ចំណេះដឹង​! តើ​ពន្ធ​ប្រថាប់ត្រា​លើ​អចលនទ្រព្យ​ត្រូវ​កំណត់​អត្រា​ប៉ុន្មាន​ភាគរយ​?

0

ដោយ​ វុត្ថា

ភ្នំពេញ​៖ ពន្ធ​ប្រថាប់ត្រា​ គឺជា​ពន្ធ​ដែល​ជាទូទៅ​នៅ​ប្រទេស​កម្ពុជា​ រដ្ឋ​ប្រមូល​ចំពោះ​ការផ្ទេរ​កម្ម​សិទ្ធ​អចលនទ្រព្យ​ ឬយាន​យន្ដ​គ្រប់​ប្រភេទ​។ ហើយ​អ្នកជាប់ពន្ធ​ត្រូវ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ និង​បង់ពន្ធ​ប្រថាប់ត្រា​ឱ្យ​បាន​ចប់​សព្វគ្រប់​ក្នុងរយៈពេល៣ខែ​។

ពន្ធ​ប្រថាប់ត្រា​នេះ​ត្រូវ​កំណត់​តាម​អត្រា៤​% ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ ឬ ការ​ការផ្ទេរ​សិទ្ធិ​កាន់កាប់​ដី​ ដែល​គ្មាន​សំណង់​ក្រោម​រូបភាព​ជា​ការ​លក់​ ការដោះដូរ​ ការ​ទទួលអំណោយ​ ការ​ដាក់​ភាគទុន​ក្រុមហ៊ុន​។

អត្រាពន្ធ​ និង​ការកំណត់​ពន្ធ​ប្រថាប់ត្រា​ មាន​ដូច​ខាងក្រោម​៖

១. 4% នៃ​តម្លៃ​អចលនទ្រព្យ​ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ជា​សំណង់​ ឬ/និង​ដី​ ឬការ​ដាក់​ភាគហ៊ុន​ជា​អចលនទ្រព្យ​ក្នុង​ក្រុមហ៊ុន​។

២. 4% នៃ​តម្លៃ​មធ្យោបាយ​ដឹកជញ្ជូន​ឬយាន​យន្ដ​ ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​មធ្យោបាយ​ដឹកជញ្ជូន​ឬយាន​យន្ដ​គ្រប់​ប្រភេទ​។

៣. 0.1​% នៃ​តម្លៃ​ភាគហ៊ុន​ ចំពោះ​ការផ្ទេរ​ចំណែក​ណាមួយ​ ឬទាំងស្រុង​នៃ​ភាគហ៊ុន​ ឬការ​រំលាយ​ក្រុមហ៊ុន​បញ្ចូល​គ្នា​។

៤. 0.1​% នៃ​តម្លៃ​ចុះ​កិច្ចសន្យា​ចំពោះ​កិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ​ ឬសេវា​ ដែល​ប្រើប្រាស់​ថវិការដ្ឋ​។

៥. 1 លាន​រៀល​ ចំពោះ​លិខិត​មាន​លក្ខណៈ​គតិ​យុត្ត​ ៣ប្រភេទ​គឺ​ លិខិត​ស្ដីពី​ការបង្កើត​ក្រុមហ៊ុន​ លិខិត​ស្ដីពី​ការ​បិទ​ក្រុមហ៊ុន​ និង​លិខិត​ស្ដីពី​ការ​រំលាយ​ក្រុមហ៊ុន​បញ្ចូល​គ្នា​។

ពន្ធ​ប្រថាប់ត្រា​ត្រូវ​បាន​បង់​ដោយ​អ្នកទទួល​កម្មសិទ្ធិ​ ទទួល​សិទ្ធិ​កាន់កាប់​ដីធ្លី​ដែល​គ្មាន​សំណង់​ គិតជា​សមាមាត្រ​ លើ​តម្លៃពិត​ប្រាកដ​នៃ​ទ្រព្យសម្បត្តិ​ នា​ថ្លៃ​ផ្ទេរ​កម្មសិទ្ធិ​និង​សិទ្ធិ​កាន់កាប់​។ ប៉ុន្តែ​ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​ រដ្ឋមន្ត្រី​ក្រសួង​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​អាច​កំណត់​តម្លៃ​ សម្រាប់​រយៈកាល​នី​មួយ​ៗ ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការ​គិត​គួរ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here