាងល្អប្រណីត និងកំពូលប្រាសាទអង្គរវត្ត។

ភ្ញៀវទេសចរណ៍អាចចំណាយពេលយ៉ាងតិចកន្លះថ្ងៃជាមួយមគ្គុទ្ទេសទេសចរណ៍ ដើម្បីទស្សនា និងស្វែងយល់អំពីវិចិត្រសាលរបស់ប្រាសាទ ដែលរួមមានរូបចម្លាក់អប្សរារាប់ពាន់ត្រូវបានឆ្លាក់លើជញ្ជាំង និងសសររបស់ប្រាសាទ។
ប្រសិនបើលោកអ្នកមានពេលវេលាច្រើន លោកអ្នកអាចទស្សនាប្រាសាទផ្សេងទៀត ដែលស្ថិតនៅក្នុងរមណីយដ្ឋានបុរាណអង្គរទំហំ៤០០គីឡូម៉ែត្រការ៉េ។ នេះបើយោងតាមការលើកឡើងដោយក្រុមហ៊ុន Lonely Planet ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ននៃប្រទេសអូស្ត្រាលី។
រមណីយដ្ឋានបុរាណអង្គរត្រូវបានអង្គការ UNESCO ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក និងត្រូវបានចាត់ទុកថា ជា “ការប្រមូលផ្តុំលក្ខណៈពិសេស ដែលបញ្ជាក់ពីអារ្យធម៌ដ៏អស្ចារ្យ”។
ទីតាំងងផ្សេងទៀត ដែលបានជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ល្អបំផុតនៅតំបន់អាសុីរួមមាន ទីក្រុងហ្លួងព្រះបាងរបស់ប្រទេសឡាវបានឈរនៅលេខរៀងទី១ ខណៈទីក្រុងបាងកករបស់ថៃឈរនៅលំដាប់ទី២។
ចំណែក ទីក្រុង Hoi An របស់ប្រទេសវៀតណាមបានឈរនៅលេខរៀងទី៤ បន្ទាប់ពីប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលឈរនៅលេខរៀងទី៣ ខណៈទីក្រុង Hunza Valley របស់ប្រទេសប៉ាគីស្ថានឈរនៅលេខរៀងទី៥៕
ប្រភព: Lonely Planet៕