ដោយ វល័ក្ខ
ភ្នំពេញ៖ ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានកាន់តំណែងជាកំពូលមហាសេដ្ឋីលេខ១ លំដាប់ពិភពលោក ជាប់ៗគ្នាជាច្រើនឆ្នាំ ប៉ុន្តែនៅចុងឆ្នាំ ២០១៨ លោកបានធ្លាក់មកនៅត្រឹមលេខ២វិញ ក្រោមស្នាដៃរបស់លោក Jeff Bezos ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញអនឡាញយក្សអាមេរិក Amazon។
ថ្មីៗនេះទស្សនាវដ្ដី Forbes ដ៏ល្បីរបស់សហរដ្ឋអាមេរិក បានចេញផ្សាយនូវតារាងកំពូលមហាសេដ្ឋីប្រចាំឆ្នាំ ២០១៩ ដោយឆ្នាំនេះ កំពូលមហាសេដ្ឋីនៅក្នុងពិភពលោកបានកើនឡើងដល់ ២១៥៣រូប។
-->
នាពេលនេះគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច propertyarea.asia បាននាំយកកំពូលមហាសេដ្ឋកិច្ចលំដាប់ពិភលោកទាំង ១០រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ មកបង្ហាញជូនប្រិយមិត្តអ្នកអាន អមជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគាត់ខ្លះៗផងដែរ។
១០) លោក Larry Page

ជាសហស្ថាបនិកក្រុមហ៊ុន Google ដែលបានបង្កើតក្រុមហ៊ុនមួយនេះឡើងកាលពីឆ្នាំ ១៩៩៨ ជាមួយនឹងលោក Sergey Brin មិត្តរួមថ្នាក់នៅមហាវិទ្យាល័យជាមួយ។ Page គឺជានាយកប្រតិបត្តិក្រុមហ៊ុន Google ដំបូងគេ និងបានលាឈប់ពីតំណែងមួយនេះ ដោយទៅកាន់ជាប្រធានផលិតផលវិញ តែក្រោយមក នៅឆ្នាំ ២០១១ លោកបានឡើងកាន់តំណែងជានាយកប្រតិបត្តិម្ដងទៀត ដើម្បីបង្រឹកការងារក្រុមហ៊ុន Google ឡើងវិញ ក្រោយពីលោកមើលឃើញថា ស្ថានភាពក្រុមហ៊ុនហាក់មិនស្រួល។ បច្ចុប្បន្នលោក Page មានទ្រព្យសម្បត្តិគិតជាលុយ ៥០.៨ពាន់លានដុល្លារអាមេរិក។
៩) លោក Michael Bloomberg

ជាកំពូលមហាសេដ្ឋីវ័យចំណាស់ ដែលបានបង្កើតក្រុមហ៊ុនផ្សព្វផ្សាយ និងហិរញ្ញវត្ថុ Bloomberg LP កាលពីឆ្នាំ ១៩៨១ ដោយបច្ចុប្បន្នត្រូវបានគេស្គាល់ឈ្មោះថា Bloomberg.com។ លោក Bloomberg មានទ្រព្យសម្បត្តិគិតជាលុយ ៥៥.៥ពាន់លានដុល្លារអាមេរិក នេះបើគិតត្រឹមពាក់កណ្ដាលខែមីនា។ មហាសេដ្ឋីរូបនេះត្រូវបានគេដឹងថា ជាកំពូលមនុស្សធម៌ និងជាមនុស្សដែលចូលចិត្តចូលរួមក្នុងការងារសង្គម ជាពិសេសគឺមូលនិធិ និងការបរិច្ឆាគ។
៨) លោក Mark Zuckerberg

មិនត្រឹមតែជាកំពូលមហាសេដ្ឋីដែលជាប់ចំណាត់ថ្នាក់លេខ៨ប៉ុណ្ណោះទេ លោកថែមទាំងជាកំពូលមហាសេដ្ឋីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ ស្ថាបនិកបណ្ដាញសង្គមយក្ស Facebook រូបនេះ បានចាប់ផ្ដើមបង្កើត Facebook ឡើងនៅឆ្នាំ ២០០៤ និងបានដាក់លក់ភាគហ៊ុន (IPO) នៅខែឧសភា ឆ្នាំ ២០១២ ដោយបានលុយរាប់ពាន់លានដុល្លារ ។ យោងតាមរបាយការណ៍ លោក Mark Zuckerberg មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Facebook ចំនួន ១៥% ហើយបច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិគិតជាលុយ ៦២.៣ពាន់លានដុល្លារអាមេរិក។
០៧) លោក Larry Ellison
/Larry-Ellison-56cb1fc25f9b5879cc535f0a.jpg)
ជាម្ចាស់ក្រុមហ៊ុន Software ដ៏ធំគឺ Oracle ដោយបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៧ និងបច្ចុប្បន្នកំពុងតែរីកចម្រើនយ៉ាងខ្លាំងព្រោះកម្មវិធីដែលក្រុមហ៊ុនរបស់លោកបានបង្កើតគឺបានជួយសម្រួលដល់ការងារក្រុមហ៊ុនដទៃទៀតជាច្រើន។ បុរសវ័យចំណាស់ដែលមានទ្រព្យគិតជាលុយ ៦២.៥ពាន់លានដុល្លាររូបនេះ បានបោះចោលតំណែងជានាយកប្រតិបត្តិ Oracle កាលពីឆ្នាំ ២០១៤ ប៉ុន្តែលោកទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានផ្នែកបច្ចេកវិទ្យាវិញ។
០៦) លោក Amancio Ortega

