ដោយៈ គង់ សូរិយា
សៀមរាបៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះខេត្តសៀមរាប ដែលនៅដើមឆ្នាំ២០២៥នេះ ទទួលបានភ្ញៀវទេសចរច្រើន ជារៀងរាល់ថ្ងៃមកដើរកម្សាន្ត និងទស្សនាតំបន់ទេសចរណ៍នានា ដែលជាចលករមួយជួយដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
ការថ្លែងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
-->
សម្តេចបវរធិបតីបានថ្លែងថា វិស័យទេសចរណ៍ គឺជាវិស័យដែលមានសក្តានុពលធំមួយ ដែលអាចជំរុញកំណើន និងតភ្ជាប់ឱកាសសម្រាប់វិស័យផ្សេងៗឱ្យកាន់តែរីកចម្រើន។

សម្តេចបវរធិបតីបានមានប្រសាសន៍ថា ការទាក់ទាញបាននូវភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិនេះ ច្រើនជារៀងរាល់ថ្ងៃនេះ គឺដោយសារកត្តាសុខសន្តិភាព និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ព្រោះតំបន់ទេសចរណ៍ប្រសិនបើអសន្ដិសុខ មិនអាចមានភ្ញៀវទេសចរមកនោះទេ។
ទន្ទឹមគ្នានេះ សម្ដេចបវរធិបតីបានកោតសរសើរ ដល់សមត្ថកិច្ចខេត្តសៀមរាប ដែលរក្សាបាននូវសន្តិសុខបានយ៉ាងល្អប្រសើរ និងធ្វើឱ្យខេត្តមានអនាម័យ មានសណ្តាប់ធ្នាប់ល្អ ផ្តល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរដែលមកដើរកម្សាន្ត។ ជាមួយគ្នានេះ ភាពរួសរាយរាក់ទាក់ ភាពកក់ក្តៅរបស់ប្រជាជនពលរដ្ឋកម្ពុជា ក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ដូច្នេះហើយយើងត្រូវរួមគ្នាផ្សព្វផ្សាយចំណុចល្អរបស់យើងឱ្យបានច្រើន និងបង្កើតផលិតផលទេសចរណ៍បន្ថែមទៀត ដើម្បីឱ្យអ្នកមកពិត មកម្តងហើយ ចង់មកម្តងទៀត។ សម្តេចបានគូសបញ្ជាក់បន្ថែមថា “ការមកផ្ទាល់ឃើញផ្ទាល់នេះហើយ ដែលយើងត្រូវចាំបាច់ធានាឱ្យបាននូវទស្សនៈ និងការស្រលាញ់រាប់អាន ព្រោះគេនឹងទៅផ្សព្វផ្សាយបន្តទៀត ដើម្បីបញ្ជាក់ការពិតនៅកម្ពុជា ដែលកម្ពុជាក្លាយទៅជា គោលដៅទេសចរណ៍ក្នុងកម្រិតកំពូល តាមរយៈការវាយតម្លៃប៉ុន្មានស្ថាប័នប៉ុន្មានប្រទេស។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦.៧លាននាក់ ក្នុងនោះខេត្តសៀមរាប ទទួលបានភ្ញៀវអន្តរជាតិប្រមាណជាង១លាននាក់ ទទួលបានចំណូល ប្រមាណ៤៧,៨២៦, ៩៨១ដុល្លារអាមេរិក កើនជាង២៨ភាគរយ បើធៀបឆ្នាំ២០២៣។
ដោយឡែក ក្នុងខែដំបូងនៃឆ្នាំ២០២៥នេះ ភ្ញៀវទេសចរដែលបានទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស មានចំនួន១៤៦,១៤០នាក់ កើន២៦.៤៩% និងទទួលបានចំណូល៦,៩០៣,៣៨០ដុល្លារអាមេរិក កើនឡើង ២៥.៥៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤៕
