ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារពត៌មាន Reuters បានរាយការណ៍ថា ខ្សែកាបអុបទិកក្រោមបាតសមុទ្រថ្មីមួយ ដែលតភ្ជាប់ប្រទេសជប៉ុនទៅកាន់ប្រទេសសិង្ហបុរី និងមានខ្នែងតភ្ជាប់ទៅកាន់បណ្តាប្រទេសអាស៊ីផ្សេងទៀត បានត្រៀមរួចរាល់ដើម្បីដាក់ឱ្យដំណើរការឆាប់ៗនេះ។
ក្រុមហ៊ុនទូរគមនាគមន៍ Viettel ដែលគ្រប់គ្រងដោយយោធាវៀតណាមបានអះអាងថា គម្រោងខ្សែកាបឈ្មោះ “Asia Direct Cable” (ADC) ដែលបានស្ថិតក្រោមការអភិវឌ្ឍន៍ជាច្រើនឆ្នាំ ត្រូវបានសម្ពោធកាលពីពេលថ្មីៗនេះនៅទីក្រុងហាណូយ។
លោក Tomonori Uematsu អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន NEC ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន បានលើកឡើងថា ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ADC នឹងគាំទ្រដល់បណ្តាញបញ្ជូនអុីនធឺណេតកាន់តែច្រើននៅក្នុងតំបន់។
-->
ខ្សែកាបក្រោមបាតសមុទ្រថ្មីនេះនឹងមានខ្នែងតភ្ជាប់ទៅកាន់បណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាសុី រួមមានប្រទេសថៃ ប្រទេសវៀតណាម ទីក្រុងហុងកុង ប្រទេសចិន និងប្រទេសហ្វីលីពីន។

ក្រៅពីក្រុមហ៊ុនទូរគមនាគមន៍ Viettel ខ្សែកាបចម្ងាយ១០.០០០គីឡូម៉ែត្រនេះក៏ត្រូវបានចូលរួមអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនជាច្រើនផ្សេងទៀត រួមមាន ក្រុមហ៊ុន China Telecom Global ក្រុមហ៊ុន China Telecom Corporation និងក្រុមហ៊ុន China Unicom។
ចំណែក ក្រុមហ៊ុន Singtel ក្រុមហ៊ុន TATA Communications ក្រុមហ៊ុន National Telecom ធនាគារ SoftBank និងក្រុមហ៊ុន PLDT ក៏បានចូលរួមការអភិវឌ្ឍន៍ខ្សែកាប ADC ផងដែរ។
គម្រោងខ្សែកាប“Asia Direct Cable”នឹងក្លាយជាខ្សែកាបក្រោមបាតសមុទ្រទី៦របស់ប្រទេសវៀតណាម ខណៈប្រទេសនេះគ្រោងនឹងស្ថាបនាខ្សែកាបក្រោមសមុទ្រឱ្យបានសរុបចំនួន១៥ខ្សែនៅត្រឹមឆ្នាំ២០៣០ខាងមុខ៕ប្រភព: Reuters៕
