រដ្ឋាភិបាលសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង២៥០គីឡូម៉ែត្រដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការពារដែនអធិបតេយ្យជាតិ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ

  រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​សារជាថ្មី ​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ​ក្នុងការ​បញ្ចប់ការ​កសាង​​ផ្លូវ​ក្រវាតត់​ព្រំដែន​ប្រវែង២៥០ គីឡូម៉ែត្រ ​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ ​ក្នុង​គោលបំណង​ពង្រឹង​បូរណភាព​ទឹកដី និង​ជំរុញ​ការអភិវឌ្ឍន៍​ក្នុង​តំបន់​។​

គំនិត​ផ្តួចផ្តើម​នេះ ទទួល​ថវិកា​ពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន(ក.គ.ម.) ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​ ក្នុងការ​ការពារ​អធិបតេយ្យភាព​ជាតិ និង​បង្កើត​ឱកាស​សម្រាប់​កំណើនសេដ្ឋកិច្ច ​នៅក្នុង​តំបន់​ព្រំដែន​ដាច់ស្រយាល​។​

លោកប៉ែន បូណា អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែងថា សម្ដេច​ធិបតី​លោក​បានបញ្ជាក់ច្បាស់ហើយ​ថា រាជរដ្ឋាភិបាល​មាន​ឆន្ទះ​មុះមាត់ និង​ផែនការ​ច្បាស់​លាស់​ក្នុង​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ឱ្យ​បាន​រួច​រាល់​ ចប់​សព្វគ្រប់​បន្ដ​ពី​សម្ដេច​តេជោ ហ៊ុន សែន​ ពីព្រោះ​ផ្លូវ​ក្រវាត់​ព្រំដែន​នេះ​មាន​សារសំខាន់​ណាស់។

លោក​បញ្ជាក់ថា “នៅពេល​យើង​បោះ​បង្គោល​ព្រំដែន​ហើយ បើសិន​យើង​មិន​កសាង​ផ្លូវ​ទេ​ ប្រជាពលរដ្ឋ​យើង​អត់​បាន​ឃើញ​បង្គោល​ព្រំដែន បន្ទាត់​ព្រំដែន​យើង​ទេ ពីព្រោះ វា​នៅ​ក្នុង​ព្រៃ​ជ្រៅ អត់​មាន​នរណា​ទៅ​ដល់់”។

ផ្លូវ​ក្រវាត់​ព្រំដែន គឺជា​របង​ការពារ​ដ៏សំខាន់​មួយ​ទៀត​សម្រាប់​បូរណភាពទឹកដី អធិប្បតេយ្យ​ជាតិ​កម្ពុជា​ ដែល​មិន​មាននរណា​អាច​រំកិល​បាន​។ ច្បាស់ណាស់ថា ពេល​ណា​មាន​ផ្លូវ ទីនោះ​ប្រាកដជា​មាន​ការ​អភិវឌ្ឍ​។ ប្រជាពលរដ្ឋ​អាច​ទៅតាំង​ទីលំនៅ​នៅ​ទីនោះ ដែល​នឹងមាន​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​ទៀត​ ដូចជា សាលារៀន​ មន្ទីរពេទ្យ មណ្ឌល​សុខភាព ផ្សារ​។

លោកប៉ែន បូណា​បាន​ថ្លែងថា​ “​វា​នឹង​ក្លាយជា​តំបន់​អភិវឌ្ឍ ពីព្រោះ​គោល​ដៅរបស់​រាជរដ្ឋាភិបាល គឺ​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​ឱ្យ​ទៅជា​ព្រំដែន​សន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការ​អភិវឌ្ឍ”​។ លោកបន្ថែមថា “នេះជា​យុទ្ធសាស្ដ្រ​ការពារ​ទឹក​ដី របស់​រាជ​រដ្ឋាភិបាល​ ដែល​ដាក់​ចេញ​តាំងពី​ជំនាន់​សម្ដេច​តេជោ​ និង​កំពុង​តែ​​​អភិវឌ្ឍ​គោល​ការណ៍​នេះ​បន្ដ​ទៀត”។

ផ្លូវ​ដែល​លាតសន្ធឹង​ជា​ចម្បង ​លើ​ខេត្ត​ភាគ​ឦសាន​នៃ​ខេត្តមណ្ឌលគិរី និង​រតនគិរី គ្រោង​នឹង​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​២០២៧​។​

