ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរមួយចំនួនមិនទាន់យល់ច្បាស់អំពី នីតិវិធីនៃការនាំសាកសពដែលជាសាច់ញាតិរបស់ខ្លួនត្រូវស្លាប់ នៅក្រៅប្រទេសចូលមកស្រុក ឬការនាំសាកសពចេញពីក្នុងប្រទេសទៅកាន់ប្រទេសផ្សេងទៀតតើត្រូវមានលក្ខខ័ណ្ឌអ្វីខ្លះ?
ខាងក្រោមនេះគឺជានិតិវិធីខ្លះ ដែលយោងតាមច្បាប់របស់កម្ពុជាតាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា។
យោងតាមលិខិតលេខ៦៧៣៨ កបទ.សអ/ច្ប.ក៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៣ ស្តីពី ការអនុញ្ញាតនាំយកសាកសពជនបរទសចេញពីព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ការនាំចូលសាកសព ពីក្រៅប្រទេសចូលមកកម្ពុជា ក្រុមគ្រួសារសពត្រូវភ្ជាប់ឯកសារពីស្ថានទូតកម្ពុជា តាំងនៅក្នុងប្រទេសនៃសពទទួលមរណៈភាព និងភ្ជាប់ជាមួយកំណត់ហេតុ ឬ មូលហេតុនៃសាកសពស្លាប់នៃប្រទេសនាំចេញ។
លិខិតដដែលបន្តថា ការនាំយកសាកសពជនជាតិរបស់ខ្លួន ឬក្រុមគ្រួសារដែលបានទទួលមរណៈភាពនៅក្នុងប្រទេសកម្ពុជា ដោយសារជំងឺគ្រោះថ្នាក់ចរាចរ ឬករណីផ្សេងទៀត ត្រូវស្នើសុំទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជាជាមុន មុននឹងធ្វើការអនុញ្ញាតិឲ្យនាំយកសាកសពជនបរទេស ចេញពីព្រះរាជាណាចក្រកម្ពុជា៕