ការព្យាករណ៍: ទំហំសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងវ៉ាដាច់ប្រទេសសិង្ហបុរីក្នុងរយៈពេល៥ឆ្នាំខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CEBR) របស់អង់គ្លេសបានអះអាងថា ផលទុនជាតិសរុបរបស់ប្រទេសវៀតណាមអាចនឹងកើនឡើងដល់ទំហំទឹកប្រាក់៤៥០ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដោយដាក់ចំណាត់ថ្នាក់សេដ្ឋកិច្ចរបស់វៀតណាមនៅលំដាប់ទី៣៤ទូទាំងពិភពលោក។

តាមរយៈការព្យាករណ៍នៃការសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ជាមធ្យម៥,៨ភាគរយក្នុងរយៈពេល៥ឆ្នាំខាងមុខ GDP របស់វៀតណាមត្រូវបានគេរំពឹងថា នឹងវ៉ាដាច់ប្រទេសសិង្ហបុរីនៅឆ្នាំ២០២៩ ដោយឈានដល់ទំហំទឹកប្រាក់ចំនួន៦៧៦ពាន់លានដុល្លារ។

ដោយឡែក នៅឆ្នាំ២០៣៩ GDP របស់វៀតណាមអាចកើនឡើងដល់ទំហំទឹកប្រាក់១,៤១ទ្រីលានដុល្លារ ដោយជាប់ចំណាត់ថ្នាក់ទី២៥ នៅលើពិភពលោក និងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៣ របស់តំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី និងហ្វីលីពីន។

សមិទ្ធិផលដ៏ធំធេងនេះនឹងគូសបញ្ជាក់អំពីភាពធន់របស់ប្រទេសវៀតណាម ស្របពេលដែលមានការប្រកួតប្រជែង និងបញ្ហាប្រឈមជាសកល។

CEBR ព្យាករណ៍ថា វៀតណាមនឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំបើធៀបនឹងដៃគូនានាក្នុងតំបន់ដូចជាប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី។

ជាមួយគ្នានេះ ផលទុនជាតិសរុបរបស់ពិភពលោកត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេរដងពីទំហំទឹកប្រាក់១១០ទ្រីលានដុល្លារនៅឆ្នាំ២០២៤ ដល់ចំនួន២២១ទ្រីលានដុល្លារនៅឆ្នាំ២០២៩។

បើគិតពីទំហំប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ៗ (GDP Per capita) ប្រជាជនវៀតណាមម្នាក់ៗត្រូវបានគេព្យាករណ៍ថា អាចរកបានប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំចំនួន៤.៤៦៩ដុល្លារនៅឆ្នាំ២០២៤។

ចំពោះនៅឆ្នាំ២០២៥ តួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ចំនួន៤.៧៨៣ដុល្លារ ដោយអាចចាត់ថ្នាក់វៀតណាមជាផ្លូវការថា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។

ទោះបីជាទំហំ GDP Per capita របស់ប្រជាជនវៀតណាមនៅមានកម្រិតទាបជាងប្រជាជនសិង្ហបុរី ម៉ាឡេស៊ី និងថៃយ៉ាងណាក្តី ប៉ុន្តែ GDP Per capita របស់ប្រទេសវៀតណាមត្រូវបានព្យាករណ៍ថា នឹងឈានឡើងដល់ចំណាត់ថ្នាក់ទី៤ក្នុងតំបន់អាស៊ាន នៅឆ្នាំ២០២៦ ដោយវ៉ាដាច់ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)៕ប្រភព: Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here