ដោយ: គង់ លាងហួរ
អន្តរជាតិ: ខណៈប្រព័ន្ធខ្សែកាបក្រោមសមុទ្រទំនើបៗជាច្រើនរបស់ឥណ្ឌាត្រៀមដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រទេសឥណ្ឌាកំពុងក្លាយជាតួអង្គសំខាន់ក្នុងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសកល។
ការណ៍នេះនឹងពង្រឹងឥទ្ធិពលបច្ចេកវិទ្យារបស់ឥណ្ឌា ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើសុវត្ថិភាពនៃបណ្តាញទាំងនេះ។
ប្រព័ន្ធខ្សែកាបជំនាន់ថ្មីជាច្រើន រួមទាំងខ្សែកាប IAX ខ្សែកាប IEX ខ្សែកាប 2Africa Pearl ខ្សែកាប Blue Raman និងខ្សែកាប MIST គ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ដើម្បីជំនួសខ្សែកាបចាស់ៗ ដែលមានអាយុកាលជិត២៥ឆ្នាំ។
-->
ខ្សែកាបថ្មីទាំងនេះនឹងតភ្ជាប់ទីតាំងផ្សេងៗគ្នានៅក្នុងប្រទេសឥណ្ឌាទៅកាន់បណ្តាប្រទេសជាង១០នៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី តាមរយៈផ្លូវសមុទ្រសំខាន់ៗ។

បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន២នៅលើពិភពលោក រួមមាន Google និង Meta សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ឥណ្ឌា Reliance Jio និង Bharti Airtel កំពុងជំរុញការពង្រីកប្រព័ន្ធទាំងនេះ ខណៈតម្រូវការសេវាកម្មទិន្នន័យ បញ្ញាសិប្បនិម្មិត និងទីផ្សារមជ្ឈមណ្ឌលទិន្នន័យកំពុងកើនឡើង។

លោក Suvesh Chattopadhyaya អ្នកជំនាញជើងចាស់នៃឧស្សាហកម្មខ្សែកាបក្រោមបាតសមុទ្រ បានអះអាងថា “ប្រព័ន្ធខ្សែកាបទាំងនេះនឹងជួយជំរុញតួនាទីរបស់ប្រទេសឥណ្ឌាក្នុងក្តារអុកភូមិសាស្ត្រនយោបាយ ដោយបង្កើតបណ្តាញប្រើប្រាស់នៅទូទាំងប្រទេសជាច្រើន”។
ខ្សែកាបក្រោមសមុទ្រជាខ្សែកាបអុបទិក ដែលដាក់ពង្រាយនៅបាតសមុទ្រ ដោយតភ្ជាប់ទ្វីប និងបង្កើតមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើប។ ខ្សែកាបទាំងនោះត្រូវបានប៉ាន់ប្រមាណថាអាចគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុក្នុងទំហំទឹកប្រាក់ប្រហែល១០ទ្រីលានដុល្លារអាមេរិកជារៀងរាល់ថ្ងៃ៕ប្រភព: SCMP៕