លោក គឹម ប៊ុន​ថា​ន ប្រធាន (ក.គ.ម.) បាន​សង្កត់ធ្ងន់​លើ​ភាពជោគជ័យ​ដ៏​គួរឱ្យកត់សម្គាល់ ​នៃ​យុទ្ធនាការ​រៃអង្គាសប្រាក់​ដែល​បាន​ប្រមូល​ថវិកា​ចំនួនជិត២៧​លាន​ដុល្លារ ​ក្នុង​រយៈពេល​ត្រឹមតែ៦៦ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​ការគាំទ្រ​ពី​ម្ចាស់ជំនួយ​ចំនួនជាង៧២​ម៉ឺន​នាក់​​។​

លោក​បាន​មានប្រសាសន៍ឱ្យដឹង ​​ក្នុង​ពិធី​សម្ពោធ​គម្រោង​កាលពី​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា វិភាគទាន​សរុប​មាន​ចំនួនជិត៣៣​ពាន់​លាន​​រៀល និងជិត១៨​លាន​​ដុល្លារ​អាមេរិក ​​បង្ហាញ​ពី​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​សហគមន៍​ក្នុងស្រុក និង​អន្តរជាតិ​។​

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី២៧​ ខែធ្នូ (ក.គ.ម.) បាន​គូសបញ្ជាក់ថា ក្រុមការងារ​ចំពោះ​កិច្ច ​បាន​យកចិត្តទុកដាក់​អនុវត្តន៍ ​ការងារ​របស់ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ ប្រសិទ្ធភាព តម្លាភាព និង​សន្សំសំចៃ​។​

គណនីធនាគារ​​ទាំងអស់​ត្រូវបាន​បិទ ដែល​​ថវិកា​មូលនិធិ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​គណនី​ធនាគារ ​ប្រកបដោយ​សុវត្ថិភាព និង​មាន​គណ​នេយ្យភាព​ត្រឹមត្រូវ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ របស់​ក្រុមការងារចំពោះកិច្ច​ (ក.គ.ម.) បាន​ឱ្យដឹងថា​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​មួយ​ត្រូវបាន​បង្កើតឡើងសំដៅ ធានា​ដល់​ការគ្រប់គ្រង​ថវិកា​មូលនិធិ​ឱ្យបាន​ត្រឹមត្រូវ ​ដែលជា​ការឆ្លើយតប ​នឹង​សេចក្តីទុកចិត្ត​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល និង​សមានចិត្ត​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​បរិច្ចាគ​នៅក្នុង​មូលនិធិ។

ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ ​នៃ​ក្រុមការងារ​ចំពោះ​កិច្ច (ក.គ.ម.) ​សហការ​ជាក់ស្តែង នៅ​ការដ្ឋាន​សាងសង់ និង​មូលដ្ឋាន​ពាក់ព័ន្ធ ដើម្បី​ធានា​ទទួលបាន​ព័ត៌មាន​ស្តីពី​លទ្ធផល និង​រូបភាព រួច​ធ្វើ​ការផ្សព្វ​ផ្សាយ​​ជូន​សាធារណជន​ឱ្យបាន​ជ្រាប​ជាប់​ជាប្រចាំ​។

ផ្ទៃដី​សរុប​ចំនួនជិត១,៥ម៉ែត្រការ៉េ​ ត្រូវបាន​បោសសម្អាត​ពាក់ព័ន្ធ​នឹង​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។​ ចំនួន​នេះ ​រួមមាន ១,២២៥,០០០ ម៉ែត្រការ៉េនៅ​ខេត្តមណ្ឌលគិរី និង ២៣៧,៥០០ ម៉ែត្រការ៉េនៅ​រតនគិរី ដោយបាន​រកឃើញ​អាវុធ​ចំនួន ២៣ ប្រភេទ រួមទាំង​គ្រាប់បែក​ចង្កោម​ចំនួន៦​។ ​

