ដោយនៅ វឌ្ឈនា
ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីបានអនុម័តគម្រោងវិនិយោគស្ថានីយអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យថ្មី២ថែមទៀត ដែលគម្រោងនីមួយៗមានអានុភាព៦០MW ហើយនឹងត្រូវសាងសង់នៅខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំងដោយក្រុមហ៊ុនSchnei Tec Co.,Ltd.។
ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានអនុម័តបន្ថែមអានុភាព២០MW លើគម្រោងផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ៦០MW នៅខេត្តកំពង់ស្ពឺ ដែលបានអនុម័តរួចកន្លងមក ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអគ្គិសនីនៅកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បញ្ជាក់អំពីកិច្ចខិតខំប្រេងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា។
នាពេលថ្មីៗនេះ គម្រោងផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យកម្លាំង៦០មេហ្គាវ៉ាត់ (MW) ក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីដំណាក់កាលដំបូងរបស់ខ្លួន។ គម្រោងនេះត្រូវបានប្រកាសដោយអគ្គិសនីកម្ពុជា នៅខែឧសភាឆ្នាំ២០១៨ ហើយបានចាប់ផ្តើម ដំណើរការសាងសង់នៅខែវិច្ឆិកាឆ្នាំ២០១៨។ ប្រការដែលគួរឱ្យកត់សម្គាល់គឺគម្រោងនេះ ត្រូវបានសាងសង់ក្នុងរយៈពេលខ្លី ពោលគឺប្រមាណតែ៥ខែ ហើយអាចចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីដល់បណ្តាញ រួមចំណែកក្នុងការកាត់បន្ថយកង្វះខាតថាមពលនាពេលបច្ចុប្បន្ននេះ។ គម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលទើបដាក់ឱ្យដំណើរការនេះ គឺជាស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ភ្ជាប់បណ្តាញទី២នៅកម្ពុជា បន្ទាប់គម្រោងទី១កម្លាំង១០MW ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី បានចាប់ផ្តើមប្រតិបត្តិការនៅបាវិតកាលពីឆ្នាំ២០១៨។
លក្ខណៈពិសេស នៃគម្រោងផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យគឺថា វាអាចផលិតអគ្គិសនីបានច្រើនបំផុតនៅពេលថ្ងៃក្តៅខ្លាំង ពោលគឺស្របគ្នានឹងពេលដែលមានតម្រូវការប្រើប្រាស់ខ្ពស់របស់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលការខ្វះខាតអគ្គិសនីអាចមានផលប៉ះពាល់អវិជ្ជមានច្រើនដល់ប្រតិបត្តិការ និងដំណើរការផលិតកម្ម។
អានុភាពសរុបនៃស្ថានីយអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យទាំងអស់ ដែលភ្ជាប់បណ្តាញ ហើយកំពុងប្រតិបត្តិការសាងសង់ ឬបានអនុម័តរួចហើយ ស្មើនឹង២១០MW ឬប្រមាណ១២%នៃបរិមាណអគ្គិសនីផលិតសរុប ដែលខ្ពស់ជាងតួលេខមធ្យមក្នុងបណ្តាប្រទេសអាស៊ាន ដែលមានតិចជាង១០%។ នៅពេលអនុវត្តពេញលេញ គម្រោងទាំងនេះអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ប្រមាណ២២០.០០០តោន ក្នុងមួយឆ្នាំ ឬ៤,៤លានតោន ក្នុងរយៈពេលអនុវត្តគម្រោង២០ឆ្នាំ។
លើសពីនេះ គម្រោងថាមពលពន្លឺព្រះអាទិត្យសរុបប្រមាណ៩០ MW កំពុងដំណើរការ ឬនៅក្នុងដំណាក់កាលសាងសង់នៅកម្ពុជា ដោយក្រុមហ៊ុនឯកជន ឬអង្គការមួយចំនួន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា គម្រោង១០MW នៅរោងចក្រស៊ីម៉ងត៍ជីបម៉ុង ៧,៥MW នៅរោងចក្រស៊ីម៉ងត៍កំពត ព្រមទាំងប្រព័ន្ធផលិតថាមពលអគ្គិសនីដោយពន្លឺអាទិត្យ ដែលតម្លើងលើដំបូលនៅក្រុមហ៊ុនកូកាកូឡា ISISteel អង្គរឌែរី និងសាលាអន្តរជាតិភ្នំពេញ (ក្រោមយន្តការឥណទានកាបូនរួមគ្នាជាមួយជប៉ុន)។ គម្រោងទាំងនេះអាចកាត់ បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ប្រមាណ៩៣.០០០តោន ក្នុងមួយឆ្នាំឬ១,៩ លានតោន ក្នុងរយៈពេល២០ឆ្នាំ។
ជាប្រទេសដែលស្ថិតនៅក្នុងតំបន់ក្បែរត្រូពិក កម្ពុជាមានសក្តានុពលថាមពលពន្លឺព្រះអាទិត្យដ៏ធំធេង។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃស្ថានីយអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យនាពេលថ្មីៗនេះនៅកម្ពុជា បានបើកនូវទំព័រថ្មីមួយរបស់វិស័យថាមពលជាតិ ក្នុងការឈានទៅសម្រេចបាននូវគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពទី៧ ក៏ដូចជាការរួមចំណែករបស់ជាតិ ក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ តាមរយៈការផលិតអគ្គិសនីស្អាតពីប្រភពកកើតឡើងវិញ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលអាចកើតមានបណ្តាលមក ពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលសម្រាប់ផលិតអគ្គិសនី។
ក្នុងខណៈដែលតម្លៃនៃបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ នៅទូទាំងពិភពលោកកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយប្រសិទ្ធភាពបច្ចេកវិទ្យានេះកាន់តែកើនឡើង ការផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យ កាន់តែមានភាពប្រកួតប្រជែង ហើយកាន់តែអាចរួមចំណែកច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ តាមរយៈការកាត់បន្ថយថ្លៃអគ្គីសនី ការកាត់បន្ថយការបាត់បង់ថាមពលនៅពេលបញ្ជូន ការពង្រឹងសន្តិសុខថាមពលជាតិ។ ការកាត់បន្ថយការបំពុលបរិស្ថាន ការកាត់បន្ថយចំណាយលើការនាំចូលឥន្ធនៈហ្វូស៊ីល និងការផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកាន់តែច្រើន។
ប្រការគួរឱ្យកត់សំគាល់មួយទៀតគឺថា បើធៀបជាមួយបច្ចេកវិទ្យាផលិតអគ្គិសនីផ្សេងៗទៀត ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អាចសាងសង់រួចក្នុងរយៈពេលខ្លី ដែលជាកត្តាសំខាន់បំផុត ក្នុងការឆ្លើយតបទៅនឹងកំណើន តម្រូវការថាមពលនៅរដូវប្រាំង៕