ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន CONFORAMA ដែលជាក្រុមហ៊ុនលំដាប់លេខ១ផ្នែកផលិតនិងផ្គត់ផ្គង់គ្រឿងសង្ហាររឹមមកពីប្រទេសបារាំង បានឈានជើងចូលទីផ្សារកម្ពុជា ដោយសារការរីកចម្រើននៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

-->
លោកជំទាវ សុង ធីតា ប្រធានក្រុមហ៊ុន LINDA GOLD CRUCIBLE ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សាហរណៈយោគយល់គ្នា ក្នុងភាពជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន LINDA GOLD CRUCIBLE កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ កន្លងមកបានឲ្យដឹងថា នេះពិតមានមោទនភាពខ្លាំងណាស់ ក្នុងការចាប់ដៃគូពាណិជ្ជកម្មផ្តាច់មុខជាមួយក្រុមហ៊ុន CONFORAMA ពីព្រោះគឺជាក្រុមហ៊ុនយក្សមួយ ដែលជាប់ចំណាត់ថ្នាក់លេខ១នៅប្រទេសបារាំង និងចំណាត់ថ្នាក់លេខ២នៅអឺរ៉ុប។ នេះមិនមែនជាការចៃដន្យទេ ដែលក្រុមហ៊ុនយក្សមួយនេះមកកម្ពុជា។ នេះជាផ្លែផ្កានៃការខំប្រឹងប្រែងអស់រយៈពេលជាង២ឆ្នាំ ដែលយើងបានទំនាក់ទំនងផ្ទាល់ជាមួយថ្នាក់ដឹកនាំ CONFORAMA នៅទីក្រុងប៉ារីស ដោយបានធ្វើការសិក្សាទីផ្សារយ៉ាងល្អិតល្អន់ អស់រយៈពេលរាប់ខែនៅកម្ពុជា ដោយមានអ្នកជំនាញមកពីក្រុមហ៊ុន CONFORAMA។
លោកស្រីបន្តថា “លទ្ធផលទាំងនេះ ក៏អាស្រ័យជាបឋមដោយក្រុមការងារយុវជននៅទ្វីបអឺរ៉ុបដឹកនាំដោយលោកហួត ហាក់ តាមការចង្អុលទិស និង ការណែនាំជាប្រចាំពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងប្រឹងប្រែងគៀងគរក្រុមហ៊ុនឬវិនិយោគិនពីក្រៅប្រទេស ដោយឡែកពីទ្វីបអឺរ៉ុប ឬពីប្រទេសបារាំង ឲ្យមកវិនិយោគនៅប្រទេសកម្ពុជា”។
លោក STANISLAS CONSEILLER តំណាងក្រុមហ៊ុន CONFORAMA បានមានប្រសាសន៍ថា ក៏ដោយបានឃើញមានស្ថិរភាពខាងកំណើនសេដ្ឋកិច្ច និងកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍមិនឈប់ឈរ ដែលផ្តល់ឪកាសឲ្យអតិថិជនវ័យក្មេង សម្រាប់តម្រូវការរបស់ខ្លួន នៅតាមគេហដ្ឋាននូវគ្រឿងសង្ហារឹមដែលទាន់សម័យ គុណភាពល្អ តម្លៃសមរម្យ ដែលអាចជម្រុញឲ្យមានសន្ទុះជាវិជ្ជមានក្នុងការពង្រីកហាង CONFORAMAយ៉ាងលឿននៅទីនេះ។
លោស្រីម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងដែរថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនបារាំងនាពេលនេះ បានបញ្ជាក់ពីការលូតលាស់ឥតឈប់ឈរ នៃកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសមហាអំណាចសេដ្ឋកិច្ចផ្សេងៗដ៏ទៃទៀតលើលោក ។ ចាប់ពីពេលទទួលសន្តិភាពពេញលេញមក ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាប្រភព នៃអ្នកវិនិយោគទុនបរទេសដ៏មានសក្តានុពល ព្រមទាំងជាដៃគូពាណិជ្ជកម្មដ៏ល្អបំផុត ព្រមទាំងក៏ជាប្រទេសដែលមានចំនួនភ្ញៀវទេសចរដ៏ច្រើន ដែលកំពុងមកទស្សនាកម្ពុជា។
លោកស្រីឧបនាយករដ្ឋមន្រ្តី បានសម្តែងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នា ក្នុងការចាប់ដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុក ហើយរាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុនទាំងពីរ អតិថិជននឹងបានអង់សែនផ្សារទំនើបមួយថ្មី ដែលមានផលិតផលថ្មីប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ ។ ផ្សារទំនើបថ្មីនេះ នឹងអាចបង្កើតការងារ និងប្រាក់ចំណូលយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្រុមហ៊ុន CONFORAMA គឺជាក្រុមហ៊ុនយក្សមួយដ៏ល្បីល្បាញនៅទ្វីពអឺរ៉ុប និងជាប់ចំណាត់ថ្នាក់លេខ១ នៅប្រទេសបារាំង ខាងលក់ចែកចាយកផលិតផលគ្រឿងសង្ហារឹមគ្រប់ប្រភេទ និងសម្ភារៈគ្រប់ប្រភេទសម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ដោយមានការជ្រើសរើសយ៉ាងល្អប្រពៃសម្រាប់តម្រូវការរបស់អតិថិជន និងមហាជនគ្រប់ស្រទាប់វណ្ណៈ។
ក្រុមហ៊ុន CONFORAMA មានហាងធំៗ ៣៣៧ ទីតាំង នៅប្រទេសបារាំង និង ៨ប្រទេសផ្សេងទៀត លើពិភពលោកដែលមានបុគ្គលិកជាង ១៤០០០នាក់៕