ជាបុរសវ័យចំណាស់ និងជាកំពូលមហាសេដ្ឋីមួយរូបដែលមានឈ្មោះល្បីល្បាញនៅតំបន់អឺរ៉ុប ដែលប្រភពចំណូលធំរបស់លោកបានមកពីការលក់ទំនិញ និងផលិតផលខាង Fashion ដែលមានម៉ាកដូចជា Inditex, Zara ជាដើម។ បើនិយាយពីទ្រព្យសម្បត្តិគិតជាលុយដែលគាត់មាន ត្រូវបានទស្សនាវដ្ដី Forbes ចេញផ្សាយថា មានរហូតដល់ ៦២.៧ពាន់លានដុល្លារអាមេរិក។
០៥) លោក Carlos Slim Helu

ជាកំពូលមហាសេដ្ឋីម៉ិចស៊ីកូ ឬកំពូលមហាសេដ្ឋីទូរគមនាគមន៍។ គាត់មានក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទដ៏ធំមួយនៅអាមេរិកឡាទិនគឺ America Movil។ ក្រៅពីនេះគាត់រកស៊ីខាងវិស័យផ្សេងៗទៀតដូចជា សំណង់ ទំនិញហូបចុក រ៉ែ អចលនទ្រព្យ ហើយជាពិសេសគឺគាត់មានភាគហ៊ុននៅក្នុងក្រុមហ៊ុនកាសែតដ៏ល្បីគឺ The New York Times ចំនួន ១៧%។
០៤) លោក Bernard Arnault

បើនិយាយពីលុយវិញ បុរសម្នាក់នេះមានរហូតដល់ ៧៦ពាន់លានដុល្លារអាមេរិក។ គាត់គឺជាម្ចាស់ក្រុមហ៊ុន Fashion ដ៏ល្បី ដូចជា Louis Vuitton និង Sephora ជាដើម។ មនុស្សភាគច្រើនបានហៅគាត់ថា ជាបិតាជំនួញ ព្រោះលោកពូកែខាងរកស៊ី។
៣) លោក Warren Buffett

ជាកំពូលមហាសេដ្ឋីមួយរូប ដែលរក្សាបានតំណែងលេខ៣ យូរជាងគេ។ គាត់ត្រូវបានគេចាត់ទុកថា ជាវិនិយោគិនមួយរូបដែលមានភាពវ័យឆ្លាត និងជោគជ័យបំផុត ដោយបច្ចុប្បន្នគាត់មានលុយខ្ទង់ ៨២.៥ពាន់លានដុល្លារអាមេរិក។
២) លោក Bill Gates

មនុស្សភាគច្រើនគឺបានស្គាល់លោកយ៉ាងច្បាស់ ព្រោះគាត់ជាកំពូលមហាសេដ្ឋីដែលឈរនៅលេខរៀងទី១ យូរជាងគេបំផុត។ Bill Gates និងភរិយា ត្រូវបានគេហៅឈ្មោះថា ជាកំពូលមនុស្សធម៌ ដោយមូលនិធិរបស់លោក គឺមានលុយច្រើនជាងគេបំផុត ហើយលុយទាំងនោះគឺជាលុយផ្ទាល់ខ្លួនរបស់លោកស្ទើរតែទាំងស្រុង។ ទោះបីជាលោក Bill Gates មានភាគហ៊ុនត្រឹមតែ ១% នៅក្នុងក្រុមហ៊ុន Microsoft ក្ដី បច្ចុប្បន្នលោកមានលុយរហូតដល់ ៩៦.៥ពាន់លានដុល្លារអាមេរិក។
១) លោក Jeff Bezos

លោក Bezos បានក្លាយជាកំពូលមហាសេដ្ឋីនៅចុងឆ្នាំ ២០១៨ បន្ទាប់ពីប្រភពចំណូលរបស់ក្រុមហ៊ុន Amazon កើនឡើងខ្ទស់លើសពីការរំពឹង។ លោក Bezos បានបង្កើតក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon នៅក្នុងឆ្នាំ ១៩៩៤ ហើយមកដល់បច្ចុប្បន្នលោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុន Amazon ចំនួន ១៦%។ កាលពីដើមឆ្នាំ ២០១៩ នេះ ភរិយារបស់លោក បានប្រកាសលែងលះ បន្ទាប់ពីអស់រយៈពេល ២៥ឆ្នាំ ប៉ុន្តែមកដល់ពេលនេះ តុលាការមិនទាន់ប្រកាសជាសាធារណៈស្ដីអំពីការផ្ដាច់ចំណងសម្ព័ន្ធភាពរបស់អ្នកទាំងពីរនោះទេ៕