រដ្ឋមន្ត្រី​ទេសចរណ៍​ ​ព្រមាន​ផាកពិន័យ​លើ​ម្ចាស់​ភោជនីយដ្ឋាន​ណា​មិនព្រម​ដាក់​ ​Menu​ ​ឱ្យ​ភ្ញៀវ​មើល​

0

ដោយ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​បាន​ព្រមាន​យ៉ាង​ដាច់​អ​ហង្កា​ថា​ ​ត្រូវតែ​ចាត់វិធានការ​តឹងតែង​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ ​ក៏ដូចជា​ភោជនីយដ្ឋាន​-​អាហារដ្ឋាន​ណា​ ​ដែល​នៅតែ​មិនព្រម​បិទ​បង្ហាញ​តម្លៃ​ទំនិញ​-​សេវាកម្ម​ ​ឬ​តារាងតម្លៃ​ ​(​Menu​)​ ​មុខម្ហូប​ឲ្យ​អតិថិជន​របស់​ខ្លួន​។​


​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថ្លែង​ក្នុង​ឱកាស​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៨​ ​ត្រីមាស​ទី១​ ​ឆ្នាំ២០១៩​ ​និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី២​ ​ឆមាស​ទី២​ ​ឆ្នាំ២០១៩កាលពី​ថ្ងៃទី០៣​ ​ខែមេសា​ ​ឆ្នាំ២០១៩កន្លងមក​នេះ​ ​បញ្ជា​ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ ​ត្រូវ​ទប់ស្កាត់​ការ​ឡើងថ្លៃ​ហួសហេតុ​ពេក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​ដោយ​ត្រូវ​បញ្ជ្រាប​ឱ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងនោះ​ ​ដាក់​បង្ហាញ​តារាងតម្លៃ​លើ​មុខទំនិញ​-​សេវាកម្ម​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​ ​និង​អាច​ទទួលយក​បាន​។​

​លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ​«​យើង​មិន​អាច​កំណត់​ថ្លៃ​ជំនួស​ម្ចាស់​អាជីវកម្ម​ទាំងនោះ​បានទេ​ ​យើង​ផាក​តែ​អ្នកណា​អត់​សរសេរ​តម្លៃ​ ​មានន័យថា​ ​យើង​អត់​ផាក​រឿង​ឡើងថ្លៃ​ ​ឬមិន​ឡើង​ថ្លែនោះ​ទេ​ ​បើ​គេ​សរសេរ​ហើយ​ ​អាជ្ញាធរ​ដែនដី​ ​និង​សមត្ថកិច្ច​ជំនាញ​ត្រូវ​ចុះ​ត្រួតពិនិត្យ​មើល​ថា​ ​តម្លៃ​ដែលគេ​សរសេរ​នោះ​ត្រឹមត្រូវ​ ​ឬក៏​អត់​ ​ហើយ​បើ​សមស្រប​ហើយ​ ​យើង​ទទួលស្គាល់​ឲ្យ​គេដាក់​ទៅ​»​។​

​លោក​រដ្ឋមន្ត្រី​ ​ថោង​ ​ខុន​ ​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ ​ការ​ធ្វើបែប​នេះ​យូរ​ៗ​ទៅ​ប្រាកដជា​ជំរុញ​ឲ្យ​អាជីវករ​ទាំងនោះ​ភ្ញាក់រឭក​ ​និង​ងាក​មក​អនុវត្ត​ត្រឹមត្រូវ​វិញ​ ​ពីព្រោះ​ការ​ប្រកប​អាជីវកម្ម​របស់​ពួកគេ​មិនមែន​តែមួយ​ថ្ងៃ​ពីរ​ថ្ងៃ​ឯណា​ ​ពោល​គឺ​ពួកគេ​នៅ​ប្រកបរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ ​ហើយ​ពួកគេ​ក៏​ត្រូវការ​ភ្ញៀវ​ចូល​ច្រើន​ដែរ​ ​តែបើ​ថ្លៃ​ហួសហេតុ​ពេក​ ​ភ្ញៀវ​មិន​អាច​ទទួលយក​បាន​ ​គេ​ក៏​ឈប់​ចូល​ដែរ​។​



​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​ក៏បាន​ដាស់តឿន​ជាថ្មី​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ ​និង​មន្ត្រី​មានសមត្ថកិច្ច​ ​ត្រូវ​យកចិត្ត​ទុក​លើ​បញ្ហា​សំរាម​ ​និង​បរិស្ថាន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​ពិសេស​ត្រូវ​ខិតខំ​ពង្រឹង​យុទ្ធនាការ​ ​«​គ្មាន​សំរាម​ក្រោម​តុ​នៅ​តាម​ភោជនីយដ្ឋាន​-​អាហារដ្ឋាន​»​ ​ឲ្យបាន​ផុសផុល​ ​និង​ត្រូវ​ទប់ស្កាត់​ការ​ចោលសំរាម​តាម​ទី​សាធារណៈ​ឲ្យ​មានប្រសិទ្ធភាព​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here