ដោយ: គង់ លាងហួរ
អន្តរជាតិ: យុទ្ធសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ីក្នុងការដាក់សម្ពាធលើក្រុមហ៊ុន Apple ឱ្យបង្កើនទុនវិនិយោគនៅក្នុងប្រទេសនេះដើម្បីទទួលបានសិទ្ធិលក់ទូរសព្ទ IPhone 16 នៅឥណ្ឌូនេស៊ី ហាក់ទទួលបានជោគជ័យ។
ជោគជ័យក៏ដោយសារតែក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកបានប្តេជ្ញាបោះទុនវិនិយោគចំនួន១ពាន់លានដុល្លារនៅឥណ្ឌូនេស៊ី ដើម្បីជាថ្នូរនឹងការអនុញ្ញាតឱ្យក្រុមហ៊ុន Apple អាចលក់ទូរសព្ទ IPhone សេរ៊ីថ្មីចុងក្រោយរបស់ខ្លួនក្នុងប្រទេស ដែលមានទំហំសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ាន។
យ៉ាងណាមិញ ក្រុមអ្នកវិភាគបានធ្វើការព្រមានថា ក្រុមហ៊ុន Apple នៅតែអាចប្រឈមមុខនឹងឧបសគ្គផ្សេងទៀត ព្រោះថា ច្បាប់ស្តីពីមាតិកាក្នុងស្រុករបស់ឥណ្ឌូនេសុីមានភាពតឹងរឹង។
-->
រដ្ឋាភិបាលឥណ្ឌូនេស៊ីបានហាមឃាត់ការលក់ទូរសព្ទ iPhone 16 សេរ៊ីថ្មីនៅក្នុងខែតុលា ឆ្នាំ២០២៤ ដោយលើកឡើងថា ក្រុមហ៊ុន Apple មិនបានបំពេញតាមច្បាប់មាតិកាក្នុងស្រុករបស់ឥណ្ឌូនេសុី ដែលកំណត់ថា សមាសធាតុមួយចំនួន ឬដំណើរការផលិតត្រូវតែមានប្រភពនៅក្នុងប្រទេសមួយនេះ។

ជាការឆ្លើយតបដំបូង ក្រុមហ៊ុន Apple បានស្នើសុំបណ្តាក់ទុនវិនិយោគថ្មីចំនួន១០លានដុល្លារនៅប្រទេសឥណ្ឌូនេស៊ី ហើយក្រោយមក Apple បានបង្កើនការប្ដេជ្ញាបោះទុនដល់ចំនួន១០០លានដុល្លារអាមេរិក។ ប៉ុន្តែ ក្រុមមន្ត្រីនៅទីក្រុងហ្សាការតានៅតែមិនពេញចិត្ត។
ក្រោយមកទៀតទើប ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគ១ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេសុី។ នេះជាទំហំទឹកប្រាក់ដែលប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ចាត់ទុកថា អាចទទួលយកបាន។ នេះបើយោងតាមប្រភពដែលដកស្រង់ដោយសារពត៌មាន Bloomberg។
លោក Dedi Dinarto អ្នកវិភាគនៅក្រុមហ៊ុនប្រឹក្សាគោលនយោបាយសាធារណៈ Global Counsel ក្នុងប្រទេសសិង្ហបុរីបានអះអាងថា “ការប្តេជ្ញារបស់ក្រុមហ៊ុន Apple ជាសញ្ញាបង្ហាញថា ផែនការជំរុញរបស់ឥណ្ឌូនេស៊ីសម្រាប់ច្បាប់មាតិកាក្នុងស្រុក និងការផលិតក្នុងស្រុកកំពុងចាប់ផ្តើមទទួលបានផ្លែផ្កា”។

ច្បាប់របស់ឥណ្ឌូនេស៊ីបានចែងថា ផលិតផលស្មាតហ្វូន និងថេប្លេតរបស់ក្រុមហ៊ុនបរទេស ដែលដាក់លក់ក្នុងស្រុកត្រូវតែប្រើប្រាស់គ្រឿងបង្គុំ ដែលផលិតឡើងក្នុងប្រទេសឥណ្ឌូនេសុីឱ្យបានយ៉ាងតិច៣៥ភាគរយ និងត្រូវបំពេញតាមគោលដៅនៃទំហំទុនវិនិយោគ ដែលត្រូវបានកំណត់ និងឯកភាពដោយរដ្ឋាភិបាល។
ក្រុមអ្នកវិភាគបានអះអាងថា ការដាក់ចេញបទបញ្ញត្តិទាំងនេះលើក្រុមហ៊ុនបរទេស អាចជួយជំរុញវិស័យផលិតកម្មក្នុងស្រុក និងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ីក្នុងការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ប៉ុន្តែ វាក៏អាចបង្កឧបសគ្គសម្រាប់ក្រុមហ៊ុនទាំងនេះផងដែរ។
លោក Josua Pardede ប្រធានសេដ្ឋវិទូនៅធនាគារ Permata ក្នុងប្រទេសឥណ្ឌូនេស៊ី បានលើកឡើងថា ច្បាប់ទាំងនេះអាចធ្វើឱ្យក្រុមហ៊ុនបរទេសប្រឈមមុខនឹងថ្លៃដើមផលិតកម្មខ្ពស់ និងការកើនឡើងនូវឧបសគ្គខាងការិយាធិបតេយ្យ៕ប្រភព: SCMP៕