កម្ពុជា​កំពុងប្រកួតប្រជែង​ជាមួយ​ប្រទេសថៃ​ដើម្បីស្រូបទាញ​ភ្ញៀវ​ទេសចរ​ណ៍ប្រណីត​លំដាប់​អ្នកមាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទោះបីជាប្រទេសកម្ពុជាអាចត្រូវបានចាត់ថ្នាក់ជាគោលដៅទេសចរណ៍ ដែលចំណាយតិចបំផុតនៅតំបន់អាស៊ានយ៉ាងណាក្តី ក៏អាជ្ញាធរកំពុងព្យាយាមផ្សព្វផ្សាយកញ្ចប់ទេសចរណ៍នានាដើម្បីបំពេញឱ្យចំតម្រូវការរបស់ភ្ញៀវទេសចរណ៍លំដាប់អ្នកមាន។

ថ្មីៗនេះ កាសែត The UK Times របស់អង់គ្លេស បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី១៣ ក្នុងបញ្ជីនៃគោលដៅទេសចរណ៍ប្រណីតបំផុតចំនួន២៣របស់ខ្លួន។

ជាក់ស្ដែង បណ្តាក្រុមហ៊ុនអន្តរជាតិជាច្រើនដូចជាក្រុមហ៊ុន Jacada និងក្រុមហ៊ុន Lux បានឈានជើងចូលទីផ្សារកម្ពុជា។ ក្រុមហ៊ុនទាំងនេះកំពុងផ្សព្វផ្សាយអំពីរមណីយដ្ឋានកោះឯកជនដូចជាកោះសង្សារ ការជិះទូកល្បឿនលឿនរយៈពេល៤៥នាទីពីកំពង់ផែក្រុងព្រះសីហនុ ដែលការស្នាក់នៅផ្ទះវីឡាប្រណីតនៅទីនោះមានតម្លៃជិត២ពាន់ដុល្លារអាមេរិក​ក្នុងមួយ​យប់។

ជម្រើសផ្សេងទៀតរួមមាន ការជិះឧទ្ធម្ភាគចក្រគយគន់មើលប្រាសាទអង្គរវត្ត និងរាប់បញ្ចូលទាំងដំណើរទេសចរណ៍នៅតាមតំបន់ប្រវត្តិសាស្ត្រទូទាំងប្រទេសកម្ពុជា ដោយជិះលើរថយន្ត Mercedes ដែលបំពាក់ម៉ាស៊ីនត្រជាក់យ៉ាងប្រណីត។

ទាក់ទងនឹងការផ្តល់ជូនទិដ្ឋាការ ប្រទេសកម្ពុជាពុំមានទិដ្ឋាការជាច្រើនប្រភេទដូចប្រទេសថៃនោះទេ។ ទោះជាយ៉ាងណាក្តី ជនបរទេសអាចស្នើសុំទិដ្ឋាការចូលនិវត្តន៍ពីភ្នាក់ងារអន្តោប្រវេសន៍នៅរាជធានីភ្នំពេញក្នុងតម្លៃត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ ដោយមិនត្រូវការឯកសារច្រើនស្មុគស្មាញ និងមិនចាំបាច់បញ្ជាក់ពីសមតុល្យធនាគារ។

ជាពិសេស ជនបរទេសក៏អាចស្នើសុំទិដ្ឋាការគ្រួសារមាសរយៈពេល១០ឆ្នាំ តាមរយៈការបោះទុនវិនិយោគចំនួន១០មុឺនដុល្លារអាមេរិកលើអចលនទ្រព្យនៅកម្ពុជា ហើយជនបរទេសក៏អាចទិញសញ្ជាតិខ្មែរបានដែរ តាមរយៈការវិនិយោគ ឬបរិច្ចាគថវិកាចំនួន៣០មុឺនដុល្លារអាមេរិក។

ភ្ញៀវទេសចរណ៍បរទេសជិត៧លាននាក់បានចូលមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំ២០២៤ ហើយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងយ៉ាងគំហុក នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានធំជាងគេទី៩ នៅក្នុងពិភពលោកនឹងបើកដំណើរការនៅឆ្នាំ២០២៥នេះ។

ភ្នាក់ងារទេសចរណ៍មួយរូប ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញបានថ្លែងប្រាប់កាសែតថៃ Pattaya Mail ថា “ឥឡូវនេះ កម្ពុជាកំពុងប្រកួតប្រជែងដោយផ្ទាល់ជាមួយប្រទេសថៃ ដើម្បីស្រូបទាញភ្ញៀវទេសចរណ៍អន្តរជាតិ ដែលចាប់អារម្មណ៍លើរបៀបរស់នៅដ៏ប្រណីតបំផុត”៕ប្រភព: Pattaya Mail៕

LEAVE A REPLY

Please enter your comment!
Please enter your name here