ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកបណ្ឌិតឈាង វណ្ណារិទ្ធ ស្ថាបនិក និងជានាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានបញ្ជាក់ថា សមិទ្ធផលនៅក្នុងពេញមួយឆ្នាំ២០២៤ គឺជាការបង្ហាញពីកត្តាវិជ្ជមាន ទាំងផ្នែកសេដ្ឋកិច្ច និងឆ្លុះបញ្ចាំងពីភាពជឿជាក់ និងទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
លោកមានប្រសាសន៍បែបនេះ សំដៅដល់អាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តជាច្រើនរយគម្រោងវិនិយោគ និងបង្កើតការងារច្រើនម៉ឺនកន្លែង។
-->
តាមរយៈការអនុម័តគម្រោងវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអាចមានលទ្ធភាពបង្កើតឱកាសការងារ បានប្រមាណ៣២ម៉ឺនកន្លែងលើគម្រោងជិត៥០០ គម្រោងនៅក្នុងពេញមួយឆ្នាំ២០២៤។
លោកបណ្ឌិតបានបញ្ជាក់ថា “សញ្ញាណល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថេរភាពនយោបាយរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧”។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥លាននាក់ ជាពិសេសយុវជន គោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ លោកបណ្ឌិតបានមើលឃើញថា ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ននេះ យ៉ាងហោចណាស់ត្រូវមានជំនាញមួយសម្រាប់ជីវិតខ្លួន ពោលគឺត្រូវពង្រឹងលើការសិក្សាជំនាញរបស់ខ្លួនឱ្យស្របតាមបរិបទសេដ្ឋកិច្ចប្រទេសកម្ពុជា។
លោកបណ្ឌិតឈាង វណ្ណារិទ្ឋបញ្ជាក់បន្ថែមថា បើទោះបីប្រទេសកម្ពុជាមានកំណើន នៃការវិនិយោគល្អនៅឆ្នាំ២០២៤ ក៏ប៉ុន្តែកម្ពុជានៅតែត្រូវធ្វើបន្ថែមទៀត លើការវិនិយោគលើវិស័យផ្សេងៗទៀត ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញការវិនិយោគនៅថ្នាក់ជាតិ និងថ្នាក់ខេត្តដ៏ទៃទៀតផងដែរ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៦,៩ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត៣២ម៉ឺនកន្លែង។

ការអនុម័តគម្រោងវិនិយោគនេះ មានការកើនឡើងចំនួន១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក២៧គម្រោង៕
