ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិMUFG បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យបៀលប្រាយ (សាខាបាត់ដំបង)ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងជំរុញការអប់រំ បរិយាប័ន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងផ្តល់សិទ្ធិអំណាចដល់អ្នកជំនាញជំនាន់ក្រោយ។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ហត្ថា នឹងរីករាយជាមួយការបញ្ចុះតម្លៃថ្លៃសិក្សាពិសេសសម្រាប់កម្មវិធីអប់រំរបស់សាកលវិទ្យាល័យបៀលប្រាយ។ តាមរយៈថ្លៃសិក្សាសមរម្យ និងមានឱកាសទទួលបានការសិក្សាច្រើនជាងមុន ស្ថាប័នទាំងពីរមានគោលបំណងពង្រឹងធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើឱ្យពួកគេទទួលបាននូវជំនាញសំខាន់ៗសម្រាប់កម្លាំងពលកម្មនាពេលបច្ចុប្បន្ននេះ។
-->
លោក ស៊ាន ធនិន អគ្គនាយកលក់ និងចែកចាយនៃធនាគារ ហត្ថា បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូ ដោយបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រដល់ការអប់រំ ការផ្តល់អំណាចដល់យុវជន និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ តាមរយៈការសហការជាមួយសាកលវិទ្យាល័យបៀលប្រាយ យើងកំពុងជួយអតិថិជនទទួលបានឱកាសថ្មីសម្រាប់ការរីកចម្រើនរបស់ពួកគេ ទទួលបានសេវាហិរញ្ញវត្ថុសំខាន់ៗ ព្រមទាំងត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត”។
លោក គក គឹម នាយកសាកលវិទ្យាល័យបៀលប្រាយ(សាខាបាត់ដំបង) បានចែករំលែកនូវអារម្មណ៍ស្រដៀងគ្នា ដោយកត់សម្គាល់ថា “កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលជាវិជ្ជមានយូរអង្វែងដល់និស្សិត និងសហគមន៍ទាំងមូលរបស់យើង។ តាមរយៈការចាប់ដៃគូជាមួយធនាគារ ហត្ថា យើងកំពុងត្រួសត្រាយផ្លូវសម្រាប់ពួកគេដើម្បីទទួលបានការអប់រំប្រកបដោយគុណភាព បទពិសោធក្នុងវិស័យហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុ ដែលជាធាតុសំខាន់ៗនៃការអភិវឌ្ឍធនធានមនុស្ស។ យើងជឿជាក់ថា ភាពជាដៃគូនេះនឹងជំរុញឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមសម្រាប់កម្ពុជា”។

សរុបមក ភាពជាដៃគូនេះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការជំរុញការអប់រំ បរិយាប័ន្នហិរញ្ញវត្ថុ និងកំណើនធនធានមនុស្ស។ បន្ថែមពីលើនេះទៀត កិច្ចសហការនេះ ពង្រឹងទំនាក់ទំនងរវាងការអប់រំ និងវិស័យហិរញ្ញវត្ថុ ដោយធានាថាសហគមន៍កាន់តែទូលំទូលាយជាងមុន ទទួលបានអត្ថប្រយោជន៍ពីិកិច្ចសហប្រតិបត្តិការរួមគ្នាទាក់ទងនឹងការអប់រំ បទពិសោធការងារជាក់ស្តែង និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។
អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែលទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ អគារការិយាល័យកណ្តាលថ្មីនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធហិរញ្ញវត្ថុប្រកបដោយភាពរលូន និងមានភាពងាយស្រួល ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនទាំងអស់។
សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។
