ដោយៈ គង់ សូរិយា
ហ្វីលីពីនៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់វិនិយោគិនគ្រប់ទិសទីទាំងអស់ សូមអញ្ជើញមក ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយរាជរដ្ឋាភិបាលប្តេជ្ញាចិត្តជួយសម្របសម្រួល ធ្វើឱ្យការវិនិយោគទាំងនោះរលូន និងជោគជ័យ។
ការអំពាវនាវរបស់សម្តេចបវរធិបតី ធ្វើឡើងក្នុងអញ្ជើញជាអធិបតី និងថ្លែង សុន្ទរកថាគន្លឹះក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅប្រទេសហ្វីលីពីន នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានវិនិយោគិនចូលរួមសរុបចំនួន២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន។
-->
សម្តេចបានបញ្ជាក់ថា “ខ្ញុំសូមអញ្ជើញវិនិយោគិនពីគ្រប់ទិសទីទាំងអស់ មកស្វែងយល់អំពីកាលានុវត្តភាពដ៏សំបូរបែប នៅក្នុងទីផ្សារដែលកំពុងរីកលូតលាស់យ៉ាងឆាប់ ប្រកបដោយចីរភាព តាមរយៈយន្តការគាំទ្រ និងគន្លិះដ៏គ្រប់ជ្រុងជ្រោយ”។ សម្តេចបន្ថែមថា “រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាសម្របសម្រួល និងធ្វើឱ្យការវិនិយោគរបស់អ្នក ទទួលបាននូវបទពិសោធន៍ដ៏រលូន និងជោគជ័យ”។
នៅចំពោះមុខអ្នកវិនិយោគ និងពាណិជ្ជករហ្វីលីពីន សម្តេចបវរធិបតីបានថ្លែងអញ្ជើញអ្នកទាំងនោះមកកម្ពុជា ទាំងអ្នកដែលមិនធ្លាប់អញ្ជើញមកកម្ពុជា និងអ្នកធ្លាប់អញ្ជើញ សូមបន្តអញ្ជើញទៅកម្ពុជាបន្តទៀត។ សម្តេចថ្លែងថា អាស៊ីអាគ្នេយ៍មិនធំពេកទេ ប៉ុន្តែយើងមានទីផ្សារធំ យើងមានបេះដូងធំ។
កម្ពុជា ជាប្រទេសដែលពោរពេញទៅដោយសក្តានុពល សម្រាប់វិនិយោគជាច្រើនឥតគណនា សម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។
សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះ ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុIndex Score ៩៦.១១ លើ១០០។
លើសពីនេះ កម្ពុជាសម្បូរដោយកម្លាំងពលកម្ម ដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។
កម្ពុជាក៏បានធ្វើទំនើបកម្ម ហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាព ប្លែកពីគេសម្រាប់វិនិយោគ។
ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែម លើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញ ស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថល សម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ។
លើសពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលេចអំពីសក្តានុពលសំខាន់ៗចំនួន៦ចំណុច នៃការវិនិយោគនៅកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់វិនិយោគិនបរទេស ដែលចូលមកវិនិយោគនៅកម្ពុជា។
នៅឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួនជាង ៤០០គម្រោង ជាមួយនឹងទំហំវិនិយោគជិត៧ពាន់លានដុល្លារ កើនឡើងជាង៤០% បើធៀបនឹងឆ្នាំ២០២៣។
ស្របជាមួយនឹងកំណើននៃការទទួលបានទុនវិនិយោគនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចអំពីសក្តានុពល និងការផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ដែលរួមមាន ទី កម្ពុជាមានបរិយាកាសអំណោយផល និងការលើកទឹកចិត្ត តាមរយៈការកែទម្រង់ និងការកែសម្រួលបទបញ្ញត្តិ និងការផ្តល់ការលើកទឹកចិត្តពន្ធជាច្រើនដល់វិនិយោគិន។
ទី២. កិច្ចទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាល និងប្រជាជន ទំនាក់ទំនងបើកចំហរវាងវិនិយោគិន ដែលជាអទិភាពដ៏សំខាន់ ដែលធានាថា កង្វល់ទាំងអស់របស់វិស័យឯកជន និងវិនិយោគិន នឹងត្រូវបានលើកឡើង និងដោះស្រាយជាប់ជាប្រចាំ។
ទី៣. ទីតាំងយុទ្ធសាស្រ្ត និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយកម្ពុជាស្ថិតនៅទីតាំងយុទ្ធសាស្រ្ត នៅចំកណ្តាលនៃអាស៊ាន ដែលធ្វើឱ្យកម្ពុជា មានភាពកាន់តែល្អឥតខ្ចោះ ក្នុងការតភ្ជាប់ទីផ្សារ ខណៈរាជរដ្ឋាភិបាល បានអភិវឌ្ឍមន៍ហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក ដើម្បីងាយស្រួលដល់ការតភ្ជាប់។
ទី៤. លទ្ធភាពក្នុងការចូលទីផ្សារតំបន់ និងសាកលដ៏ទូលំទូលាយ តាមរយៈកិច្ចព្រមព្រៀងនានា ដូចជាកិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ និងអេមីរ៉ាតអារ៉ាប់រួមជាដើម។
ទី៥. សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ ដោយរាជរដ្ឋាភិបាលទទួលស្គាល់អំពីអំណាច បដិវត្តកម្មនៃឌីជីថលូបនីយកម្ម និងការផ្តល់អទិភាពដល់ការអភិវឌ្ឍន៍ ប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏រឹងមាំ។ ក្នុងន័យនេះសម្តេច បានលើកទឹកចិត្តដល់វិនិយោគិនហ្វីលីពិន ក្នុងការធ្វើជាភាពដៃគូរជាមួយកម្ពុជា ក្នុងការកសាងអនាគតឌីជីថលនៅកម្ពុជា។
ទី៦. ថាមពលប្រកបដោយចីរភាព និងកំណើនបៃតង ដោយកម្ពុជាមានការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍន៍ថាមពល ប្រកបដោយចីរភាព និងកំណើនបៃតង៕

