សម្តេចធិបតីណែនាំឲ្យជម្រុញការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ ពិភពលោកបន្ថែមទៀត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានជម្រុញឲ្យក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ឋបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោកកាន់តែច្រើនបន្ថែមទៀត។

សម្តេចមហាបវរធិបតី បានកត់សម្គាល់ថា ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦.៧លាននាក់ កើនលើសកម្រិតមុនវិបត្តិជំងឺកូវីដ១៩ទៅទៀត ពោលគឺកើនឡើង១.៤% បើធៀបជាមួយឆ្នាំ២០១៩ (៦.៦លាននាក់) ចំណែកឯភ្ញៀវទេសចរ​ជាតិមានប្រមាណ២២លាននាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មានដដែល សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រសួងទេសចរណ៍ ខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ឱ្យកាន់តែច្រើនបន្ថែមទៀត ដោយសម្តេចធិបតីចាត់ទុកថាវិស័យនេះ គឺជាសក្តានុពលដ៏ខ្លាំងមួយ ដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័ស។

យោងតាមរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ឆ្នាំ២០២៤ដូចគ្នា កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាសចំនួន៦,២៤១,៨៤២នាក់ កើនឡើងជាង២២% បើធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៣ និងទទួលបានជើងហោះហើរសរុបចំនួន៥៨,៣៥៤ជើង កើនឡើងជាង១៤% បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា។

វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង ជាវិស័យអាទិភាព ដែលបានចូលរួមដោយផ្ទាល់ ក្នុងចំណូលសេដ្ឋកិច្ចជាតិ និងបានបង្កើតឱកាសការងារយ៉ាងច្រើន ដល់ប្រជាពលរដ្ឋផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here