ដំណឹងល្អៈធនាគារមួយចំនួនយល់ព្រមកាត់បន្ថយអត្រាការប្រាក់លើការទិញអចលនទ្រព្យ

0

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគូបនីយកម្ម និងសំណង់បានជួបជាមួយថ្នាក់ដឹកនាំសមាគមធ្វើការទាក់ទងនឹងវិស័យអចលនទ្រព្យ និងធនាគារជាច្រើន ដើម្បីរកវិធីសាស្រ្តជម្រុញការរីកចម្រើនវិស័យនេះ

ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអច​ល​នទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិគ្រោះពិភាក្សាការងារ ជាមួយតំណាងធនាគារជាតិនៃកម្ពុជា ធនាគារអេស៊ីលីដា ធនាគារABA, ធនា​គារPPCB, ធនាគារJ Trust, ធនាគារRHB, ធនាគារ First Commercial Bank,  ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្នុងគោលបំណង ស្វែងរកការឯកភាពលើគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈម នៃវិស័យលំនៅឋាន និងអចលនទ្រព្យ ដែលកំពុងមាន ជាពិសេសជួយសម្រួលបន្ទុកហិរញ្ញវត្ថុ ដែលជាកាតព្វ​កិច្ចក្នុងការទិញ-លក់លំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ។

ជាលទ្ធផល តំណាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដែលបានចូលរួមក្នុងកិច្ចពិភាក្សា បានគាំទ្រលើគោលការណ៍នេះ និងឯកភាពមួយចំនួនដូចជា ទី១. គាំទ្រគំនិតផ្តួចផ្តើម ក្នុងការបន្ធូរបន្ថយការប្រាក់លើកម្ចី សម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ មកត្រឹម៨ភាគរយក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់ កាន់តែមានភាពងាយស្រួល ដែលនឹងផ្តល់ឱ្យអតិថិជនក៏ដូចជា ស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។

ទី២ កម្ចីដែលមានការប្រាក់ទាប លើវិស័យអច​ល​នទ្រព្យ នឹងកាត់បន្ថយវិវាទ ដែលកើតឡើងដោ​យ​សារ អតិថិជនគ្មានលទ្ធភាពបំពេញកាតព្វកិច្ច ហើយការអនុវត្តគោលការណ៍ នឹងឈានទៅបញ្ចប់វិវាទបុរី ក៏ដូចជា ការបើកទំព័រថ្មី សម្រាប់ការងើបឡើងនូវវិស័យអចលនទ្រព្យ និងការទិញលក់លំនៅឋាន។

ទី៣. ភាគីទាំងអស់បានឯកភាពថា នឹងបន្តជួបពិភាក្សាលម្អិតលើគោលការណ៍នេះ នៅក្នុងកិច្ចប្រជុំរបស់ក្នុងក្របខ័ណ្ឌ ក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាពេលខាងមុខ ហើយចំពោះគ្រឹះស្ថានហិរញ្ញវត្ថុណា ដែលមានលទ្ធភាពអនុវត្តបាន នឹងចាប់ផ្តើមអនុវត្តគោលការណ៍ថ្មីនេះជាបណ្តើរៗ។

កិច្ចប្រជុំពិគ្រោះយោបល់នេះ មានសារសំខាន់ក្នុងការកំណត់ យន្តការសម្រួលដល់ដំណើរការ និងសុវត្ថិភាព របស់ឧស្សាហកម្មអចលនទ្រព្យ ដែលជាប្រភពផ្តល់នូវឱកាសការងារ និងកម្រៃជូនប្រជាជនបានយ៉ាងច្រើន ជាពិសេសសម្របសម្រួលរកដំណោះស្រាយជាក់ស្តែង សម្រាប់បងប្អូនប្រជាជនមានលំនៅឋានសមរម្យ ជីវភាពល្អប្រសើរ បន្តរក្សានូវបរិយាកាស គ្មានវិវាទនៅក្នុងសង្គម ធានាដល់ដំណើរការឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី និងឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជាជារួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here