ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការអបអរសាទរប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅ ទស្សនាដ៏ល្បីបំផុតលើពិភពលោក។
ប្រាសាទអង្គរវត្តិ ស្ថិតក្នុងចំណោមគោលដៅល្បីៗបំផុតទាំង៣២ ដែលត្រូវបានចាត់ថ្នាក់ ដោយសារព័ត៌មានអាមេរិក U.S. News & World Report។
-->
សម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា ភ្ញៀវទេសចរអន្តរជាតិ សូមអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដែលជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏ទាក់ទាញសម្បូរបែប ជាអតីតមជ្ឈមណ្ឌលអរិយធម៌ខ្មែរបុរាណដ៏អស្ចារ្យ។

ជារឿយៗ ប្រាសាទអង្គរវត្ត តែងតែឈរលើកំពូលតារាងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ជាគោលដៅដែលភ្ញៀវទេសចរប៉ងប្រាថ្នាមកទស្សនាច្រើនជាងគេបំផុត ជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ-ថ្ងៃរៀបលិចដ៏ស្រស់ស្អាតបំផុត ពីស្ថាប័នអន្តរជាតិធំៗជាច្រើននៅជុំវិញពិភពលោក។
រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ គឺជាអតីតរាជធានីខ្មែរនាសម័យអង្គរជាង៦០០ឆ្នាំ (ស្រីយសោធរបុរៈ) ជាមជ្ឈមណ្ឌលអរិយធម៌ខ្មែរបុរាណដ៏រុងរឿង និងជាបេះដូងនៃមហាអំណាចកម្វុជទេសៈដ៏ធំធេង ដែលប្រៀបដូចជាទេពមហានគរនាអតីតកាល ខណៈបច្ចុប្បន្នពិភពលោកបានចាត់ទុកថា តំបន់រមណីយដ្ឋានអង្គរ គឺជាមហាសាសនាដ្ឋានធំជាងគេបំផុតនៅលើពិភពលោក គឺធំជាងសាសនាដ្ឋាននៅឥណ្ឌា អេហ្ស៊ីប ក្រិក រ៉ូម ចិន អឺរ៉ុប ឥណ្ឌូណេស៊ីជាដើម។
ចាប់ពីឆ្នាំ១៩៩២មក ប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានអង្គរ បានក្លាយជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ព្រមទាំងបានជំរុញឱ្យពិភពលោក ចូលរួមបង្កើនការការពារ និងផ្សព្វផ្សាយកាន់តែទូលំទូលាយ។
ក្នុងមួយឆ្នាំៗ តំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិមួយនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ- អន្តរជាតិរាប់លាននាក់ ដោយបាននាំចំណូល ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋានយ៉ាងសំខាន់៕
