សម្តេចធិបតីៈរាជរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកា១៥០លានដុល្លារជួយទប់ស្កាត់ការធ្លាក់ចុះតម្លៃកសិផល ស្របពេលការនាំចេញកើនឡើង

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ តាមរយៈវេទិកាសាធារណៈបានបង្ហាញតួលេខ បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយរកទីផ្សារជូនកសិករ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់តាមរយៈការប្រៀបធៀប ការនាំចេញកសិផលរបស់កម្ពុជា នៅឆ្នាំ២០២២ ធៀបជាមួយឆ្នាំ២០២៤ និងប្រទេសដែលបាននាំចូលកសិផលរបស់កម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលសរុបចំនួន៨.៦លានតោន ទៅកាន់ប្រទេសចំនួន ៧៤ ក្នុងនោះមានស្រូវចំនួន៣.៥លានតោន។ ចំណែកឆ្នាំ២០២៤ កម្ពុជានាំចេញកសិផលចំនួន​១១លានតោណ ទៅកាន់ប្រទេសចំនួន ៩៤ប្រទេស ក្នុងនោះមានស្រូវ៥លានតោន។ បើប្រៀបធៀបឆ្នាំ២០២២ និងឆ្នាំ២០២៤ កម្ពុជាបានពង្រីកទីផ្សារនាំចេញបានចំនួន ២០ប្រទេស។

ការថ្លែងរបស់សម្តេចបវរធិបតី បានធ្វើឡើងក្នុងឱកាសអញ្ជើញ សម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌល​អតីតយុទ្ធជនប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាយើងគិតទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។ នៅក្នុងស្រុករបស់យើង គ្រាន់តែស្រូវរបស់យើង នៅឆ្នាំ២០២៣ ការប្រមូលផលស្រូវរបស់យើងមាន១៣លានតោន ហើយប្រជាពលរដ្ឋរបស់យើង១៧លាននាក់ ហូបអស់តែ៥លានតោនទេ សល់៧លានតោនទៅណា?។

សម្តេចបន្ថែមថា អីចឹងបានយើងខិតខំរកទីផ្សារក្រៅស្រុកបន្ថែមទៀត ជូនប្រជាកសិកររបស់យើង។ ខ្ញុំគ្រាន់តែប្រៀបធៀបឆ្នាំ២០២២ និងឆ្នាំ២០២៤ ការនាំចេញកសិផលរបស់យើងនៅឆ្នាំ២០២២ យើងនាំចេញ ៨.៦លានតោន ទៅកាន់៧៤ប្រទេស ក្នុងនោះស្រូវយើងនាំចេញ ៣.៥លានតោន ទៅប្រទេសជិតខាងរបស់យើង បូកជាមួយអង្ករយើងនាំចេញ ៦៤ម៉ឺនតោន ចេញទៅ៦២ប្រទេស។ នៅឆ្នាំ២០២៤ ការនាំចេញកសិផលសរុបកើនពី៨.៦លានតោន (២០២២) ទៅ១១លានតោន នៅឆ្នាំ២០២៤ ហើយនាំចេញទៅកាន់ ៩៤ប្រទេសកើន ២០ប្រទេសក្នុង១ឆ្នាំ។ ចំពោះស្រូវយើងកើនការនាំចេញរហូតដល់ ៥លានតោន ហើយបីប្រទេស ថែមទាំងប្រទេសព័រទុយហ្គាល់មួយទៀត។ ចំណែកអង្ករឆ្នាំ២០២៤ យើងនាំចេញ៦៥ម៉ឺនតោន ទៅកាន់៧៥ប្រទេស នេះហើយ គឺជាការខិតខំរកទីផ្សារបន្ថែមជូកសិកររបស់យើង”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានប្រកាសថា រាជរដ្ឋាភិបាល សម្រេចឯកភាពដំឡើងកញ្ចប់ថវិកាបន្ថែម រហូតដល់១៥០លានដុល្លារអាមេរិក ដើម្បីធានាចរន្ដការទិញស្រូវពីប្រជាកសិករ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “យើងមានយុទ្ធការធានាឥណទាន សម្រាប់ការនាំចេញអង្ករ ដែលមានទំហំគម្រោងពី៣០លានដុល្លារ ដំឡើងរហូតដល់១៥០លានដុល្លារ ដែលបានឯកភាពកាលពីសប្ដាហ៍មុន […] ដើម្បីធានាដល់រោងមាស៊ីនកិនស្រូវ អាចមានលទ្ធភាពទៅខ្ចីលុយពីធនាគារឯកជន មកធ្វើជាទុនបង្វិល”។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជាអត់មានលុយ១៥០លានដុល្លារ សម្រាប់ដាក់ធានាឲ្យម៉ាស៊ីនកិនស្រូវទេ គឺម៉ាស៊ីនកិនស្រូវ ទៅខ្វីលុយធនាគារអត់បានទេ ដែលមានន័យថា រាជរដ្ឋាភិបាល ចេញមុខទៅជួយផ្ដល់ឥណទាន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសម្រេចដំឡើងកញ្ចប់ថវិកា រហូតដល់១៥០លានដុល្លារនេះ គឺជាវិធានជាក់ស្ដែង ដែលរាជរដ្ឋាភិបាលបានធ្វើ ហើយនឹងកំពុងធ្វើ ហើយនឹងធ្វើបន្ដទៀត ដើម្បីធានាចរន្ដការទិញស្រូវពីប្រជាកសិករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here