ការ​ឈូសឆាយ​បើកមុខ​ទទឹង៥​ម៉ែត្រ សម្រាប់​រក​ផ្លូវ​ខ្សែ​ដំបូង សម្រេចបាន​ប្រវែង ៥៨,៥​គីឡូម៉ែត្រ ​​ធ្វើ​ប្រឡាយ ​ប្រវែង៣០,២០​គីឡូម៉ែត្រ​ ​កសាង​តួ​ផ្លូវ និង​ចិត​ជញ្ជាំង​ភ្នំ សម្រេចបាន​ប្រវែង២៥​គីឡូម៉ែត្រ ក៏ដូចជា ​​ក្រាល​ល្បាយកម្ទេច​​ថ្ម​ស្ថាពរ សម្រេចបាន​ប្រវែង ១០,២០​គីឡូម៉ែត្រ​(​ខេត្ត​មណ្ឌល​គី​រី​)​។

សេចក្តីប្រកាស​ព័ត៌មាន​បាន​បង្ហាញ​ថា ​​ក្រុមការងារចំពោះ​ និងកង​​វិស្វកម្ម​ ដែល​ពាក់ព័ន្ធ​នឹង​ការស្ថាបនា​ ផ្លូវ​ក្រវាត់​ព្រំដែន​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ ​ក្នុងការ​ផ្តល់នូវ​គម្រោង​ជា​ប្រវត្តិសាស្ត្រ​នេះ ជាមួយនឹង​ការទទួលខុសត្រូវ និង​ការយកចិត្តទុកដាក់​ខ្ពស់។​

គម្រោង​នេះ​កើតឡើង​ក្នុង​ពេលវេលា​សំខាន់​ សម្រាប់​ប្រទេស​កម្ពុជា បន្ទាប់ពី​ការដកខ្លួន​ចេញ ពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) នៅ​ខែកញ្ញា ឆ្នាំ ២០២៤​។​

ការសម្រេចចិត្ត​នេះ បាន​បន្សាប​​ការព្រួយបារម្ភ​ជា​សាធារណៈ​លើ​អធិបតេយ្យភាព​ជាតិ បាន​ពង្រឹង​ការយកចិត្តទុកដាក់ រ​បស់​រដ្ឋាភិបាល​លើ​ការពង្រឹង​ព្រំដែន​របស់ខ្លួន​។​

លោកប៉ែន បូណា បាន​ឱ្យដឹងថា ការបិទបញ្ចប់​ដំណើរ​ទស្សនកិច្ច​កាលពី​សប្ដាហ៍​មុន ក៏ជា​ផ្នែក​មួយ​ទៀត​ដែល​រដ្ឋាភិបាល​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅឃើញ​ជាក់ស្ដែង ជា​សាក្សី​នៃ​កិច្ចខិតខំ​ប្រឹង​ប្រែង​ការពារ​អធិប្បតេយ្យភាពជាតិ និង​បូរណភាព​កម្ពុជា​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួង​ព័ត៌មាន​ ដំណើរ​ទស្សនកិច្ច​ទិសឦសាន ​ត្រូវបាន​បិទ​បញ្ចប់ដោយ​មាន​សាធារណជន រួមមាន​ព្រះសង្ឃ មន្ត្រីរាជការ និស្សិត បញ្ញវន្ត និង​ពលរដ្ឋ​ទូទៅ ២៤០០ អង្គ/នាក់បាន​ទៅ​ទស្សនា​តំបន់ព្រំដែន​ ជាមួយ​ដំណើរ​​ចំនួន ១១ លើក ​លើ​តម្រាយ​ផ្លូវ​ចំនួន៣ ខ្សែ​ក្នុងទិសដៅ​ខេត្ត ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី។

ទស្សនកិច្ច​​ដោយ​ឥតគិតថ្លៃ ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​​​បានឃើញ​​ផ្ទាល់​ភ្នែក នូវ​ការអភិវឌ្ឍ​ជាក់ស្តែង​នៅតាម​បណ្តោយ​ព្រំដែន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ​​បានចាប់ផ្តើម ពីថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៤ បាន​បិទ​បញ្ចប់​ ប្រកបដោយ​ជោគជ័យ​នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០២៤​។

សេចក្តីប្រកាស​ព័ត៌មានបាន​បង្ហាញថា “​សាធារណជន​ពី​គ្រប់​មជ្ឈ​ដ្ឋានបាន​អស់​មន្ទិលសង្ស័យ និង​អស់​នូវ​ការព្រួយបារម្ភ​លើ​បញ្ហា​បូរណភាព​ដែនដី និង​អធិបតេយ្យភាព​ជាតិ ក្រោយ​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​ទិសឦសាន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here