ដោយៈ គង់ សូរិយា
អន្តរជាតិៈ សារព័ត៌មានអនឡាញ ដែលផ្តោតលើវិស័យទេសចរណ៍ Travelweekly-Asia បានពិព៌ណនាពីសម្រស់ខេត្តកែប ដោយបានចាត់ទុកខេត្តនេះ ជាគ្រាប់ពេជ្រមិនទាន់ច្នៃក្នុងវិស័យទេសចរណ៍។
សារព័ត៌មាននេះបានសរសេរថា ខេត្តកែប ដែលខេត្តជាប់មាត់សមុទ្រដ៏តូចមួយរបស់កម្ពុជា បានសម្ងំលាក់ខ្លួន ឆ្ងាយពីប្រជាជនកម្ពុជាអស់ជាច្រើនទសវត្សរ៍មកហើយ បើទោះជាខេត្តនេះនៅជិតនឹងកោះត្រល់ក៏ដោយ។
-->
ប៉ុន្តែដោយសារការស្ថាបនាផ្លូវមួយខ្សែថ្មីមួយ តាមបណ្ដោយឆ្នេរអង្កោល ការកែលម្អអគារសម័យអាណានិគមបារាំង ឱ្យទៅជាសណ្ឋាគារ និងការអភិវឌ្ឍនានានៅលើកោះទន្សាយ បានធ្វើឱ្យខេត្តកែបត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់នូវភាពស្រស់ស្រាយ ដល់ភ្ញៀវទេសចរបន្ថែមពីលើសម្រស់ដ៏ស្រស់ត្រកាល នៃប្រាសាទបុរាណនានា។

ទីដែលធ្លាប់ជាកន្លែងសម្រាកលម្ហែរ របស់ជនជាតិបារាំងនាសម័យអាណានិគម និងរបស់ប្រជាជនខ្មែរ ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភកាលពីមុន ខេត្តកែប “ធ្លាប់ជាខេត្ត Saint Tropez (ជាខេត្តជាប់មាត់សមុទ្ររបស់បារាំង) របស់កម្ពុជានាសម័យអាណានិគម និងមុនរបបខ្មែរក្រហម)” នេះបើតាមលោក Courtney Cader អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Saravoan Kep ដែលជាសណ្ឋាគារប៊ូទិក មានទីតាំងនៅចង្កេះភ្នំ ដែលអាចឱ្យគេមើលឃើញលម្ហរសមុទ្រនៅខាងក្រោមបាន។

លោក Courtney Cader បាននិយាយថា ប្រជាជនកម្ពុជាដែលមានជីវភាពធូរធារ បានសាងសង់វីឡាធំៗនៅទីនេះ សម្រាប់សម្រាកលម្ហែរនារដូវវិស្សមកាលរបស់ពួកគេ” ខណៈដែលបច្ចុប្បន្ននេះ វីឡាខ្លះ ត្រូវបានប្រែក្លាយទៅជាសណ្ឋាគារ ខ្លះត្រូវបានគេបោះបង់ចោលមានព្រៃដុះស៊ុបទ្រុប ដែលបង្កើតបានជាទស្សនីយភាព គួរឱ្យពិចពិលរមិលមើល។
អតីតព្រះបរមរាជវាំងក្នុងខេត្តកែប ត្រូវបានប្រែក្លាយជាសារមន្ទីរមួយ ដែលដាក់តាំងបង្ហាញនូវវត្ថុសិល្បៈ ដែលផ្តល់ការយល់ដឹងអំពីប្រវត្តិនៃព្រះរាជសកម្មភាព របស់ព្រះមហាក្សត្រខ្មែរនៅខេត្តនេះ ដែលបើកឱ្យមនុស្សម្នាចូលទស្សនាដោយសេរី។

ខេត្តកែបក៏ល្បីឈ្មោះផងដែរ ខាងមានអាហារសមុទ្រស្រស់ៗ ជាពិសេសក្តាមគឺសេះ។
លោក Cader បានពន្យល់ថា “អត្តសញ្ញាណរបស់កែប គឺផ្សារភ្ជាប់នឹងក្តាមសេះ”។ ភ្ញៀវទេសចរនាំគ្នាសម្រុកទៅផ្សារក្តាម ជាទីដែលពួកគេអាចរីករាយ ជាមួយនឹងអាហារដ៏ឆ្ងាញ់នេះ រួមជាមួយនឹងភោជនីយដ្ឋានចម្រុះជាច្រើន។

អ្នកដែលស្រឡាញ់ធម្មជាតិនឹងពេញចិត្ត ចំពោះឆ្នេរសមុទ្រប្រវែង ២,៧ គីឡូម៉ែត្រនៅក្នុងខេត្តនេះ រួមទាំងឧទ្យានជាតិ វាលស្រែអំបិល ព្រៃកោងកាង និងបណ្ដារូងភ្នំជាច្រើនកន្លែង។
លោក Cader បានបន្ថែមថា រៀងរាល់ចុងសប្តាហ៍មានការប្រគុំតន្ត្រីនៅកន្លែងផ្សេងៗគ្នា ដែលរៀបចំដោយក្រុម Kep Music City និង Art For Kep»។
