ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ជាអ្នកជំនាញជើងចាស់ ពីភ្នាក់ងារធម្មតា រហូតក្លាយជាអ្នកអភិវឌ្ឍន៍លេចធ្លោមួយរូប លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានអះអាងថា ឆ្នាំ២០២៥ ជាពេលវេលាល្អសម្រាប់វិនិយោគលើដីធ្លី។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៣ ធ្នូកន្លងមកថា ស្ថានភាពក្នុងវិស័យអចលនទ្រព្យ ពិសេសដីធ្លីបានធ្លាក់ដល់ចំណុចបាតទៅហើយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យតម្លៃដីធ្លីបានធ្លាក់ចុះទាប។ ហេតុនេះ ការវិនិយោគលើវិស័យដីធ្លីជាពេលល្អ ព្រោះបើរង់ចាំដល់ឆ្នាំ២០២៦ ២០២៧តម្លៃដីនឹងកើនឡើង អ្នកណាក៏ទិញ វាមិនមានឱកាសរកផលចំណេញបានច្រើននោះទេ។
-->
លោកឧកញ៉ាបានពន្យល់ថា នៅពេលលោកដូណាល់ ត្រាំជាប់ឆ្នោត លោកបានប្រកាសពីការបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែននិងសង្រ្គាមរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ហេតុនេះ ពិភពលោកនឹងមិនមានបញ្ហាអ្វីទៀតនោះទេ។ ចំណែកស្ថានភាពក្នុងស្រុក មានអ្នកមានច្រើនណាស់ បានយកលុយទៅដាក់ធនាគារ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយពួកគេទទួលបានអត្រាការប្រាក់ល្អ ប៉ុន្តែថ្មីៗនេះ ធនាគារនានាបានបញ្ចុះអត្រាការប្រាក់បញ្ញើរមកនៅទាប។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ហេតុនេះ បើះអត្រាការប្រាក់ពីធនាគារផ្តល់ជូនអតិថិជន ឬអ្នកដាក់ប្រាក់បញ្ញើរមានចន្លោះពី៤ទៅ៥ភាគរយ នឹងមានអ្នកយកប្រាក់មកទិដីធ្លីឡើងវិញច្រើន ទោះជាអត្រាកំណើនតម្លៃដីធ្លីមិនខ្ពស់ជាងមុន តែមានអត្រាចំណេញច្រើនជាងយកប្រាក់ទុកនៅធនាគារ។

លោកបញ្ជាក់ថា “បញ្ហាក្នុងទីផ្សារដីធ្លី និងអចលនទ្រព្យដទៃទៀត មិនមែនរឿងទុន ឬកង្វះសាច់ប្រាក់ទេ តែបញ្ហាគឺទំនុកចិត្តនៅក្នុងទីផ្សារ”។លោកបន្ថែមថា “ទីផ្សារដីធ្លីនៅឆ្នាំ២០២៥ នឹងមានភាពប្រសើរ ហើយវាជាឱកាសដែលអ្នកវិនិយោគ គួរចាប់យកឲ្យបានទាន់ពេលវេលា ព្រោះដីធ្លីនៅមាមតម្លៃល្អ និងអាចចចារបានជាមួយម្ចាស់ដី”។
តាមការសិក្សារបស់ក្រុមហ៊ុនអន្តរជាតិមួយបានបង្ហាញថា តម្លៃដីធ្លីនៅកម្ពុជាក្នុងចន្លោះឆ្នាំ២០២៣ ២០២៤ បានធ្លាក់ចុះក្នុងរង្វង់ជិត៤០ភាគរយ៕
