លោកសាយ សំអាល់ៈ ឧស្សាហកម្មទេសចរណ៍ នៅតែជាមុខព្រួញសំខាន់ក្នុងខឿនសេដ្ឋកិច្ចរបស់ខេត្តកែប

0

ដោយៈ ច្រាយ ចំណាន

    ខេត្តកែបៈ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា ឧស្សាហកម្មទេសចរណ៍ នៅតែជាមុខព្រួញសំខាន់ សម្រាប់សេដ្ឋកិច្ចរបស់ខេត្តកែប។

អញ្ជើញចូលរួមក្នុងឱកាសសន្និបាត ការងាររបស់ខេត្តកែបកាលពីសប្តាហ៍មុន លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងបន្តថា ឧស្សាហកម្មទេសចរណ៍ នៅតែជាមុខព្រួញសំខាន់ ក្នុងខឿនសេដ្ឋកិច្ចរបស់ខេត្ត ការប្រាស្រ័យទាក់ទងជាមួយអាជីវករ ដែលមានបទពិសោធន៍ចាស់ -ថ្មីក្នុងវិស័យនេះ អាចនឹងកំណត់បានបន្ថែមទៀត នូវតម្រូវការ​របស់ភ្ញៀវ​ទេសចរ ក្នុងស្រុកមានកម្រិតជីវភាពមធ្យម ជាពិសេសបង្កលក្ខណៈងាយស្រួល ​​​​​​​ដល់ប្រជាជនដែលមានទីលំនៅ ក្នុងខេត្តជាប់ព្រំប្រទល់ អញ្ជើញមក​ទស្សនា​កំសាន្តបានកាន់តែច្រើន និងកាន់តែញឹកញាប់។

លោកបញ្ជាក់ថា “អំណោយផលពីធម្មជាតិ គឺអាកាសធាតុល្អ និងខ្យល់ជំនោរបរិសុទ្ធរបស់ខេត្ត ​តាមបណ្តោយឆ្នេរសមុទ្រ ក៏ជាសក្តានុពលល្អ ននិងជាជម្រើសថ្មី សម្រាប់ការរៀបចំផ្ទះលម្ហែសម្រាប់មនុស្សវ័យជរា ឬវ័យចំណាស់មានជម្ងឺត្រូវការថែទាំ​ជាប្រចាំ”។

លោកសាយ សំអាល់បានផ្តល់អនុសាសន៍ថា ការរៀបចំសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ក្នុងវិស័យ​ទេស​ចរណ៍ ក៏គួររំលេច និងពង្រឹងនូវសក្តានុពល ដែលអាចជាកត្តាទាក់ទាញ​ចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរបរទេស ដែលនៅជាប់ព្រំប្រទល់ជិតខាងឱ្យមកទស្សនាកម្សាន្ត។

បន្ថែមលើនេះទៀត សូមចូលរួមលើកទឹកចិត្ត ដល់ការរៀបចំសហគមន៍​នេសាទ​​តាមបែបប្រពៃណី តាមរយៈការលើកទឹកចិត្តឱ្យដាំដុះបន្លែ ផ្តល់ដើមទុនសមល្មមឱ្យមានផ្លូវចូលទៅដល់សហគមន៍ មានបន្ទប់ទឹកស្អាត និងចំណតរថយន្តសមរម្យ ដើម្បីប្រែក្លាយទីតាំងសហគមន៍នេសាទ ទៅជាគោលដៅទេសចរក្នុងស្រុក ជាប្រភពផ្តល់ប្រាក់ចំណូលបន្ថែមជួយដល់ជីវភាពប្រជាជនក្នុងសហគមន៍។

លោកបន្តថា កិច្ចការនេះអាចសម្រេចទៅបាន ដោយសារមានការចូលរួមសហការយ៉ាងសកម្ម គួរឱ្យស្ញើចសរសើរ ជាពិសេសក្រុមការងារថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន ដែលបានចុះជាប់ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាជន ប្រកបដោយឥរិយាបថទទួលខុសត្រូវខ្ពស់។

លោកបញ្ជាក់ទៀតថា គ្រប់សមិទ្ធផលកិច្ចការទាំងអស់ដែលសម្រេចបាន គឺបង្ហាញពីប្រសិទ្ធភាព និងគុណភាពរដ្ឋបាលសាធារណៈទំនើប ដែលបានរៀបចំត្រឹមត្រូវ ប្រកបដោយភាពវាងវៃ និងអត់ធ្មត់ ដែលជាសមិទ្ធផលដ៏ធំធេង ក្រោម​គុណបំណាច់នៃកិច្ចខិតខំប្រឹងប្រែង របស់សម្តេចក្រឡា​ហោម អតីតប្រមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញប្រកបដោយ​ទស្សនវិស័យ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។

លោកសាយ សំអាល់បានបន្តថា យោងកត្តាភូមិសាស្ត្រ និងប្រជាជនក្នុងមូលដ្ឋាន គួរផ្តួចផ្តើមគិតគូរពីលទ្ធភាព​ម្ចាស់ ការលើផលិតផលកសិកម្មក្នុងស្រុក ដែលជាចំណែ​កទ្រទ្រង់ដល់ប្រយោជន៍​សុខភាពសាធារណៈ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយ​ប្រើប្រាស់ផ្ទៃដីដាំដុះដែលមាន មុននឹងឈានទៅពង្រឹងបច្ចេកទេស ​សម្រិតសម្រាំងផលិតផលក្នុងស្រុក សម្រាប់នាំចេញ ដើម្បីបើកច្រកសេដ្ឋកិច្ច សំដៅបង្កើនចំណូល។ ក្រៅពីកសិកម្មក្នុងស្រុក ក៏គួរគិតគូរពីការដាំដំណាំ និងរុក្ខជាតិសម្រាប់ពាណិជ្ជកម្មផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here