ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមការព្យាករណ៍របស់ក្រុមអ្នកជំនាញបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៥នេះ នឹងជួបប្រទះលក្ខខណ្ឌស្រដៀងគ្នា ទៅនឹងស្ថានភាពក្នុងឆ្នាំ២០២៤ ដោយតម្លៃអចលនទ្រព្យលំនៅដ្ឋានត្រូវបានគេរំពឹងថា អាចបន្តស្ថិតនៅទ្រឹង។
ទោះជាយ៉ាងណាក្តី ក្រុមអ្នកជំនាញបានសង្កេតឃើញនូវទិដ្ឋភាពវិជ្ជមានមួយចំនួន លើតម្រូវការប្រភេទអចលនទ្រព្យមួយចំនួន ជាពិសេសផ្នែកអចលនទ្រព្យឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងមានភាពប្រសើរឡើង។
-->
នៅក្នុងព្រឹត្តិការណ៍“Fearless Forecast”ប្រចាំឆ្នាំ២០២៥ ដែលរៀបចំឡើង ដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia នៅថ្ងៃទី១៤ ខែមករា លោកស្រី គឹម គិនកេសា អគ្គនាយិកាក្រុមហ៊ុនCBRE Cambodia បានមានប្រសាសន៍ឱ្យដឹងថា តម្រូវការលំនៅដ្ឋាន អគារការិយាល័យ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នឹងបង្ហាញសញ្ញាប្រសើរឡើងជាងមុនបន្តិច។
ទោះជាយ៉ាងណាក្តី លោកស្រីជឿជាក់ថា តម្លៃអចលនទ្រព្យអាចបន្តស្ថិតក្នុងសភាពទ្រឹងដដែល។
អ្នកជំនាញរូបនេះរំពឹងថា ការកើនឡើងនៃតម្រូវការអចលនទ្រព្យនៅក្នុងវិស័យឧស្សាហកម្ម នឹងក្លាយជាទិដ្ឋភាពវិជ្ជមានបំផុត នៃទីផ្សារអចលនទ្រព្យកម្ពុជានៅឆ្នាំនេះ។
លោកស្រីបានថ្លែងក្នុងព្រឹត្តិការណ៍“Fearless Forecast” ថា“ខ្ញុំជឿជាក់ថា ផ្នែកអចលនទ្រព្យឧស្សាហកម្ម នឹងស្ទុះងើបឡើងវិញ មុនផ្នែកផ្សេងទៀត ហើយផ្នែកនេះនឹងមានអនាគតវែងឆ្ងាយ”។លោកស្រីបន្ថែមថា “និន្នាការនេះពុំមែនកើតឡើង តែនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែវាក៏កើតឡើងនៅតាមបណ្តាប្រទេសជិតខាងដូចជា វៀតណាម ថៃ និងម៉ាឡេស៊ីផងដែរ”។
លោកស្រីបានកត់សម្គាល់ថា លំហូរវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា បានកើនឡើងជាបណ្តើរៗចាប់តាំងពីចុងឆ្នាំ២០២៤ ជាមួយនឹងការកើនឡើង នៃតម្រូវការដីសម្រាប់សាងសង់រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស។
លោកស្រីបានវាយតម្លៃថា “កំណើននេះបណ្តាលមកពីភាពតានតឹង ដែលកំពុងកើនឡើង រវាងបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោក ជាពិសេសជម្លោះពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន”។

អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Group បានសម្តែងមតិថា ទាំងឆ្នាំ២០២៤ និងឆ្នាំ២០២៥ គេសង្កេតឃើញមានតម្រូវការច្រើន សម្រាប់ផ្នែកអចលនទ្រព្យឧស្សាហកម្ម ដូចជាដីសម្រាប់សាងសង់រោងចក្រ សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ឬឃ្លាំងជាដើម។
អ្នកឧកញ៉ាបង្ហាញសុទិដ្ឋិនិយមថា “ស្ថានភាពទីផ្សារអចលនទ្រព្យនៅឆ្នាំ២០២៥ អាចមានភាពល្អប្រសើរជាងឆ្នាំ២០២៤ ជាពិសេសទាក់ទងនឹងដីធ្លី សម្រាប់បម្រើដល់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា”។
ទោះបីជាយ៉ាងណាក្តី ស្ថានភាពទីផ្សារអចលនទ្រព្យលំនៅដ្ឋានអាចនឹងស្ថិតនៅទ្រឹងដដែល ដូចស្ថានភាពកាលពីឆ្នាំ២០២៤កន្លងទៅ ដោយសារតែការផ្គត់ផ្គង់ លើសតម្រូវការនៅតែជាបញ្ហាចម្បង។
អ្នកឧកញ៉ាសំ សុខនឿនបានព្រមានថា “វិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៥នេះ នឹងមិនទាន់ស្ទុះងើបឡើងវិញ ដល់កម្រិតក្នុងឆ្នាំ២០១៩ នៅឡើយទេ”។

ដើម្បីជួយជំរុញកំណើននៃវិស័យអចលនទ្រព្យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅដ្ឋាន និងផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយអនុវត្តន៍ពេញមួយឆ្នាំ២០២៥។
បទប្បញ្ញត្តិថ្មីនេះ មានគោលបំណងលើកទឹកចិត្ត ដល់ការបង្កើនការទិញផ្ទះ ពីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍នានា រួមទាំងអគារបុរីលំនៅដ្ឋាន ឬខុនដូ។ ទន្ទឹមគ្នានេះ ពលរដ្ឋដែលមានលំនៅដ្ឋានទី២ ឬបន្តបន្ទាប់ក៏ត្រូវទទួលបានការអនុញ្ញាត ឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចំនួន៧ម៉ឺនដុល្លារអាមេរិក។
ដោយឡែក ការទិញលំនៅដ្ឋាន ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលពុំមានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍ និងលំនៅដ្ឋានដែលម្ចាស់គម្រោងមានបញ្ហា ឬក្ស័យធន តែត្រូវបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិកាន់កាប់ តាមរយៈយន្តការដោះស្រាយរបស់ក្រសួង ឬស្ថាប័នពាក់ព័ន្ធក៏ត្រូវទទួលបានការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាដូចគ្នាផងដែរ។

ក្រុមជំនាញនៅក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ការលើកទឹកចិត្តដល់អ្នកទិញផ្ទះដំបូង តាមរយៈការលើកលែងពន្ធប្រថាប់ត្រាលើផ្ទះ ដែលមានតម្លៃក្រោម២១មុឺនដុល្លារ ផ្តល់អត្ថប្រយោជន៍ដល់អ្នកទិញ ដោយកាត់បន្ថយថ្លៃដើម និងជំរុញតម្លៃសមរម្យ។
គោលនយោបាយនេះលើកទឹកចិត្ត បុគ្គលកាន់តែច្រើនឱ្យឈានជើងចូលក្នុងទីផ្សារលំនៅដ្ឋាន ផ្តល់ភាពបត់បែនផ្នែកហិរញ្ញវត្ថុ និងសម្របសម្រួលការផ្លាស់ប្តូរ ពីការជួលទៅជាការទិញ។ ការណ៍នេះនឹងជួយជំរុញទីផ្សារលំនៅដ្ឋាន ប្រកបដោយបរិយាបន្ន និងជួយធ្វើឱ្យអត្រាកាន់កាប់ផ្ទះមានស្ថិរភាព។

ក្រុមហ៊ុន CBRE Cambodia អះអាងថា ការលើកទឹកចិត្តនេះនឹងពន្លឿនការផ្ទេរកម្មសិទ្ធិ សំដៅកាត់បន្ថយហានិភ័យនៃជម្លោះ ដែលអាចកើតមាន។ ការលើកលែងពន្ធទាំងនេះ ក៏នឹងផ្តល់ឱកាសដល់អ្នកអភិវឌ្ឍន៍ក្នុងការពន្លឿន កិច្ចខិតខំប្រឹងប្រែងនៅឆ្នាំ២០២៥ ដោយផ្តោតលើអ្នកទិញផ្ទះសម្រាប់គោលបំណងវិនិយោគ៕ប្រភព: CBRE៕
