ការសិក្សាថ្មី: ចំនួនអ្នកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់នៅប្រទេសចិនវ៉ាដាច់សហរដ្ឋអាមេរិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Dongbi Data ដែលមានមូលដ្ឋាននៅទីក្រុងសុិនជិន (Shenzhen)បានឱ្យដឹងថា ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក បើគិតពីចំនួនអ្នកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់។

កាសែត South China Morning Post បានរាយការណ៍ ចំនួនអ្នកជំនាញវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងគំហុកពីចំនួន៣៦.៥៩៩នាក់ក្នុងឆ្នាំ២០២០ មកនៅសល់ត្រឹម៣១.៧៨១នាក់ក្នុងឆ្នាំ២០២៥ ដែលមានន័យថា សហរដ្ឋអាមេរិកមានអ្នកវិទ្យាសាស្ត្រចំនួន២៧% នៃចំនួនអ្នកវិទ្យាសាស្ត្រសរុបទូទាំងពិភពលោក។

ផ្ទុយទៅវិញ ចំនួនអ្នកជំនាញវិទ្យាសាស្ត្រនៅប្រទេសចិនបានកើនឡើងពីចំនួន១៨.៨០៥នាក់ ដល់ចំនួន៣២.៥១១នាក់នៅក្នុងអំឡុងរយៈពេលដូចគ្នា ដែលមានន័យថា ប្រទេសចិនមានអ្នកវិទ្យាសាស្ត្រចំនួន២៨%នៃចំនួនអ្នកវិទ្យាសាស្ត្រសរុបទូទាំងពិភពលោក។

បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន(Chinese Academy of Sciences) ដែលជាស្ថាប័នស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រធំជាងគេបំផុតមួយនៅលើពិភពលោក បាននាំមុខគេ ដោយមានអ្នកវិទ្យាសាស្ត្រកំពូលចំនួន៣.៦១៥នាក់។

ដោយឡែក សាកលវិទ្យាល័យ Harvard University នៅសហរដ្ឋអាមេរិក មានអ្នកវិទ្យាសាស្ត្រចំនួន១.៦៨៣នាក់ប៉ុណ្ណោះ ខណៈសាកលវិទ្យាល័យ Stanford University មានអ្នកវិទ្យាសាស្ត្រចំនួន១.២០៨នាក់។

ក្រៅពីប្រទេសចិន និងសហរដ្ឋអាមេរិក ការសិក្សាបានរកឃើញថា ចំនួនអ្នកវិទ្យាសាស្ត្រនៅប្រទេសអាល្លឺម៉ង់បានស្ថិតក្នុងសភាពទ្រឹង ខណៈដែលចំនួនអ្នកវិទ្យាសាស្ត្រនៅប្រទេសអង់គ្លេស បារាំង ជប៉ុន និងអូស្ត្រាលី ត្រូវបានគេរាយការណ៍ថា មានការធ្លាក់ចុះ។

នៅក្នុងន័យនេះ ការប្រើប្រាស់ពាក្យថា “អ្នកជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់”សំដៅទៅលើក្រុមអ្នកស្រាវជ្រាវ ដែលបានបោះពុម្ពផ្សាយឯកសារដ៏មានឥទ្ធិពលនៅក្នុងទស្សនាវដ្ដីអន្តរជាតិល្បីៗ។

លោក Wu Dengsheng ស្ថាបនិកក្រុមហ៊ុន Dongbi Data និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Shenzhen University បានលើកឡើងថា“ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទិដ្ឋភាពសកលនៃធនធានមនុស្សមានទេពកោសល្យខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់បានឆ្លងកាត់នូវការផ្លាស់ប្តូរយ៉ាងសុីជម្រៅ”៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here