ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានអះអាងថា ការទាញយកដំណក់ប្រេងដំបូងរបស់កម្ពុជានឹងអាចសម្រេចបាននៅចុងឆ្នាំនេះ តែការធ្វើពាណិជ្ជកម្មប្រេងដែលទាញចេញពីតំបន់ប្លុកអេនេះនឹងរង់ចាំដល់ឆ្នាំ២០២០ខាងមុខ។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោកជៀប សួរបានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា មន្ត្រីជំនាញរបស់ក្រសួងទើបបានប្រជុំជាមួយក្រុមការងាររបស់ ក្រុមហ៊ុន KrisEnergy ដើម្បីពិនិត្យមើលការងាររបស់ក្រុមហ៊ុន ដែលសម្រេចបានថ្មីៗ និងផ្ទៀងផ្ទាត់នឹងផែនការក្នុងការឈាន ដល់ការទាញយកតំណក់ប្រេងលើកដំបូង។ លោកបន្តថា សកម្មភាពការងារ បានឆ្លើយតបនឹងផែនការដែលអាចធ្វើឱ្យ សកម្មភាពទាញយកដំណក់ប្រេងឆៅជាលើកដំបូង នឹងធ្វើឡើងនៅចុងឆ្នាំ២០១៩នេះតាមការគ្រោងទុក។
-->
ទោះជាយ៉ាងណាលោកបញ្ជាក់ថា “ការធ្វើពាណិជ្ជកម្មពីផលិតកម្មប្រេងរបស់ក្រុមហ៊ុននេះនឹងអាចត្រូវ រង់ចាំរហូតឆ្នាំ ២០២០ខាងមុខ”។ លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីឈានដល់ការផលិតប្រេង បានរៀបចំរួចច្រើនហើយអ៊ីចឹងហើយ តាមតារាងពេលវេលា [ក្រុមហ៊ុន KrisEnergy] នឹងអាចផលិតតំណក់ប្រេងដំបូងនៅចុងឆ្នាំ ២០១៩ ហ្នឹង”។
លោក ជៀប សួរ ហេដ្ឋារចនាសម្ព័ន្ធដើម្បីដំណើរការទាញយកប្រេងសម្រាប់ផលិតកម្មមានកត្តា៤សំខាន់ៗ។ កត្តាទាំងនោះរួមមានទី ១ ផ្លេតហ្វមក្បាលអណ្តូង (ជាបណ្តាញដើម្បីភ្ជាប់ពីមាត់អណ្តូងទៅក្នុងអណ្តូង) ទី ២ គឺការធ្វើ Drilling Rig (ម៉ាស៊ីនសម្រាប់ភ្ជាប់ទៅផ្លេតហ្វម ដើម្បីធ្វើការខួងអណ្តូងដើម្បីយកប្រេងមក)។ ទីបី Production Barge (ជាកប៉ាល់មានម៉ាស៊ីនសម្រាប់ធ្វើផលិតកម្មញែកប្រេង ទឹក ឧស្ម័នចេញដើម្បីញែកយកប្រេងឆៅ) និង floating production storage and offloading (កប៉ាល់សម្រាប់ស្តុក និងបញ្ជូនប្រេងចេញលក់)។
ក្រុមហ៊ុន KrisEnergy បានជ្រើសរើសក្រុមហ៊ុនជំនាញរួចហើយ សម្រាប់ធ្វើកិច្ចការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធទី១ ទី២ និងទី៣ ខណៈ កំពុងបើកឱ្យមានការដេញថ្លៃសម្រាប់ដំណាក់កាលទីបួនដែលរំពឹងថា នឹងជ្រើសបានក្នុងពេលឆាប់ៗ។
ទោះជាយ៉ាងណារដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែមធ្លាប់បានមានប្រសាសន៍ថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងទទួលបាននៅដំណាច់ឆ្នាំ២០១៩នេះ។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន KRISENERGY កន្លងមកបានបង្ហាញថា ការទាញយកប្រេងនៅតំបន់ប្លុកអេរបស់កម្ពុជា អាចទទួលបានបរិមាណប្រេង៣ម៉ឺនបារ៉ែលនៅក្នុងមួយថ្ងៃ៕