ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអាជីវកម្មណាមួយលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយជូនភ្ញៀវទេសចរធ្វើឱ្យខូចនូវភាពជឿជាក់ពីសំណាក់ភ្ញៀវទេសចរ ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងកិត្យានុភាពរបស់ជាតិ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងនៅក្នុងបើកសន្និបាតផ្ទៃក្នុងក្រសួង ដើម្បីបូកសរុបការងារប្រចាំឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅបន្តនៅត្រីមាសទី២ និងទី៣ ឆ្នាំ២០១៩ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជា និងជំរុញណែនាំដល់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត អគ្គាធិការដ្ឋាននៃក្រសួងទេសចរណ៍ (ផ្នែកអធិការកិច្ច) សហការជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការលក់វត្ថុអនុស្សាវរីយ៍ ឬផលិតផលក្លែងក្លាយ ពិសេសសហការជាមួយក្រសួងពាណិជកម្ម ក្នុងការត្រួតពិនិត្យមូលដ្ឋានអាជីកម្មលក់គ្រឿងអលង្កា ដើម្បីលុបបំបាត់បញ្ហាដ៏អាក្រក់នេះ។
លោករដ្ឋមន្ត្រីថា «ធ្លាប់មានករណីភ្ញៀវទេសចរបានទិញទំនិញពីកម្ពុជា ក្រោយមកក៏ដឹងថា ជាគ្រឿងអលង្ការក្លែងក្លាយ ហើយពួកគេក៏បានប្ដឹងមកក្រសួងការបរទេសយើង តាមរយៈស្ថានទូតគេនៅកម្ពុជា ហើយករណីថ្មីៗនេះ មានការប្តឹងផ្ទាល់ មកអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ហើយ ACU បានដាក់លិខិតមកក្រសួងទេសចរណ៍»។
លោករដ្ឋមន្ត្រីក៏បានទទូចដល់ភាគីពាក់ព័ន្ធផងដែរ សូមចូលរួមយកចិត្តទុកដាក់ចំពោះបញ្ហានេះ ពិសេសឯកឧត្តមបានស្នើថា បើរកឃើញមូលដ្ឋានអាជីវកម្មណាលក់ របស់របរក្លែងក្លាយជូនភ្ញៀវទេសចរ សូមមេត្តាចាត់ការតាមនីតិវិធីច្បាប់ភ្លាមៗ។
គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមធ្វើយ៉ាងណាធានាថា គ្រប់គោលដៅទេសចរណ៍របស់កម្ពុជា មានការទទួលបដិសណ្ឋារកិច្ចល្អប្រសើរជូនភ្ញៀវទេសចរ គ្មានការក្លក់ទំនិញក្លែងក្លាយដូចករណីខ្លះៗដែលបានកើតឡើងមកនេះ ដើម្បីស្របតាមការប្រសិទ្ធនាមរបស់រាជរដ្ឋាភិបាលថា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ»៕