អាជ្ញាធរមូលដ្ឋានរបស់ទីក្រុងតូក្យូស្នើហាមឃាត់ការទិញខុនដូក្នុងគោលបំណងវិនិយោគ ខណៈតម្លៃខុនដូហក់ឡើងខ្ពស់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អាជ្ញាធររបស់សង្កាត់មួយក្នុងចំណោមសង្កាត់ទាំង២៣ របស់ទីក្រុងតូក្យូនៃប្រទេសជប៉ុនបានអំពាវនាវឱ្យមានការហាមឃាត់រយៈពេល៥ឆ្នាំចំពោះការលក់ខុនដូចេញវិញ(Resale) ដើម្បីទប់ទល់នឹងការហក់ឡើងនៃតម្លៃខុនដូ ដោយសារការទិញក្នុងគោលបំណងវិនិយោគ។

ជាក់ស្តែង អាជ្ញាធរសង្កាត់ Chiyoda បានដាក់សំណើផ្លូវការមួយទៅកាន់សមាគមនៃបណ្តាក្រុមហ៊ុនអចលនទ្រព្យជប៉ុន(Real Estate Companies Association of Japan) ដើម្បីហាមឃាត់ការលក់ខុនដូចេញវិញក្នុងរយៈពេល៥ឆ្នាំ។

អាជ្ញាធររបស់សង្កាត់ Chiyoda នៅទីក្រុងតូក្យូក៏បានស្នើការហាមឃាត់មិនឱ្យអតិថិជនអាចទិញខុនដូច្រើនយូនីតនៅក្នុងអគារតែមួយ ក្រោមឈ្មោះរបស់ម្ចាស់កម្មសិទ្ធិត្រួតគ្នា។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Nikkei Asia។

អាជ្ញាធររបស់សង្កាត់ Chiyoda បានអំពាវនាវឱ្យមានការជួយដល់ប្រជាជន ដែលមានគោលបំណងទិញខុនដូដើម្បីរស់នៅពិតប្រាកដ។ អាជ្ញាធរក៏គ្រោងដាក់សំណើទៅកាន់រដ្ឋាភិបាលថ្នាក់ជាតិដើម្បីដំឡើងពន្ធលើចំណេញមូលធនចំពោះការលក់ខុនដូចេញវិញ។

តម្លៃខុនដូថ្មីជាមធ្យមនៅតំបន់ Greater Tokyo មានទំហំទឹកប្រាក់ចំនួន៨៩,៥៨លានយ៉េន (ប្រមាណ៦០៣.០០០ដុល្លារ) ក្នុងខែមករាដល់ខែមិថុនា ឆ្នាំ២០២៥ ហក់ឡើង១៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ។

ចំណែក តម្លៃខុនដូថ្មីជាមធ្យមនៅក្នុងសង្កាត់ទាំង២៣ របស់ទីក្រុងតូក្យូបានហក់ឡើង២០ភាគរយដល់ទំហំទឹកប្រាក់ចំនួន១៣០,៦៤លានយ៉េនក្នុងមួយយូនីត។ តម្លៃខុនដូជាមធ្យមនៅទីក្រុងតូក្យូបានកើនឡើងដល់ទំហំទឹកប្រាក់លើសពី១០០លានយ៉េនចាប់តាំងពីឆ្នាំ២០២៣។

ក្រៅពីការខ្វះខាតដីសម្រាប់ការអភិវឌ្ឍន៍អគារខុនដូ កង្វះកម្លាំងពលកម្ម និងការកើនឡើងតម្លៃសម្ភារៈសំណង់កំពុងជំរុញឱ្យការផ្គត់ផ្គង់ខុនដូថ្មីនៅមានកម្រិត និងជំរុញឱ្យតម្លៃខុនដូកើនឡើងយ៉ាងគំហុក៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here