តម្លៃអាផាតមុិននៅក្នុងទីក្រុងហ្សាការតារំពឹងបន្តកើនឡើងក្នុងរយៈពេល២ឆ្នាំខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្នុងរបាយការណ៍ថ្មីៗនេះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានព្យាករណ៍ថា តម្លៃ​អាផាតមុិន​នៅក្នុង​ទីក្រុង​ហ្សាការតា​របស់ប្រទេសឥណ្ឌូនេសុីនឹង​កើន​ឡើងចន្លោះពី១ភាគរយទៅ២ភាគរយនៅ​ក្នុងឆ្នាំ២០២៧ខាងមុខ។

កាលពីត្រីមាសទី៤ ឆ្នាំមុន តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហ្សាការតាបានកើនឡើងចំនួន០,១ភាគរយធៀបនឹងត្រីមាសទី៣ ដល់ទំហំទឹកប្រាក់ចំនួន៣៥,៧៣លានរូពៀ(ប្រហែលដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ក្នុងនោះ តម្លៃអាផាតមុិននៅតំបន់ភាគខាងត្បូងទីក្រុងហ្សាការតាបានកើនឡើងខ្ពស់ជាងគេបំផុត ស្របពេលដែលមានគម្រោងអភិវឌ្ឍន៍ជាច្រើនជាបន្តបន្ទាប់នៅក្នុងតំបន់នោះ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។

ដើម្បីធ្វើឱ្យគម្រោងអាផាតមុិនរបស់ខ្លួនកាន់តែមានភាពទាក់ទាញ បណ្តាអ្នកអភិវឌ្ឍន៍នានានៅឥណ្ឌូនេសុីកំពុងផ្តល់ការលើកទឹកចិត្តប្រកបដោយភាពច្នៃប្រឌិតជាច្រើន រួមមានដូចជា ការបំពាក់គ្រឿងសង្ហារិមដោយឥតគិតថ្លៃនៅក្នុងអាផាតមុិន និងការបញ្ចុះតម្លៃពិសេសជាដើម។

ការលើកទឹកចិត្តផ្សេងទៀតរួមមានដូចជា វិធីសាស្រ្តប្រព័ន្ធទូទាត់ ដែលអនុញ្ញាតឱ្យអតិថិជនអាចទិញអាផាតមុិននៅឆ្នាំនេះ ហើយទូទាត់ប្រាក់នៅឆ្នាំក្រោយ(Pay next year’ systems) និងការអនុញ្ញាតឱ្យអតិថិជនចូលទៅស្នាក់នៅអាផាតមុិន ដែលមានស្រាប់ជាបណ្តោះអាសន្ន មុនពេលអាផាតមុិន ដែលពួកគេទិញ ត្រូវបានសាងសង់រួចរាល់(Pre-Sale)។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers រំពឹងថា បណ្តាអ្នកអភិវឌ្ឍន៍នឹងចាប់ផ្តើមដំឡើងតម្លៃអាផាតមុិនរបស់ខ្លួននៅតំបន់ភាគខាងត្បូងនៃទីក្រុងហ្សាការតា។ ការណ៍នឹងនាំឱ្យតម្លៃ​អាផាតមុិន​ជាមធ្យមនៅទូទាំងទីក្រុង​ហ្សាការតា​​កើន​ឡើងនាពេលខាងមុខ៕ប្រភព: Real estate new asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here