ដោយ: គង់ លាងហួរ
បាងកក: ស្ថាប័នជំនាញលើកឡើងថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសថៃគួរផ្តោតលើការលក់ខុនដូនៅសេសសល់ចេញឱ្យអស់ ខណៈការធ្លាក់ចុះនៃអំណាចនៃការទិញ និងការដាក់ចេញនូវលក្ខខណ្ឌផ្តល់ប្រាក់កម្ចីកាន់តែតឹងរ៉ឹង បានគំរាមកំហែងដល់ស្ថិរភាពទីផ្សារ។
លោក Nattha Kahapana នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹបក្សាអចលនទ្រព្យ Knight Frank Thailand បានលើកឡើងថា ទីផ្សារខុនដូកំពុងទទួលរងនូវសម្ពាធ ដោយសារតែអំណាចនៃការទិញធ្លាក់ចុះ និងការរឹតបន្តឹងលក្ខណៈវិនិច្ឆ័យលើការផ្តល់ប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ។

-->
ទីផ្សារខុនដូនៅទីក្រុងបាងកកក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នៅតែបន្តធ្លាក់ចុះ ស្របតាមការស្ទង់មតិរបស់ធនាគារកណ្តាលថៃ (BoT) ដែលបានព្យាករណ៍ពីការធ្លាក់ចុះនៃតម្រូវការប្រាក់កម្ចីទិញផ្ទះក្នុងរយៈពេល៣ខែបន្ទាប់។
យ៉ាងណាមិញ នៅឆ្នាំ២០២៥ ប្រាក់ចំណូលរបស់ប្រជាជនថៃអាចនឹងងើបឡើងវិញយ៉ាងសន្សឹមៗ។ ការណ៍នេះអាចបង្កើនតម្រូវការកម្ចីទិញផ្ទះ ប៉ុន្តែពុំមែនមានន័យថា វាអាចឈានដល់កម្រិតដូចធម្មតាវិញនោះទេ។
លោក Nattha Kahapana បានមានប្រសាសន៍ឱ្យដឹងបន្តថា “ផ្នែកខុនដូដែលមានតម្លៃចន្លោះពី១លានបាតទៅ៣លានបាតក្នុងមួយយូនីតនឹងរងផលប៉ះពាល់ខ្លាំងបំផុត។ អ្នកអភិវឌ្ឍន៍ត្រូវតែដោះស្រាយបញ្ហាប្រឈមទាំងនេះ និងស្វែងរកវិធីសាស្ត្រកាត់បន្ថយហានិភ័យក្នុងការលក់ខុនដូនៅសេសសល់ចេញឱ្យអស់”។

ទន្ទឹមគ្នានេះ គម្រោងថ្មីៗកំពុងចាប់ផ្តើមបើកដំណើរការលក់ខុនដូក្នុងតម្លៃខ្ពស់ ដោយសារការកើនឡើងនៃតម្លៃដី ដែលការណ៍នេះបង្កភាពមិនស៊ីសង្វាក់គ្នាជាមួយនឹងកម្រិតប្រាក់ចំណូលរបស់អ្នកទិញ និងធ្វើឱ្យពួកគេគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញ។
ចំពោះគម្រោង ដែលមានខុនដូនៅសេសសល់លក់មិនទាន់ដាច់ អ្នកអភិវឌ្ឍន៍អាចប្រើយុទ្ធសាស្រ្តជំរុញការលក់ ដូចជាការសម្រួលលក្ខខណ្ឌនៃការទូទាត់ ការកំណត់អត្រាការប្រាក់ទាប ឬសម្រួលកម្មវិធីបង់ប្រាក់កក់ដើម្បីលើកទឹកចិត្តអ្នកទិញនាពេលអនាគត៕ប្រភព: Bangkok Post ៕
