រដ្ឋបាលទីក្រុងហុងកុងកំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរណ៍មកពីតំបន់អាស៊ាន រួមទាំងកម្ពុជា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ថ្នាក់ដឹកនាំកំពូលនៃតំបន់រដ្ឋបាលពិសេសក្រុងហុងកុងលោក John Lee បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តធ្វើឱ្យទីក្រុងមួយនេះក្លាយជាគោលដៅទាក់ទាញបណ្តាវិនិយោគិន និងភ្ញៀវទេសចរណ៍មកពីតំបន់អាស៊ាន ជាពិសេសប្រជាជនមូស្លីម។

ដើម្បីសម្រេចបានគោលដៅនេះ រដ្ឋបាលហុងកុងបានដាក់ចេញវិធានការមួយចំនួន រួមមានដូចជា ការកែសម្រួលនីតិវិធីអន្តោប្រវេសន៍ និងបង្កើតម្ហូបអាហារហាឡាល់កាន់តែច្រើនបន្ថែមទៀត។

លោក John Lee ក៏បានផ្តោតទៅលើការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាមួយប្លុកអាស៊ានផងដែរ។ លោកបញ្ជាក់ថា “យើងកំពុងពិភាក្សាជាមួយរដ្ឋាភិបាលម៉ាឡេស៊ីស្តីពីការបើកការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទី៤របស់ទីក្រុងហុងកុងនៅក្នុងតំបន់អាស៊ាន”។

លោក Lee បានលើកឡើងពីការបន្ធូរបន្ថយលក្ខណៈវិនិច្ឆ័យលើការផ្តល់ទិដ្ឋាការដល់ប្រជាពលរដ្ឋកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និងបានសម្រេចពន្យារសុពលភាពទិដ្ឋាការដល់ចំនួន៣ឆ្នាំសម្រាប់ពលរដ្ឋមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង៤នេះ។

លោក Lee បានបន្តថា “យើងក៏នឹងកែសម្រួលនីតិវិធីអន្តោប្រវេសន៍សម្រាប់ភ្ញៀវទេសចរណ៍អាស៊ាន ដែលបានចូលរួមចំណែកក្នុងសកម្មភាពធុរកិច្ច ការអភិវឌ្ឍន៍ និងសកម្មភាពពាក់ព័ន្ធនានាផ្សេងទៀតនៅក្នុងទីក្រុងហុងកុង”។

លោកបញ្ជាក់បន្ថែមថា “យើងកំពុងចងក្រងបញ្ជីភោជនីយដ្ឋាន ដែលផ្តល់ជូននូវជម្រើសម្ហូបអាហារបែបហាឡាល់ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរណ៍អាស៊ានទទួលបានផាសុកភាពនៅក្នុងទីក្រុងហុងកុង”។

កាលពីឆ្នាំ២០២៤កន្លងទៅ ទីក្រុងហុងកុងទទួលបានភ្ញៀវទេសចរណ៍ប្រមាណ៤៤,៥លាននាក់ កើនឡើង៣១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here