ដោយ: គង់ លាងហួរ
អន្តរជាតិ: វេបសាយ SpaSeekers.com របស់ប្រទេសអង់គ្លេសបានដាក់ចំណាត់ថ្នាក់ឆ្នេរសមុទ្រអូត្រេះរបស់កម្ពុជានៅលេខរៀងទី៧ ក្នុងចំណោមឆ្នេរសមុទ្រសម្រាប់សម្រាកលំហែកាយល្អបំផុតទាំង៥០នៅលើពិភពលោក។
វេបសាយ SpaSeekers.com បានលើកឡើងថា “ឆ្នេរសមុទ្រអូរត្រេះក្នុងខេត្តព្រះសីហនុរបស់កម្ពុជាមានទឹករាក់ និងមានភាពល្បីល្បាញសម្រាប់ភ្ញៀវទេសចរណ៍ ដែលចូលចិត្តភាពស្ងប់ស្ងាត់ ភាពស្រស់ស្អាត និងចំណាយតិច”។
ចំណែក ឆ្នេរសមុទ្រមួយទៀតរបស់កម្ពុជា ដែលមានឈ្មោះថា ឆ្នេរ “Serendipity”បានជាប់ចំណាត់ថ្នាក់ទី១៩ ក្នុងចំណោមឆ្នេរសមុទ្រសម្រាប់សម្រាកលំហែកាយល្អបំផុតទាំង៥០នៅលើពិភពលោក។នេះបើយោងតាមវេបសាយ SpaSeekers.com។
-->

វេបសាយ SpaSeekers.com បានអះអាងថា បញ្ជីឈ្មោះឆ្នេរសមុទ្រសម្រាប់សម្រាកលំហែកាយល្អបំផុតទាំង៥០ នៅទូទាំងពិភពលោកត្រូវបានដាក់ចំណាត់ថ្នាក់ ដោយផ្អែកលើការវាយតម្លៃជាក់ស្ដែង (Reviews)។
ក្នុងចំណោមនោះ ឆ្នេរសមុទ្រ Little French Key របស់ប្រទេស Honduras ជាប់ចំណាត់ថ្នាក់ជាឆ្នេរសមុទ្រសម្រាប់សម្រាកលំហែកាយល្អបំផុតលេខ១នៅលើពិភពលោក ខណៈចំណាត់ថ្នាក់លេខ២ បានទៅលើឆ្នេរសមុទ្រ Palm Cove ក្នុងប្រទេសអូស្ត្រាលី ហើយចំណាត់ថ្នាក់លេខ៣បានទៅលើឆ្នេរសមុទ្រ Nautholsvik Geothermal ក្នុងប្រទេស Iceland។

ចំណាត់ថ្នាក់លេខ៤ បានទៅលើឆ្នេរសមុទ្រ Yas Beach របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ខណៈចំណាត់ថ្នាក់លេខ៥ បានទៅលើឆ្នេរសមុទ្រ Saud Beach របស់ប្រទេសហ្វីលីពីន និងចំណាត់ថ្នាក់លេខ៦ បានទៅលើឆ្នេរសមុទ្រ South Padre Island របស់សហរដ្ឋអាមេរិក។
ចំណាត់ថ្នាក់លេខ៧ បានទៅលើឆ្នេរសមុទ្រអូត្រេះរបស់កម្ពុជា ខណៈចំណាត់ថ្នាក់លេខ៨ បានទៅលើឆ្នេរសមុទ្រ An Bang របស់ប្រទេសវៀតណាម ហើយចំណាត់ថ្នាក់លេខ៩ បានទៅលើឆ្នេរសមុទ្រ White Bay របស់ប្រទេសអង់គ្លេស។
ចំណែក ចំណាត់ថ្នាក់លេខ១០ បានទៅលើឆ្នេរសមុទ្រ Boca Grande នៅសហរដ្ឋអាមេរិក៕ប្រភព: SpaSeekers.com៕
