ដោយ: គង់ លាងហួរ
អន្តរជាតិ: លំហូរភ្ញៀវទេសចរណ៍អន្តរជាតិ កំពុងហូរចូលមកកាន់ប្រទេសកម្ពុជាឡើងវិញ។ ជាក់ស្ដែង កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានអ្នកដំណើរបរទេសចំនួន៦,៧លាននាក់ កើនឡើង២២,៩ភាគរយបើធៀបនឹងឆ្នាំ២០២៣។
យ៉ាងណាមិញ អាជីវកម្មនានា ដែលពឹងផ្អែកលើលំហូរភ្ញៀវទេសចរណ៍កំពុងជួបប្រទះការលំបាកនៅឡើយ ខណៈអ្នកដំណើរភាគច្រើនហាក់មិនបានធ្វើដំណើរទៅកាន់ទីតាំងកំសាន្តដ៏ពេញនិយមកាលពីឆ្នាំ២០១៩ ជាពិសេសខេត្តសៀមរាប។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា “ទោះបីជាវិស័យទេសចរណ៍បានស្ទុះងើបឡើងវិញយ៉ាងណាក្តី ក៏ប៉ុន្តែភ្ញៀវទេសចរណ៍មិនបានចំណាយប្រាក់ច្រើនលើសេវាបដិសណ្ឋារកិច្ចនានា ដូចជាសណ្ឋាគារ និងភោជនីយដ្ឋានដូចពីមុនឡើយ”។
-->
លោកស្រីបានបញ្ជាក់ប្រាប់ទៅកាន់កាសែត Nikkei Asia ថា “ការធ្លាក់ចុះនៃប្រាក់ចំណូលពីភ្ញៀវទេសចរណ៍បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា និងបង្កផងប៉ះពាល់ដល់វិស័យផ្សេងទៀតផងដែរ”។

កម្ពុជាបានស្រូបទាញភ្ញៀវទេសចរណ៍បរទេសភាគច្រើន មកពីប្រទេសថៃ ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសឡាវ ខណៈដែលកាស៊ីណូធំៗនៅរាជធានីភ្នំពេញរបស់ក្រុមហ៊ុន NagaCorp អាចជាមេដែកមួយទាក់ទាញភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេសជិតខាងទាំងនេះ។
យ៉ាងណាមិញ ផលប៉ះពាល់ដ៏ធំបំផុតចំពោះវិស័យទេសចរណ៍កម្ពុជាបានបណ្តាលមកពីការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍ជនជាតិចិន។
លោកស្រី ឆាយ សុីវលីន បានគូសបញ្ជាក់ទៀតថា “អាជីវកម្មដែលពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរណ៍ចិនបានប្រឈមមុខនឹងបញ្ហាជាច្រើន ហើយអាជីវកម្មជាច្រើនត្រូវសម្របខ្លួន ឬបង្ខំចិត្តបិទទ្វារ”។
លោក យិន សូរិយា ទីប្រឹក្សា និងជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកទេសចរណ៍ ធុរកិច្ច និងការអភិវឌ្ឍន៍សហគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា “វិស័យទេសចរណ៍ជុំវិញពិភពលោកមិនទាន់វិលទៅរកសភាពប្រក្រតីដូចមុនវិបត្តិជំងឺកូវីដនោះទេ ហើយកម្ពុជាក៏កំពុងជួបប្រទះបញ្ហានេះដូចគ្នាដែរ”។
លោកបានបញ្ជាក់ប្រាប់កាសែត Nikkei Asia ថា “បន្ទាប់ពីបញ្ហាជំងឺកូវីដ-១៩ បញ្ចប់ទៅ មនុស្សភាគច្រើនមានទំនោរដើរលេងកំសាន្តនៅទីតាំងជិតៗ ឬបណ្តាប្រទេសជិតខាង។ ប្រាក់ សុខភាព និងសុវត្ថិភាពនៅតែជាបញ្ហាសម្រាប់មនុស្សក្នុងការធ្វើដំណើរផ្លូវឆ្ងាយ”។

លោក Toan Nguyen នាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ក្នុងតំបន់ DMC Mekong Image លើកឡើងថា ប្រទេសកម្ពុជាមានគោលដៅទេសចរណ៍ប្រកបដោយសក្តានុពលជាច្រើន ជាពិសេសសម្រាប់ព្រឹត្តិការណ៍ និងការធ្វើដំណើរទាក់ទងនឹងការងារ។
ដោយសារវិស័យទេសចរណ៍របស់កម្ពុជានៅតែតាមដើរពីក្រោយបណ្តាប្រទេសជិតខាងដូចជា ថៃ និងវៀតណាម លោក Nguyen បានស្នើឱ្យកម្ពុជាក្រឡេកមើលទៅកាន់ទិដ្ឋភាពជារួម ទាំងការជំរុញឱ្យមានតម្រូវការជើងហោះហើរនៅក្រៅប្រទេស ដើម្បីលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ធំៗបើកជើងហោះហើរញឹកញាប់ជាងមុនមកកាន់កម្ពុជា៕ប្រភព: Nikkei Asia៕
