ADB​ ៖ សេដ្ឋកិច្ច​កម្ពុជា​ នឹង​សម្រេច​បាន​កំណើន​ ៧ភាគរយ​ នៅ​ឆ្នាំនេះ

0

ដោយ​ រ៉ា​ណេត

​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំនេះ​ នៅតែ​រក្សា​បាន​នូវ​ភាព​រឹង​ម៉ាំ​ដដែល​ ពោល​គឺ​អាច​នឹង​សម្រេច​បាន​កំណើន៧ភាគរយ​។

យោង​តាម​ការព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​លើកឡើង​ថា​ នៅ​ឆ្នាំ២០១៩នេះ​ សេដ្ឋកិច្ច​កម្ពុជា​ នឹង​កើនឡើង​ប្រមាណ​ ៧ភាគរយ​ ក៏ប៉ុន្តែ​កម្ពុជា​ត្រូវ​ធ្វើ​កំណែទម្រង់​បន្ថែម​ទៀត​ ដើម្បី​រក្សា​កំណើន​នេះ​ឱ្យ​នៅតែ​ថេរ​ ឬខ្ពស់​ជាង​នេះ​ ដែល​ធ្វើ​ឱ្យ​ផែនការ​សម្រេច​បាន​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ ២០៣០​ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ខាងមុខ​។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​លើកឡើង​ថា​ ដោយសារតែ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជឿនលឿន​ និង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ដែល​ជា​ទិ​ផ្សារ​នាំចេញ​ដ៏​ចម្បង​របស់​កម្ពុជា​ ត្រូវ​ព្យាករណ៍​ថា​នឹង​ថយ​ចុះ​ កំណើន​នៃ​ការនាំចេញ​និង​វិស័យ​ទេសចរណ៍​ ទំនងជា​នឹង​ថមថយ​បន្តិច​ បើ​ធៀប​នឹង​ឆ្នាំមុន​ ។

ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) លោកស្រី​ Sunniya​ Durrani​ Jamal​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​នឹង​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ យ៉ាង​រឹងមាំ​ ក្នុងរយៈពេល​ពីរ​ឆ្នាំទៅ​មុខ​ បើ​ទោះបីជា​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហ​កម្ម​ធំៗ​ ចុះ​ខ្សោយ​ក៏ដោយ​ ។ កត្តា​សំខាន់​មួយ​ ដែល​អាច​ទាក់ទាញ​ និង​រក្សា​បាន​នូវ​កំណើន​ក្នុងរយៈពេល​វែង​ គឺ​កត្តា​គុណ​ភាព​ធនធានមនុស្ស​របស់​កម្ពុជា​ ដែល​រួមបញ្ចូល​ទាំង​ជំនាញ​ បច្ចេកទេស​ និង​ជំនាញ​វិជ្ជាជីវៈ​ ដែល​អាច​ឆ្លើយតបទៅ​នឹង​តម្រូវការ​វិស័យ​ឯកជន​ ។

លោក​ Poullang​ Doung​ ​សេដ្ឋវិទូ​ជាន់ខ្ពស់​ នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មានប្រសាសន៍​ថា​ កម្ពុជា​គួរតែ​អភិវឌ្ឍន៍​ពី​ប្រទេស​កសិកម្ម​ទៅ​ប្រទេស​ឧស្សាហកម្ម​ឱ្យ​កាន់តែ​ ហើយ​កន្លងមក​ឧស្សាហកម្ម​ក៏​កំពុង​លូតលាស់​គួរ​ឱ្យ​កត់សម្គាល់​ដែរ​ ជាក់ស្ដែង​វិស័យ​កសិកម្ម​កម្ពុជា​ បាន​ថម​ ថយ​បន្តិច​ម្ដង​ៗ និង​រួមចំណែក​កាន់តែ​តូច​នៅក្នុង​កំណើន​សេដ្ឋកិច្ច​ ។

លោក​ថា​៖«ក្នុង​ន័យ​នេះ​ មិនមែន​ ឱ្យ​កម្ពុជា​បោះបង់ចោល​នូវ​វិស័យ​កសិកម្ម​នោះ​ទេ​ តែ​ធ្វើ​ត្រូវ​កសិកម្ម​រួច​កែច្នៃ​ ដើម្បី​នាំ​ចេញ​​ប្រសើរ​ជាង​នាំចេញ​វត្ថុធាតុដើម​ហើយ​នាំ​ពី​គេ​មកវិញ​នូវ​ផលិតផល​សម្រេច​» ។ លោក​បន្ត​ថា​ ៖ «ទន្ទឹម​នឹង​នោះ​ដែរ​ យើង​ក៏​ត្រូវ​ពង្រឹង​វិស័យ​សេវាកម្ម​ទេសចរណ៍​ឱ្យ​កាន់តែ​ខ្លាំង​ផង​ដែរ​ ពីព្រោះ​ថា​វិស័យ​នេះ​កំពុង​ដើរតួ​នាទី​សំខាន់​មួយ​នៅក្នុង​កំណើន​សេដ្ឋកិច្ច​ជាតិ​ ។

ក្នុង​នោះ​ដែរ​យើង​ត្រូវ​ធ្វើ​យ៉ាងណា​ ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ ដែល​មក​ទស្សនា​នៅ​កម្ពុជា​ ស្នាក់នៅ​បាន​កាន់តែ​យូរ​ និង​ចំណាយ​ប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ មិនមែន​ឱ្យ​គេ​មក​តែមួយ​យប់​ហើយ​ហោះ​ត្រលប់​ទៅ​ស្រុក​គេ​វិញ​នោះ​ទេ​»។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ទន្ទឹម​នឹង​កំណើន​ជា​វិជ្ជមាន​នេះ​ដែរ​ កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ផង​ដែរ​ ដូចជា​ការ​ចុះ​ខ្សោយ​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​សាកល​ ដែល​អាច​មាន​ល្បឿន​លឿន​ជាង​ការ​រំពឹង​ទុក​ , សហភាព​អឺរ៉ុប​បន្ត​អនុវត្ត​ផែនការ​ព្យួរ​ការ​ផ្ដល់​ភាព​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា​ ក្រោយ​កម្មវិធី​ទំនិញ​គ្រប់យ៉ាង​លើកលែង​អាវុធ​ ,កំណើន​ឥណទាន​ក្នុង​កម្រិតខ្ពស់​ និង​ការ​ប្រមូលផ្ដុំ​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ បង្ក​ហានិភ័យ​ដល់​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​ជាដើម​ ។

របាយការណ៍​របស់​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ាន​ ក៏បាន​បង្ហាញ​ បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​ផង​ដែរ​ពី​គម្លាត​ជំនាញ​ដែល​កើតឡើង​ដោយសារ​ភាព​ មិនស៊ីគ្នា​ រវាង​ជំនាញ​ ដែល​កម្លាំង​ពលកម្ម​មាន​ និង​ជំនាញ​ដែល​និយោជក​ត្រូវការ​ ។ កម្ពុជា​ត្រូវ​ការ​​គ្រូបង្រៀន​ដែល​មានគុណ​ភាព​បង្រៀន​ខ្ពស់​ច្រើន​នាក់​ថែមទៀត​ និង​ត្រូវ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ក្រីក្រ​ ដែល​រៀន​ពូកែ​ ដើម្បី​ជួយ​ឱ្យ​ពួកគេ​បន្ត​ការសិក្សា​និង​រៀន​ជំនាញ​ដែល​ត្រូវការ​ និង​យុគសម័យ​ឌីជីថល​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here