ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនបញ្ជាទិញធំៗនៅសហគមន៍អឺរ៉ុប បានបង្ហាញពីការព្រួយបារម្ភ ជាថ្មី ចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីអ្វីគ្រប់យ៉ាងលើកលែងអាវុធ ( EBA ) ដែលសហគមន៍អឺរ៉ុបផ្ដល់ជូនកម្ពុជានាពេលកន្លងមក។
អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) លោកបណ្ឌិតកាំង ម៉ូនីកាបានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី៨ មេសានេះថា GMAC ទទួលបានលិខិ តរបស់ក្រុមហ៊ុនទាំងនោះ និងផ្ញើជូនរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែលោកបានបញ្ជាក់ថា “វាគ្រាន់តែ ជាការបង្ហាញក្ដីបារម្ភ” ចំពោះអ្នកទិញផលិតផលពីកម្ពុជានាំចូលអឺរ៉ុបប៉ុណ្ណោះទេ ពីព្រោះនៅ ពេលដែលអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធនេះចេញ គឺពួកគេជាអ្នកខាត និងត្រូវបង់ថ្លៃនាំចូលទៅកាន់ទីផ្សារអឺរ៉ុប។
លោកបន្តថា “ការលើកឡើងនេះវាមិនខុសទេ ពីព្រោះពួកគេគឺជាអ្នកទិញ និងមានកាតព្វកិច្ចបង់ពន្ធ បើសិនជាអឺរ៉ុបតម្រូវអោយបង់ពន្ធ នូវទំនិញដែលចេញពីកម្ពុជា ដូច្នេះពួកគេតែងតែមានការព្រួយបារម្ភអញ្ចឹងហើយ”។ លោកបន្តថា សម្រាប់សមាគមរោងចក្រកាត់ដេរ នៅតែមានក្ដីរំពឹងខ្ពស់ថា EBA នឹងនៅតែបន្តផ្ដល់ជូនកម្ពុជា ហើយកម្ពុជាក៏មានក្រុមការងារបច្ចេកទេស ដើម្បីជួបចរចារជាមួយសហភាពអឺរ៉ុប ក្នុងការបន្តផ្ដល់ EBA ដល់កម្ពុជាបន្ថែមទៀតដែរ ។
លោកបន្តថា “អ្វីដែលខ្លាចបំផុតនោះ យើងខ្លាចតែអឺរ៉ុបមិនមែនយកលក្ខខណ្ឌការងារមកនិយាយ ដើម្បីដកប្រព័ន្ធអនុគ្រោះពន្ធទេ គឺខ្លាចសហគមន៍អឺរ៉ុបយកនយោបាយមកប្រឡូក ក្នុងការងារដកប្រព័ន្ធអនុគ្រោះពន្ធនេះ ពីព្រោះអឺរ៉ុបក៏លេងនយោបាយដែរ “។ លោកបន្ថែមថា “ពេលនេះយើងក៏មានក្រុមហ៊ុនច្បាប់នៅទីក្រុងប្រ៊ុចសែល ដើម្បីធ្វើកិច្ចការងារនេះដែរ ដែលក្រុមការងារនេះ អាចជួយកម្ពុជា ជជែកជាមួយសហភាពអឺរ៉ុបពីអ្វីដែលកម្ពុជាបានធ្វើកន្លងមក”។
នៅក្នុងលិខិតដែលក្រុមហ៊ុនបញ្ជាទិញផ្ញើជូនរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីក្ដីបារម្ភចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបហើយថា បើសិនជាបាត់បង់ វាក៏នឹងធ្វើអោយកម្មករ និយាយជិតមួយចំនួនត្រូវអត់ការងារ ហើយប្រឈមនឹងបញ្ហាមួយចំនួន នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
ទន្ទឹមនឹងការប្រឈមនឹងការបាត់បង់ EBA ពីអឺរ៉ុប កម្ពុជាក៏កំពុងស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត សម្រាប់ផលិតផលរបស់ខ្លួន ដូចជា កំពុងជំរុញការចរចារជាមួយកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ជាដើម។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ការព្រួយបារម្ភរបស់អ្នកបញ្ជាទិញជារឿងរបស់គេ តែអ្វីដែលរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលបានកែទម្រង់១៧ចំណុចកន្លងមកនេះ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជានៅតែមានកំនើនក្នុងរង្វង់៦,៥ភាគរយ ឬ៧ភាគរយដដែល។
លោកបន្តថា “បើសិនជា EBA ត្រូវដកចេញពីកម្ពុជាក៏ដោយ ក៏វាមិនធ្វើឲ្យប៉ះពាល់ដល់ទំហំសេដ្ឋកិច្ចរបស់យើងនោះទេ បើវាប៉ះពាល់ក៏ប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះ”។ លោកបន្តថា “ការធ្វើកំណែទម្រង់នេះ ក៏ជាកំលាំងចលករដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគមកកម្ពុជាបន្ថែមទៀត”៕






