ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ អាករលើតម្លៃបន្ថែម គឺជាអាករកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ អាករនេះត្រូវប្រមូលពីការប្រកបអាជីវកម្ម និងការនាំចូល។ បុគ្គលជាប់អាករគឺជា រូបវ័ន្តបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមហាជន ឬបុគ្គលណាមួយដែលមាន ផលរបរបានមកពីការផ្គត់ផ្គង់ ជាប់អាករលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី ត្រូវទៅចុះបញ្ជីអាករលើ តម្លៃបន្ថែមនូវនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។
យោងតាមអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ទម្រង់អតប១០១ គឺជាពាក្យស្នើសុំចុះបញ្ជីសម្រាប់បុគ្គលជាប់អាករ ហើយក៏អាចប្រើជាពាក្យស្នើសុំចុះបញ្ជីដោយស្ម័គ្រចិត្តផងដែរ។ ទម្រង់នេះ ត្រូវបានផ្តល់ជូនលោក/លោកស្រី ដោយនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។
លោក/ លោកស្រីត្រូវបំពេញទម្រង់នេះ និងផ្តល់នូវព័ត៌មានបន្ថែមនានា ទៅតាមការតម្រូវ ហើយយកទម្រង់នេះទៅដាក់ជូននាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធធំយ៉ាងយឺតបំផុតត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ពីខែដែលផលរបរ របស់លោក/លោកស្រី មានការកើនឡើងលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី។