ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារទេសចរណ៍ឈានមុខគេ Agoda បានដាក់បញ្ចូលប្រាសាទអង្គរវត្តនៅខេត្តសៀមរាបរបស់ប្រទេសកម្ពុជាទៅក្នុងបញ្ជីឈ្មោះប្រាសាទក្នុងតំបន់អាស៊ាន ដែលត្រូវតែទៅទស្សនា(Must-visit)។
ទីភ្នាក់ងារ Agoda បានសរសេរថា ប្រាសាទបុរាណនានាក្នុងតំបន់អាស៊ាន មានសារៈសំខាន់ខាងវប្បធម៌ និងជាមជ្ឈមណ្ឌលសម្រាប់ការគោរពប្រណិប័តន៍ ការជួបជុំបែបសហគមន៍ និងចំណាប់អារម្មណ៍ចំពោះប្រវត្តិសាស្ត្រ។
ប្រាសាទទាំងនោះបានឆ្លុះបញ្ចាំងអំពីសាសនាចម្រុះ និងរចនាបថស្ថាបត្យកម្មតាំងពីសម័យបុរាណ ដែលបានកន្លងហួសទៅជាច្រើនសតវត្សមកហើយ ដោយផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពបេតិកភណ្ឌ និងប្រពៃណីដ៏ចម្រុះសម្បូរបែបនៅក្នុងតំបន់។
-->

ជាក់ស្ដែង ប្រាសាទអង្គរវត្តជាបូជនីយដ្ឋានសាសនាដ៏ធំបំផុតនៅទូទាំងពិភពលោក ដែលមានរូបចម្លាក់ដ៏អស្ចារ្យតាមប្រាង្គប្រាសាទ។ ប្រាសាទអង្គរវត្តជាសមិទ្ធិផលកំពូលខាងផ្នែកស្ថាបត្យកម្ម និងខាងដួងព្រលឹងរបស់អាណាចក្រខ្មែរ។នេះបើយោងតាមការលើកឡើងរបស់ទីភ្នាក់ងារ Agoda។
ចំណែក ប្រាសាទផ្សេងទៀតដែលបានជាប់ឈ្មោះក្នុងបញ្ជីរបស់ទីភ្នាក់ងារ Agoda រួមមានដូចជា ប្រាសាទ Batu Caves របស់ម៉ាឡេសុី ប្រាសាទ Borobudur របស់ឥណ្ឌូនេសុី ប្រាសាទ Wat Phra Kaew របស់់ថៃ និងប្រាសាទ Wat Xieng Thong របស់ឡាវ។
លោក Andrew Smith អនុប្រធានជាន់ខ្ពស់នៅទីភ្នាក់ងារ Agoda បានអះអាងថា “ការទស្សនាប្រាសាទទាំងនេះប្រៀបដូចជាការឈានជើងចូលទៅក្នុងពិភពមួយផ្សេងទៀត ដែលលាយបញ្ចូលគ្នារវាងប្រវត្តិសាស្រ្ត ស្មារតី និងសិល្បៈ”។

លោកបន្ថែមថា “ទីភ្នាក់ងារ Agoda មានក្តីរំភើបរីករាយក្នុងការក្លាយជាច្រកផ្លូវសម្រាប់អ្នកធ្វើដំណើរ ដែលមានបំណងទៅទស្សនាប្រាសាទដ៏អស្ចារ្យទាំងនេះ ដោយផ្តល់ជូននូវទីតាំងស្នាក់នៅដ៏ធំទូលាយ និងបទពិសោធន៍នៅតាមតំបន់មូលដ្ឋានដែលមិនអាចបំភ្លេចបាន”។
ទីភ្នាក់ងារ Agoda បានគូសបញ្ជាក់ថា នេះជាពេលវេលាដ៏ល្អមួយនៅក្នុងការរៀបចំផែនការបង្កើនបទពិសោធន៍ធ្វើដំណើររបស់លោកអ្នក ដែលផ្តល់ទាំងការយល់ដឹងអំពីវប្បធម៌ ក៏ដូចជាឱកាសមួយដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីខ្លួនឯង៕ប្រភព: Yahoo Finance៕
