ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ កម្ពុជាបានទទួលនូវប្រភពផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែមទៀត ពីរោងចក្រអគ្គិសនីដើរដោយប្រព័ន្ធសូឡាដែលមានទំហំ ២០មេហ្គាវ៉ាត់ ដែលជាការជួយបំពេញកង្វះខាតថាមពលអគ្គិសនីបច្ចុប្បន្ន ខណៈដែលនៅរដូវប្រាំងឆ្នាំ២០១៩ អាចនឹងបន្តអូសបន្លាយរយៈពេលយូរទៅទៀត។

-->
បើតាមការសន្និដ្ឋានរបស់គណៈប្រតិភូក្រសួងរ៉ែ និងថាមពល និងគណៈប្រតិភូអគ្គិសនីកម្ពុជានៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩កន្លងមកនេះ ដែលបានចុះទៅពិនិត្យប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ មានទីតាំងនៅត្មាតពង ខេត្តកំពង់ស្ពឺ និងបន្ទាប់ពីបានធ្វើតេស្តសាកល្បងបញ្ជូនអគ្គិសនី ចូលប្រព័ន្ធបណ្តាញជាតិបានដោយសុវត្ថិភាព និងជោគជ័យ អ្នកបច្ចេកទេស បានបង្ហាញជំនឿជាក់ថា ពួកគេនឹងអាចដាក់បញ្ចូលអគ្គិសនីចូលប្រព័ន្ធបណ្តាញជាតិ បានចំនួន២០មេហ្កាវ៉ាត់ទាំងស្រុងតែម្តង នៅដំណាក់កាលទី១ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នេះ។
យោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលថ្ងៃទី១៨ មិនាកន្លងមកបានឲ្យដឹងថា បញ្ហាខ្វះខាតថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់នាពេលបច្ចុប្បន្ននេះ បញ្ហាចម្បង បណ្តាលមកពីកត្តាអាកាសធាតុក្ដៅខ្លាំង និងការខ្វះទឹកខុសប្រក្រតីធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីនៅឆ្នាំ២០១៩ មានការកើនឡើងយ៉ាងគំហុកលើសពីការរំពឹងទុក។ ដោយឡែកការខ្វះខាតទឹកនេះ បានធ្វើឱ្យសមត្ថភាពផ្គត់ផ្គង់ថាមពលចេញវារីអគ្គិសនីថយចុះ មិនអាចធានាការផ្គត់ផ្គង់ថាមពលអគ្គិសនី បានពេញលេញទូទាំងប្រទេសដល់ចុងរដូវប្រាំងនោះឡើយ។
ជាដំណោះស្រាយបញ្ហានេះ អគ្គិសនីកម្ពុជាបានទាក់ទងប្រទេសជិតខាងឱ្យជួយបង្កើនការផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់កម្ពុជា។ ជាលទ្ធផល ប្រទេសថៃបានជួយបង្កើនការផ្គត់ផ្គង់បន្ថែម ៨០MW ប្រទេសឡាវបន្ថែម ១០WM និងប្រទេសវៀតណាមបានជួយរក្សាការផ្គត់ផ្គង់ឱ្យនៅដដែល ទោះបីជាភាគខាងត្បូង នៃប្រទេសវៀតណាមកំពុងជួបបញ្ហាផ្គត់ផ្គង់អគ្គិសនីដូចគ្នា។
សេចក្តីប្រកាសព៌តមានដដែលបានបន្តថា ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែខ្វះខាតថាមពលប្រមាណ១៣% ដែលតម្រូវឱ្យអគ្គិសនីកម្ពុជាធ្វើការកាត់បន្ថយការផ្គត់ផ្គង់ខ្លះរហូតរដូវវស្សាចូលមកដល់ ដោយការបន្ថយការផ្គត់ផ្គង់នេះ ត្រូវធ្វើឡើងនៅពេលថ្ងៃ និងតាមកន្លែងឆ្លាស់គ្នា ដើម្បីរក្សាការផ្គត់ផ្គង់ពេលយប់ ដែលជាពេលដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ជាចាំបាច់ប្រចាំថ្ងៃ។

ជាមួយនឹងការខិតខំស្វះស្វែងរកប្រភពបំពេញបន្ថែម នូវថាមពលអគ្គិសនីនាពេលនេះ អាជ្ញាធរអគ្គិសនីកម្ពុជាកំពុងតែរៀបចំផែនការ អភិវឌ្ឍប្រភពអគ្គិសនី រួមមាន វារីអគ្គិសនី រោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម និងប្រភពផ្សេងៗទៀតដែលដើរដោយថាមពលពន្លឺព្រះអាទិត្យជាដើម។ ដូច្នេះទាំងអស់នេះ ជាសេចក្ដីប្រកាសរបស់អគ្គិសនីកម្ពុជាជូនប្រជាជនកម្ពុជា ដែលកំពុងតែជួបភាពលំបាក ក្នុងការប្រើប្រាស់អគ្គិសនីមិនគ្រប់គ្រាន់តាមតម្រូវការ៕