ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ បាននិងកំពុងជួបពិភាក្សាគ្នា ដើម្បីរៀបចំផែនការឆ្ពោះទៅរកភាពរីចចម្រើន ផ្នែកបច្ចេកវិទ្យាឌីជីថលនាពេលខាងមុខ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងនាព្រឹកថ្ងៃទី៣ មេសានេះថា កិច្ចប្រជុំក្រៅផ្លូវការ ASEAN Digital Ministers’s Retreat ធ្វើឡើងនៅប្រទេសថៃថ្មីៗនេះផ្តោតលើរបៀបវារៈសំខាន់ៗ ដូចជា ទី១ ផ្តល់ជាវេទិកា មួយសម្រាប់កិច្ចពិភាក្សាយ៉ាងជិតស្និត រវាងរដ្ឋមន្ត្រីអាស៊ានពាក់ព័ន្ធនឹងដំណើរឆ្ពោះទៅរកការីកចម្រើនឌីជីថលយ៉ាងឆាប់រហ័ស ទី២ ពិភាក្សាលើវិធានការមួយចំនួនដើម្បីចាប់យកកាលានុវត្តភាពនៃបដិវត្តន៍ ឌីជីថល ដូចដែលឯកភាពក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ លើបញ្ហាសន្តិសុខព័ត៌មានវិទ្យា ការតភ្ជាប់និងបច្ចេកវិទ្យាចល័ត ទីក្រុងឆ្លាតវៃ សេដ្ឋកិច្ចឌីជីថល និងកម្លាំងពលកម្មនិងសង្គម ក្នុងគោលបំណងធ្វើដំណើរជាមួយគ្នាយ៉ាងឆាប់រហ័សដើម្បីចាប់យកកាលានុវត្តភាពនៃបដិវត្តន៍ឌីជីថល និងទី៣ ពិភាក្សាអំពីគោលបំណងឆ្នាំ២០២៥ ឬគម្រោង៣ទៅ៥ឆ្នាំផ្សេងទៀត ដូចជាយុទ្ធសាស្ត្រគន្លឹះក្នុងវិស័យអាទិភាព។
សេចក្តីប្រកាសដដែលបានឱ្យដឹងថា កិច្ចប្រជុំ ASEAN Digital Ministers’s Retreatបានសម្រេចលើចំណុច ទី១- ពិចារណាក្នុងការផ្លាស់ប្តូរឈ្មោះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ាន ជាឧទាហរណ៍ «កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន។

ទី២- គោលការណ៍ណែនាំសម្រាប់ការរៀបចំផែនការមេបន្ទាប់ ដោយផ្តោតទៅលពាក្យឌីជីផលជាពាក្យគន្លឹះឧទាហរណ៍ «ផែនការមេឌីជីថលអាស៊ាន២០២៥» ដូចជាការការពារនិងការគ្រប់គ្រងទិន្នន័យឌីជីថល ការរៀបចំ Ecosystem សម្រាប់សេដ្ឋកិច្ចឌីជីថល, សហការជាមួយវិស័យឯកជនដើម្បីជំរុញសេដ្ឋកិច្ច និងទី៣ ការណែនាំរៀបចំកិច្ចសន្ទនាឬ កិច្ចប្រជុំមួយជាមួយក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរផ្នែកឌីជីថល សេដ្ឋកិច្ច និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤៕






