ដោយៈ គង់ សូរិយា
មណ្ឌលគិរីៈ គំរោងសាងសង់ព្រលានយន្តហោះ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី អាចត្រូវផ្លាស់ប្តូរទីតាំង ចេញពីទីតាំងចាស់ ទៅកាន់មូលដ្ឋាន ស្ថិតនៅក្នុងស្រុកកោះញែក ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ចេញពីទីរួមខេត្តនេះ។
យោងតាមប្រភពពីមន្រ្តីដែលអាចទុកចិត្តបាន និងបដិសេធមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទីតាំងព្រលានយន្តហោះបច្ចុប្បន្ន ត្រូវបានសិក្សា និងរកឃើញថាដីមានទំហំតូចពេក មិនអាចសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិបាន។
ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុនកូរ៉េមួយបានសិក្សាពីទីតាំងព្រលានយន្តហោះថ្មីនេះ ដែលមានការជម្រុញឲ្យមានការសាងសង់នៅក្នុងស្រុកកោះញែកជំនួសវិញ។ ប៉ុន្តែព័ត៌មានលំអិតយ៉ាងណា មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយ ដោយព័ត៌មាននេះជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានបដិសេធមិនអត្ថាធិប្បាយឬឆ្លើយសំណួរពាក់ព័ន្ឋនឹងរឿងនេះនៅឡើយទេ៕